Saturday, September 20, 2025
Homeតារាខ្មែរសួស វីសា ពន្យារពេលក្រេបចន្ទទឹកឃ្មុំ ៨ប្រទេស នៅប៉ែកអឺរ៉ុប

សួស វីសា ពន្យារពេលក្រេបចន្ទទឹកឃ្មុំ ៨ប្រទេស នៅប៉ែកអឺរ៉ុប

គម្រោងសួស វីសា ដឹកដៃប្តីលោកប៊ុនថុល ប៊ុនថង ហៅថមមី  ទៅក្រេបចន្ទទឹកឃ្មុំនៅប៉ែកអឺរ៉ុប ដល់ទៅ៨ប្រទេស មានបារាំង, អាឡឺម៉ង់, ស្វីស ជាដើមនោះ ត្រូវបានពន្យារ ពេលមួយអន្លើសិន ដោយក្រោយរៀបហើយ ភ្លាមៗនេះ វីសា បានបណ្តើរស្វាមីទៅសាសងស្នេហ៍នៅកំពង់សោម ឆ្នេរកោះឋានសួគ៌ និងទៅកោះអណ្តែតទឹក នៅខេត្តកោះកុង។

តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានជិះរថយន្តទំនើបតម្លៃជាង២០ម៉ឺនដុល្លារ Lexus LX Kuro 2020 ពណ៌ខ្មៅ យ៉ាងហ៊ឺហា ទៅកៀកកើយស្វាមីនៅលើកោះ ចំខែកត្តិក ខ្យល់បក់ត្រជាក់ល្ហឹមបែបនេះ ធ្វើឱ្យពួកគេឱបគ្នាកាន់តែស្អិតល្មួតតែម្តង។

តាមព័ត៌មានថា ក្រោយក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុ នេះហើយ សួស វីសា នឹងនាំស្វាមីលោកថមមី ហោះទៅដើរលេងនៅប៉ែកអឺរ៉ុប ជាបន្តទៅទៀត ហើយពួកគេនឹងរៀបគម្រោងយកកូនប្រើភ្លាមៗតាមការសន្យា ដែលមិនមែនចង់បានកូនភ្លោះ២ដូចនាយក្រឹម  ឬកូន៣ ដូចឱក សុគន្ធកញ្ញា នោះទេ តែចង់បានកូនដល់ទៅ៦នាក់ឯណោះ។

គួរបញ្ជាក់ថា សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដឺព្រីមៀរសេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយធ្វើ ពិធីជប់លៀង២អគារបញ្ចូលគ្នា គឺ E&F និងរៀបចំទទួលភ្ញៀវ១២០តុ ចំណាយលុយអស់ជាង២០ម៉ឺនដុល្លារ។

មង្គលការតារាចម្រៀងមកពីខេត្តស្វាយរៀង សួស វីសា ម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” នេះ ត្រូវបានគេសន្និដ្ឋានថា រៀបចំមិនចាញ់មង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នោះឡើយ។

សួស វីសា និងស្វាមី និយាយស្របគ្នានៅថ្ងៃរៀបការថា ពួកគេត្រូវតែរៀបការនៅឆ្នាំនេះ ព្រោះមនុស្សម្នាក់ៗមិនអាចរស់នៅក្នុងក្តីសុបិនអស់មួយជីវិតបានទេ គឺត្រូវតែធ្វើឱ្យសុបិនក្លាយទៅជាការពិតតែម្តង។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើវីសា នឹងហ៊ានពពោះយកកូនភ្លាមៗដូច សុគន្ធកញ្ញា ដែរឬយ៉ាងណា? ខណៈមុនក្រាបផ្ទឹមនេះ នាងថា មានការបារម្ភខ្លះៗដែរចំពោះការប្រែប្រួលទីផ្សារសិល្បៈ ព្រោះអាចប្រឈមធ្លាក់ទីផ្សារទាំងប្តីប្រពន្ធខ្លះៗ ដោយចៀសមិនផុតទេ៕

RELATED ARTICLES