មុននេះ តារាចម្រៀងសេន យូរី ហៅយូរី បានអះអាងថារឿងដែលមហាជនគ្រប់គ្នាថា នាងជាសង្សាររបស់លោកប៊ីម៉ូ ជាការយល់ច្រឡំទេ ព្រោះទំនាក់ទំនងនាងជាមួយប្រុសក្មេង គ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ គឺដូចកាលគេធ្លាប់ផ្គូរផ្គងថា នាងមានស្នេហាជាមួយតារាចម្រៀងអាន គុណកូឡា ដែរ។

ប៉ុន្តែក្រោយការប្រកាសមិនទាន់រួចផុតពីមាត់ផង ស្រាប់តែពេលនេះ យូរី និង ប៊ីម៉ូ កាន់តែមានភាពស្អិតល្មួតជាមួយគ្នាថែមទៀត ដូចជាថ្មីៗនេះ ពួកគេបានបណ្តើរគ្នាទៅចូលរួមមង្គលការបស់លោកប៉ែន ចំរ៉ុង ដូចប្តីប្រពន្ធអ៊ីចឹង។

សិល្បកររួមអាជីពចង់ឃើញយូរី ដឹកដៃប្រុសសង្ហា ប៊ីម៉ូ រៀបការជាចំហ ប៉ុន្តែរាល់លើកនៅពេលដែលសួររឿងរៀបការ យូរី ថា នាងមិនទាន់គិតត្រៀមខ្លួនគ្រងឈុតកូនក្រមុំនោះឡើយ។

យូរី ថា ពេលនេះនាងផ្តោតតែលើអាជីពចម្រៀង និងការធ្វើមុខជំនួញច្រើនជាងគិតលើរឿងរៀបការ។
គួរបញ្ជាក់ថា យូរី ធ្លាប់មានសង្សារជាអ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មសាន់ដេ លោករ៉េត ប៉ុន្តែក្រោយចែកផ្លូវគ្នាទាំងចម្រូងចម្រាសនោះ យូរី ត្រូវសង្សារចាស់ហែករឿងស្នេហ៍ជាមួយប៊ីម៉ូហើយលោករ៉េត បានរៀបការជាមួយនារីម្នាក់ក្រៅរង្វង់សិល្បៈ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ទៅហើយ។

ចំណែកយូរី វិញ កាន់តែមានឱកាសសាសងស្នេហ៍ជាមួយលោកប៊ីម៉ូ ជាចំហ ដោយមានឪពុកម្តាយទាំងសងខាងដឹងឮ និងគាំទ្រពួកគេទៀតផង។ ប៉ុន្តែយូរី ធ្លាប់និយាយថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នេះ នាងផ្តោតទៅលើការធ្វើជំនួញច្រើនជាង ព្រោះអាជីពសិល្បៈគ្មានអ្វីឋិតថេរទេ។

យូរី ប្រាប់ថា បានត្រៀមចំណាយលុយជាង១០ម៉ឺនដុល្លារ នាំយកផលិតផលគ្រឿងសម្អាងផ្ទាល់ពីប្រទេសកូរ៉េ និងជប៉ុន មកលក់នៅស្រុកខ្មែរ។ ប៉ុន្តែយ៉ាងណា នាងមិនបោះបង់អាជីពចម្រៀងឡើយគឺ នៅតែបន្តទន្ទឹមគ្នានឹងមុខជំនួញ។

ក្រៅពីយូរី ដែលសម្រេចចិត្តចោលស្នេហ៍មន្ត្រីធំៗមកភ្ជាប់ស្នេហ៍ជាមួយប៊ីម៉ូ នៅមានតារាចម្រៀង ទេព បូព្រឹក្ស ម្នាក់ទៀត ដែលជ្រើសស្នេហ៍លោកងួន ចាន់ដេវីត ហើយពេលនេះពួកគេរស់ក្រោមដំបូលតែមួយ តែមិនទាន់រៀបការដូចគ្នា៕
