មាស សុខសោភា បានអាក់ខានចូលរួមមង្គលការមិត្តសម្លាញ់ ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ដោយសារនាងជាប់ច្រៀងសម្តែងនៅប្រទេសកាណាដា រយៈពេល៦ខែ ទើបវិលវិញនៅចុងឆ្នាំ២០១៩នេះ ហើយសោភា បានទៅចូលរួមមង្គលការលោកប៉ែន ចំរ៉ុង និងបានថ្លែងសារអបអរសាទរដល់ចំរ៉ុង ផង ឡើងច្រៀងផង។

ប៉ុន្តែនៅពេលដែលត្រូវមិត្តភក្តិសួរនាំរឿងពេលណានាងចូលរោងការនោះ សោភា នៅតែខ្លាចក្នុងការកំណត់រឿងចូលរោងការច្បាស់លាស់ដដែល ទើបធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះនៅតែគិតថា សោភា ខ្លាចរោងការដោយសារតែនាងភ័យខ្លាចអាជីពសិល្បៈរបស់នាងប្រែប្រួលប្រឈមធ្លាក់កូដក្រោយការប្តី។

យ៉ាងណា មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងពិតជាមិនអាចកំណត់ពេលវេលាចូលរោងការថាធ្វើបាននៅពេលណាឡើយ។
សោភា បន្តថា មិនមែនជារឿងបារម្ភខ្លាចធ្លាក់កូដក្រោយរៀបការប្តីនោះទេ ព្រោះថាពេលនេះ អ្នកណាៗក៏ដឹងថា នាងកំពុងរស់នៅជាមួយអ្នកណាដែរ ប៉ុន្តែការមិនកំណត់រឿងចូលរោងការច្បាស់លាស់នេះដោយសារតែនាងត្រូវការពេលវេលាសមស្របមួយ។

ថ្វីត្បិតតែមាស សុខសោភា ហាក់នៅរារែកចិត្តរឿងចូលរោងការ ដោយនាងថា រង់ចាំពេលវេលាសមស្របណាមួយមែន ប៉ុន្តែមហាជនបានលើកឡើងថា រយៈពេល១១ឆ្នាំហើយដែលសោភា បានស្វែងយល់ចិត្តគ្នាជាមួយលោករ៉ាដា តើត្រូវការប៉ុន្មានឆ្នាំទៀតទៅ ទើបនាងគិតថាគ្រប់គ្រាន់ ឬច្បាស់លាស់ជាមួយគ្នានោះ ? ព្រោះពេលនេះមិត្តភក្តិរបស់នាងមួយចំនួននាំគ្នារៀបការចោលនាងអស់ទៅហើយ។

ប៉ុន្តែទោះជាមានការលើកឡើងបែបនេះក្តី ក៏សោភា នៅតែមិនប្តូរជំហរទេ គឺមិនចង់ចូលរោងការឆាប់ៗដូចមិត្តរួមអាជីពឡើយ។
មាស សុខសោភា បានបែកធ្លាយរឿងស្នេហាជាមួយអាណិកជនខ្មែរនៅកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៨ ហើយដោយសារមានរូបភាពស្នេហាស្រើបស្រាលជ្រុលបន្តិចនោះ សោភា ក៏ប្រកាសថា នាងនឹងរៀបការនៅឆ្នាំ២០០៩ ដោយថែមទាំងបានថតរូប Pre Wedding ទៀតផង។

ប៉ុន្តែគួរឱ្យស្តាយនៅពេលដែលសោភា ត្រៀមចែកធៀបការទៅហើយ ចុងក្រោយនាងក៏ផ្លាស់ប្តូរចិត្តវិញ ហើយលុបគម្រោងរៀបការចោលយ៉ាងទាន់ហន់ទៅវិញ ដោយពន្យារពេលរៀបការ១០ឆ្នាំទៅហើយ ក្រោយមានមិត្តភក្តិឱ្យយោបល់ថា បើនាងរៀបការនឹងប្រឈមការធ្លាក់កូដដូចតារាមួយចំនួនដែលរៀបការប្តីនោះ។
សោភា ខ្លាចរោងការហើយនាងបានត្រឹមតែជូនពរមិត្តភក្តិក្នុងថ្ងៃរៀបការ ប៉ុន្តែនាងពិបាកឆ្លើយនៅពេលដែលត្រូវពួកគេសួរបញ្ច្រាសវិញថា តើពេលណាដល់វេននាងរៀបការវិញម្តងនោះ។

គួរបញ្ជាក់ថា ក្រោយវិលត្រឡប់មកពីកាណាដា មាស សុខសោភា រំភើបចិត្តក្រៃលែងនៅពេលដែលនាងមានឱកាសជ្រើសរើសជាតារាតំណាងឱ្យកម្ពុជា ច្រៀងកម្មវិធី ASEAN Fantasy ២០១៩ ដែលប្រារឰនៅទីក្រុងឆាងវ៉ុន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សោភា បានចាត់ទុកថា ការបំពេញបេសកកម្មរបស់នាងចប់មួយនេះ គឺធ្វើឱ្យនាងធូរចិត្តច្រើន ព្រោះកម្មវិធីនោះជាវេទិកាធំ ហើយសម្រាប់រូបនាងជាលើកទី១ផងដែរ៕