Sunday, September 21, 2025
Homeតារាខ្មែរសុគន្ធ និសា ត្រៀមទៅរស់នៅអាមេរិក តាមប្តី

សុគន្ធ និសា ត្រៀមទៅរស់នៅអាមេរិក តាមប្តី

ការចែកជូនស្បែកជើងម៉ាកល្បីៗដល់សិល្បកររួមអាជីពកាលពីពេលថ្មីៗនេះ កាន់តែបង្ហាញថា និសា នៅសល់ពេលខ្លីសម្រាប់បន្តអាជីពមួយនេះ ព្រោះសម្ភារៈទាំងនោះសុទ្ធតែចាំបាច់ណាស់ដល់នាងក្នុងការឡើងឆាក ប៉ុន្តែពេលនេះនាងមិនត្រូវការវាទៀតទេ។

ទោះជាយ៉ាងណា សុគន្ធ និសា មិនប្រាប់ថា តើពេលណានាងនឹងចេញទៅរស់នៅតាមស្វាមីឡើយ ដោយក្នុងជំនួបកន្លងមក និសា គ្រាន់តែបង្ហើបថា នាងរង់ចាំទិដ្ឋាការពីស្ថានទូតអាមេរិក ហើយពេល នេះមិនទាន់បានឡើយ។

ការយឺតយ៉ាវរបស់សុគន្ធ និសា ក្នុងការហោះចេញទៅរស់នៅសហរដ្ឋអាមេរិក នេះ ត្រូវបានតារាជិតស្និទ្ធបង្ហើបឱ្យដឹងថា បណ្តាលមកពី និសា ធ្លាប់ចេញឃោសនាដង្ហែបក្សនយោបាយ ហេតុនេះ ហើយបានជាទូតអាមេរិក ពន្យារពេលផ្តល់ទិដ្ឋាការជូននាង។

ប៉ុន្តែសុគន្ធ និសា វិញ នាងក៏មិនអន្ទះសាចង់ទៅរស់នៅអាមេរិក ដោយតក់ក្រហល់ដែរ ព្រោះទោះជាមានប្តីហើយ ប៉ុន្តែនាងនៅតែមានការងារសិល្បៈធ្វើដដែល ទាំងការចេញច្រៀងនិងថតស្ពតពាណិជ្ជកម្ម។

ដោយឡែក ស្វាមីរបស់និសា វិញ មិនហួងហែងឱ្យតារារូបនេះក្នុងការលេងសិល្បៈឡើយ គឺនាងអាចច្រៀងនិងថតសម្តែងភាពយន្តតាមចិត្តចង់។

សុគន្ធ និសា រៀបការជាមួយលោកពៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរ នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក និងបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនម៉ែនញូឡាយ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលពេលនេះមានរយៈពេលជាង២ឆ្នាំទៅហើយ ប៉ុន្តែនិសា នៅមិនទាន់ពពោះនៅឡើយ។

និសា ធ្លាប់បង្ហើបថា នាងចង់ផ្តល់កំណើតឱ្យកូនដំបូងរបស់នាងលើទឹកដីអាមេរិក ពោលគឺកើតភ្លាម បានសញ្ជាតិភ្លែតតែម្តង។

ប៉ុន្តែនិសា បញ្ជាក់ថា បើសិនជាថ្ងៃណាមួយនាងឈប់ច្រៀង គឺនឹងមិនពឹងលើប្រាក់ចំណូលពីប្តីតែម្នាក់ឯងឡើយ គឺត្រូវតែបង្កើតមុខរបរផ្ទាល់ខ្លួន ហើយបើនាងមានកូន គឺត្រូវតែចំណាយពេលមើលថែកូនដោយផ្ទាល់ឱ្យច្រើនជាងគិតលើរឿងផ្សេង។

សុគន្ធ និសា ត្រូវបានមហាជនលើកឡើងថា នាងហាក់ចុះខ្សោយជាងមុនក្រោយពេលមានស្វាមីនេះ និសា មិនសូវមានបទចម្រៀងល្បីៗដូចមុនទេ ហើយនាងបែរជាងាកទៅសម្រុកថតភាពយន្ត៣រឿងជាប់គ្នា គឺរឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមីគ្រឹះ” និង “ព្រះវេស្សន្តរជាតក”។

និសា ស្ថិតក្នុងចំណោមតារាដែលយកប្តីអាណិកជនខ្មែរនៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, វ៉េត រតនា, សារ៉ាយ សក្ខណា និង សូ សុភ័ក្រ ជាដើម៕

RELATED ARTICLES