ភរិយាលោកព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ ដែលជានិច្ចកាលតែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីជាតារាចម្រៀងល្បីល្បាញនោះ ថ្មីៗនេះអ្នកនាងបានបង្ហោះរូបភាព អាពាហ៍ពិពាហ៍ក្នុងពិធីសូត្រមន្តដែលមាន រយៈពេល២២ឆ្នាំទៅហើយ។

ភ្ជាប់ជាមួយរូបភាពនេះ អ្នកស្រីឡុង ស្រីមុំ បានថ្លែងសារបែបកំប្លែងដាក់ប្តីថា “អ្នកណាប្រាប់ថា ខ្ញុំមានប្រពន្ធ ខ្ញុំនៅកំលោះតើ ហិហិ”។

នារីៗជាច្រើនបានបញ្ចេញសារច្រណែន អ្នកស្រីឡុង ស្រីមុំ ដែលមានស្វាមីជាតារាចម្រៀងល្បីល្បាញ ព្រាប សុវត្ថិ ហើយអាចរក្សាចំណងស្នេហាបាន២២ឆ្នាំ ពុំដែលមានបញ្ហាទំនាស់ក្នុងគ្រួសារធំដុំឡើយ។

ចំណងស្នេហ៍ជាង២ទសវត្សន៍នេះ លោកព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ទទួលបានចំណងដៃកូនប្រុសដល់ទៅ៣នាក់ពេញកំលោះស្រាងៗព្រមគ្នាតែម្តង គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេបានក្លាយ ទៅជាតារាចម្រៀងហង្សមាស រួមទ្រនំជាមួយឪពុករបស់គេដែរ។

ការបញ្ចេញរូបថតថ្ងៃមង្គលការរយៈពេលជាង២ទសវត្សន៍ របស់ភរិយាលោកព្រាប សុវត្ថិ នៅពេលនេះ ចំពេលដែលភរិយារបស់ខេមរៈ សិរីមន្ត អ្នកនាងកុយ ផល្លី ដែលមានកូន៣ដែរនោះ កាន់តែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយខេមរៈ សិរីមន្ត ខ្លាំងជាងមុននៅរយៈពេលចុងក្រោយនេះ។ ប៉ុន្តែទាំងអ្នកនាងផល្លី និងប្តី មិនដែលហ៊ានបញ្ចេញរូបថតអាពាហ៍ពិពាហ៍ដូចភរិយាលោកព្រាប សុវត្ថិ នៅពេលនេះឡើយ បើទោះជាសិរីមន្ត ធ្លាប់និយាយថា បានរៀបការតាំងពីឆ្នាំ២០០៩ក្តី។

គួរបញ្ជាក់ថា ព្រាប សុវត្ថិ បានដឹកដៃអ្នកស្រីឡុង ស្រីមុំ រៀបការកាលពីឆ្នាំ១៩៩៧ ដែលពេលនោះ ព្រាប សុវត្ថិ ទើបល្បីបាន១បទ “អូនជាបេះដូងបង”។

នៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ អ្នកស្រីមុំ បានច្រៀងបទ “ស្រលាញ់បងដល់ឆ្អឹង” នៅចំពោះមុខស្វាមី ហើយពេល នេះរំលងជាង២០ឆ្នាំមកហើយ ដែលគូស្នេហ៍នេះនៅរក្សាបានភាពរឹងមាំ តែប្តីប្រពន្ធនេះគ្មានគម្រោងតាមយកកូនស្រីឡើយ៕