Sunday, September 21, 2025
Homeតារាខ្មែរផលិតកម្មមហាហង្ស ទទួលបានសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំជាប់គ្នា

ផលិតកម្មមហាហង្ស ទទួលបានសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំជាប់គ្នា

ផលិតកម្មមហាហង្ស ដែលធ្លាប់តែមានជំនាញផលិតភាពយន្តនោះ ពេលនេះបានទទួលសិទ្ធិពីលោក Nawat  Itsaragrisil ដែលជា CEO Of Miss Grand International  ដើម្បីរៀបចំកម្មវិធីប្រកួត Miss Grand Cambodia រយៈពេល៤ឆ្នាំជាប់គ្នា គឺពីឆ្នាំ២០២០ដល់២០២៣។

លោក Nawat និងលោកអ៊ិន សុភិន បានលេចមុខនៅកម្មវិធីសន្និសីទកាសែតនៅផ្ទះវីឡារបស់ថៅកែ ផលិតកម្មមហាហង្ស នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី Saibua Jaengkrajang អ្នកគ្រប់គ្រង Nagngam និង Miss Grand មកពីប្រទេស Venezuela កញ្ញា Lourdes Valentina Figueran Morales និង Miss Grand មកពីប្រទេស Thailand កញ្ញា Arayha Suparurk។

លោក Nawat ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand International បានឱ្យដឹងថា មូលហេតុដែលលោកបានផ្តល់សិទ្ធិទៅឱ្យផលិតកម្មមហាហង្ស រៀបចំកម្មវិធី Miss Grand Cambodia ៤ឆ្នាំជាប់គ្នានោះ ដោយសារតែលោកមានទំនុកចិត្តជាមួយក្រុមការងារមួយនេះ ថាអាចធ្វើកិច្ចការនេះបានយ៉ាងល្អដើម្បីជ្រើសរើសអ្នកដែលមានសមត្ថភាពទៅឆាកអន្តរជាតិ លើកស្ទួយស្ត្រីខ្មែរ និងទំនៀមទម្លាប់វប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ។

លោកបន្តថា លោកមានការអាក់អន់ចិត្តនឹងក្រុមហ៊ុនមួយដែលមិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅលើឆាកអន្តរជាតិទេ កាលពីពេលថ្មីៗនេះ ហេតុនេះហើយលោកត្រូវតែផ្តល់សិទ្ធិឱ្យដៃគូថ្មីជាអ្នករៀបចំ គឺផលិតកម្មមហាហង្ស។

ដោយឡែក លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស វិញ បានបង្ហាញទឹកមុខរីករាយចំពោះការទទួលបានសិទ្ធិធ្វើជាអ្នករៀបចំកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំជាប់គ្នានេះ។

លោកសុភិន ថ្លែងថា លោកនឹងចាប់ផ្តើមទទួលពាក្យបេក្ខនារីចូលរួមប្រកួតកម្មវិធីនេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះហើយ។ ទោះជាការងារនេះជាជំហានថ្មីសម្រាប់លោកមែន ប៉ុន្តែលោកមិនមានការបារម្ភច្រើនទេ ដោយនឹងបញ្ជូនកូនចៅឱ្យទៅសិក្សាការរៀបចំពីម្ចាស់ដើមបន្ថែមទៀតនៅថៃ។

លោកអះអាងដែរថា នឹងធ្វើការងារនេះឱ្យបានល្អរយៈពេល៤ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០, ២០២១, ២០២២ និង២០២៣។

នៅក្នុងពិធីចុះហត្ថលេខារវាងលោក អ៊ិន សុភិន និងលោក Nawat នោះ មានអ្នកសារព័ត៌មាន និងតារាសិល្បករជាច្រើនបានចូលរួមផងដែរ៕

RELATED ARTICLES