Saturday, September 20, 2025
Homeតារាខ្មែរកែវ សីហា ខកគម្រោងនាំប្តីទៅលេងកន្លែងបង្គោលភ្លើងសាងស្នេហ៍

កែវ សីហា ខកគម្រោងនាំប្តីទៅលេងកន្លែងបង្គោលភ្លើងសាងស្នេហ៍

ពិធីការិនីកែវ សីហា អាយុ២៦ឆ្នាំ បានក្លាយទៅជាភរិយា ស្របច្បាប់របស់លោកដុកទ័រ ហឹង សត្យា អាយុ៣០ឆ្នាំទៅហើយ ក្រោយពីពួកគេចំណាយលុយ១០ម៉ឺនដុល្លារ រៀបការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កែវ សីហា វាចាថា នាងអាក់ខានគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅកូរ៉េ ហេតុនេះហើយត្រូវ នាំប្តីដើរលេងក្នុងស្រុកតាមឆ្នេរសមុទ្រនិងកោះវិញ ហើយនាងមានបំណងចង់បានកូន៣នាក់ក្នុងគ្រួសារ…។

កែវ សីហា រំភើបរហូតដល់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនឡើយ នៅពេលដែលនាងសម្រេចចិត្តលាភាពនៅលីវត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈការរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ ដែលធ្វើពិធីជប់លៀងធំនៅអគារ D ដឺព្រេមៀរសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កែវ សីហា វាចាថា “ខ្ញុំធ្លាប់រស់នៅជាមួយឪពុកម្តាយ អ៊ីចឹងពេលការហើយទៅនៅតាមប្តី ត្រង់ហ្នឹងហើយដែលខ្ញុំទប់ទឹកភ្នែកមិនបាន។ មង្គលការរបស់ខ្ញុំធ្វើ៨០តុ ហើយ ការចំណាយកម្មវិធីទាំងមូលអស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ មូលហេតុដែលខ្ញុំសម្រេចចិត្តរៀបការជាមួយស្វាមីដោយសារតែគាត់ជាបុរសម្នាក់ដែលយល់ចិត្តខ្ញុំច្បាស់ណាស់ ហើយយើងស្រលាញ់គ្នាជាង៩ឆ្នាំហើយ និងបានភ្ជាប់ពាក្យ៣ឆ្នាំមុនរៀបការ”។

ចំណែកលោកហឹង សត្យា ថ្លែងថា “ខ្ញុំស្រលាញ់គាត់ (សីហា) គ្រប់កន្លែងទាំងអស់តែម្តង។ ខ្ញុំនៅតែឱ្យគាត់លេងសិល្បៈដដែល បើគាត់ស្រលាញ់អាជីពនេះ”។

កែវ សីហា ជាពិធីការិនីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កម្មវិធី “ដើមភូមិចុងភូម” , តន្ត្រី ”Happy Freshie Concert” ហើយកន្លងមកនាងធ្លាប់ថត MV បទល្បីៗដូចជាបទ “កន្លែងនេះ” របស់លោកខាន់ ជែមស៍ និងបទ “មនុស្សអាក្រក់ជាងគេលើលោក គឺបង” របស់ខេមរៈ សិរីមន្ត ជាដើម។

នៅពេលត្រូវសួររឿងគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ និងយកកូនប្រើនោះ សីហា បានប្រាប់ថា នាងមិនយកកូនឆាប់ៗនោះទេ គឺអាចនៅឆ្នាំក្រោយៗវិញ ព្រោះឆ្នាំនេះជាប់រៀបចំផ្ទះសម្បែងដែលត្រូវទិញផ្ទះថ្មីមួយនៅជាមួយស្វាមី។

ចំណែករឿងទៅក្រេបចន្ទទឹកឃ្មុំនោះ នាងថា បានខកគម្រោងចេញទៅប្រទេសកូរ៉េខាងត្បូង ទៅហើយ ព្រោះទិញសំបុត្រយន្តហោះមិនទាន់។

កែវ សីហា ប្រាប់ថា “ខ្ញុំចង់នាំស្វាមីទៅកម្សាន្តក្រេបទឹកឃ្មុំហ្នឹង នៅប្រទេសកូរ៉េ ព្រោះខែនេះនៅហ្នុងមានធ្លាក់ព្រិល ហើយចង់ទៅលេងកន្លែងបង្គោលភ្លើងសាងស្នេហ៍។ ប៉ុន្តែទិញសំបុត្រយន្តហោះមិនទាន់ ព្រោះគេថាបើចង់ទៅកូរ៉េ ទាល់តែទិញសំបុត្រមុនឱ្យបាន១ឬ២ខែមុន អ៊ីចឹងខកហើយ។ ខ្ញុំសម្រេចចិត្តមិនទាន់ចេញទៅលេងប្រទេសណាផ្សេងទេ គឺនាំប្តីនិងក្រុមគ្រួសារដើរលេងតំបន់ទេសចរណ៍ក្នុងស្រុកវិញតាមមាត់សមុទ្រនិងកោះ”។

សីហា បន្ថែមថា​ ចំណែករឿងយកកូនវិញ ខ្ញុំចង់បានកូន៣នាក់ ប្រុសក៏បានស្រីក៏បាន ប៉ុន្តែឆ្នាំនេះ យើងមិនទាន់អាចយកកូនបានភ្លាមៗទេ ព្រោះជាប់រៀបចំផ្ទះសម្បែងសិន ដោយសារខ្ញុំនិងប្តីត្រូវទិញផ្ទះ១ឱ្យបាន និងរៀបចំឱ្យល្អសិន”៕

RELATED ARTICLES