Sunday, September 21, 2025
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា មិនប្រាថ្នារៀបការនៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយបុរសនៅបារាំង

អ្នកនាងម៉េង កែវពេជ្ជតា មិនប្រាថ្នារៀបការនៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយបុរសនៅបារាំង

អ្នកនាងម៉េង កែវពេជ្ជតា បានសារភាពថា ពេលនេះ អ្នកនាងមានគូស្នេហ៍ថ្មីហើយ ជាបុរសរស់នៅប្រទេសបារាំង ហើយគាត់គឺជាអ្នកធានាកូនទាំងពីររបស់នាង កូនប្រុសឈ្មោះម៉េង ពេជ្ររតនៈ និងកូនស្រីឈ្មោះម៉េង ពេជ្ជតាសង្វាពេជ្រ ឱ្យទៅបន្តការសិក្សានៅប្រទេសបារាំង…។

ការទម្លាយប្រាប់ពីការមានគូស្នេហ៍ថ្មីរបស់អ្នកនាងពេជ្ជតា បែបនេះ ក្រោយពេលដែលអ្នកនាងបានរស់នៅជីវិតជាស្ត្រីមេម៉ាយអស់រយៈពេលជាង៨ឆ្នាំ ក្រោយលែងលះ ជាមួយលោកមួង ឃីម កាលពីឆ្នាំ២០១១ ខណៈដែលឆ្នាំមុនអ្នកនាងធ្លាប់ត្រូវបានស្រីម្នាក់រស់នៅបារាំង ធ្លាប់ចោទប្រកាន់ថា អ្នកនាងកែវពេជ្ជតា ភ្ជាប់ស្នេហ៍ជាមួយឪពុករបស់គេ ទាំងបុរសនោះនៅរស់នៅជាមួយម្តាយនាងនៅឡើយ។

អ្នកនាងម៉េង កែវពេជ្ជតា បញ្ជាក់បន្ថែមដែរថា នាងនឹងឱ្យកូនប្រុសស្រីទាំងពីរប្រឹងប្រែងរៀនសូត្រនៅប្រទេសបារាំង ហើយពេលសិក្សាចប់មកបម្រើការនៅស្រុកវិញ ហើយពួកគេអាចចាប់អាជីពសិល្បៈទៅតាមទេពកោសល្យរបស់គេ។ ចំពោះការមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់នៅពេលនេះ ដោយសារតែគូស្នេហ៍​នាងចង់ឱ្យរៀបការរួច ចេញទៅរស់នៅប្រទេសបារាំង ទើបធ្វើឱ្យនាងពិបាកសម្រេចចិត្ត ព្រោះមិនអាចចោលអាជីពសិល្បៈបានឡើយ។

អ្នកនាងបន្ថែមថា ចំពោះស្រីម្នាក់ដែលធ្លាប់ចោទប្រកាន់រឿងស្នេហាមកលើនាងកាលពីឆ្នាំមុននោះ នាងបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរបារាំង រួចហើយ ព្រោះរឿងនោះជាការមួលបង្កាច់នាងតែម្តង។

យ៉ាងណា អ្នកនាងម៉េង កែវពេជ្ជតា ប្រាប់ថា មិនទាន់មានពិធីរៀបការ ឬជប់លៀងក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែអ្នកនាងគ្រោងនឹងធ្វើពិធីមួយទាំងនៅស្រុកខ្មែរនិងបារាំង តែម្តង ខណៈពេលនេះ ឪពុកម្តាយក្មេករបស់នាងបានទទួលស្គាល់ និងគាំទ្រពីចំណងស្នេហានេះហើយ។

ខាងក្រោមនេះ ជាបទសម្ភាសន៍ “អង្គរធំ” ជាមួយអ្នកនាងម៉េង កែវពេជ្ជតា ៖

អង្គរធំ ៖ តើអ្នកនាងម៉េង កែវពេជ្ជតា ពេលនេះ មានគូជីវិតថ្មីទៀតនៅ? ឬមួយអ្នកនាងគិតថា ចង់បញ្ចប់ជីវិតគូ ចាប់ពីពេលនេះតែម្តង?

ពេជ្ជតា ៖ ខ្ញុំមានគូហើយ! ខ្ញុំមានក្រុមគ្រួសារហើយ! ឥឡូវនេះខ្ញុំមើលតែកូន និងរក្សាកិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្ញុំ អាជីពរបស់ខ្ញុំរហូតតទៅ។

អង្គរធំ ៖ តើអ្នកនាងម៉េង កែវពជ្ជតា មានគូស្នេហ៍ថ្មីតាំងពីពេលណា?

ពេជ្ជតា ៖ ខ្ញុំទើបស្គាល់គាត់កាលពីពេលថ្មីៗហ្នឹង ព្រោះកូនៗខ្ញុំចូលទៅសិក្សានៅបារាំង ហ្នឹង គឺគាត់ហ្នឹងហើយជាអ្នកធានាយកទៅ។ គាត់ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ហើយបងប្អូនស្រុកបារាំង ស្គាល់គាត់ច្រើន ព្រោះខ្ញុំឧស្សាហ៍ដើរនៅហ្នុងដែរ។ គាត់មានមុខរបរថ្លៃថ្នូរ ហើយជាមនុស្សម្នាក់ក្នុងសង្គមខ្មែរយើងទទួលស្គាល់។ គាត់មានមុខរបរមានការងារល្អ ប៉ុន្តែក្នុងនាមគាត់ជាមនុស្សឯកជន គាត់មិនចង់និយាយឱ្យគេស្គាល់គាត់ទេ។

អង្គរធំ ៖ តើអ្នកនាងម៉េង កែវពេជ្ជតា រំពឹងថា នឹងមានថ្នាក់ដឹកនាំចូលរួមមង្គលការរបស់នាងទេ ប្រសិនបើមានកម្មវិធីនេះរៀបចំឡើង?

ពេជ្ជតា ៖ ដោយសារតែខ្ញុំមិនសូវមានពេលវេលា ហើយខ្ញុំយល់ទៅលើថ្នាក់ដឹកនាំ គាត់រវល់ទៅលើកិច្ចការជាតិច្រើន។ ខ្ញុំមិនប្រាថ្នាថាពេលរៀបការនឹងបានថ្នាក់ដឹកនាំកំពូល ឬថ្នាក់ដឹកនាំរូបណា អញ្ជើញទៅចូលរួមកាត់សក់ចងដៃយើងទេ។ ខ្ញុំនៅតែរំពឹងថា ខ្ញុំមានមនុស្សល្អៗនៅតែគាំទ្រ ដែលជួយខ្ញុំ គាត់ស្រលាញ់ខ្ញុំ ដូចពិធីបុណ្យកន្លងមកអ៊ីចឹងមានថ្នាក់ដឹកនាំអញ្ជើញចូលរួមច្រើន ដោយសារតែការអាណិតស្រលាញ់របស់គាត់ហ្នឹងតែម្តង ប៉ុន្តែឱ្យខ្ញុំរំខានគាត់អត់ហ៊ានទេ។

អង្គរធំ ៖ តើអ្នកនាងពេជ្ជតា នឹងជ្រើសសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីប្រាព្ធពិធីមង្គលការ?

ពេជ្ជតា ៖ ខ្ញុំនឹងមានពិធីធំឬតូច ខ្ញុំនឹងធ្វើទៅតាមលទ្ធភាពទាំងនៅស្រុកខ្មែរនិងបារាំង។ ប៉ុន្តែ​ខ្ញុំអត់ចាត់ទុកសំខាន់ទេរឿងហ្នឹង (រៀបការ) សំខាន់យើងនៅជាមួយគ្នាហ្នឹងបានសុខអត់? ព្រោះកន្លងមក ខ្ញុំក៏ធ្លាប់រៀបការសុទ្ធតែនៅភោជនីយដ្ឋាន សណ្ឋាគារផ្កាយ៥ ប៉ុន្តែយើងមិនអាចដើរមកដល់ទីបញ្ចប់ អ៊ីចឹងខ្ញុំគិតថាវាមិនមែនជាមូលហេតុស្ថិតនៅលើលុយជាកិត្តិយសមួយពេលហ្នឹងទេ។ សំខាន់មនុស្សរស់នៅចុះសម្រុងគ្នាឬអត់? ក្រុមគ្រួសារខ្ញុំជាមនុស្សសាមញ្ញ ថ្វីត្បិតតែជាអ្នកសិល្បៈ ប៉ុន្តែការបង្ហាញភាពអួតហ្នឹងខ្ញុំមិនសូវបង្ហាញទេ។

អង្គរធំ ៖ សំណួរចុងក្រោយ តើអ្នកនាងម៉េង កែវពេជ្ជតា នឹងសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈនៅពេលណា?

ពេជ្ជតា ៖ ខ្ញុំបង្ហាញហើយ តែមិនបង្ហាញបែបអួតទេ  បើខ្ញុំអួតវិញ ខ្ញុំនឹងអញ្ជើញទស្សនាវដ្តី បង្ហោះបង្ហើអីទៅ ប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលចិត្តអ្វីធម្មតាៗ ឃើញឬមិនឃើញហី តែការលាក់លៀមអត់លាក់ទេ។ ដោយសារគាត់ជាប់រវល់កិច្ចការនៅបារាំងអ៊ីចឹងគាត់មិនអាចអញ្ជើញមក (ការក្មួយថ្ងៃទី២១ វិច្ឆិកា) បានទេ ព្រោះគាត់ធ្លាប់មកស្រុកខ្មែរ មុនហ្នឹងហើយ។ ស្រុកគេ គឺមិនអាចធ្វើការដើរឆ្វេចឆ្វាចបានងាយទេ ក្នុង១ឆ្នាំអាចវ៉ាកងបានតែ១ខែ អ៊ីចឹងគាត់អញ្ជើញមកកម្មវិធីបុណ្យធំនៅផ្ទះខ្ញុំរួចហើយ លើកនេះ ការក្មួយខ្ញុំគាត់សូមអធ្យាស្រ័យ មកមិនកើតទេ…៕

RELATED ARTICLES