Sunday, September 21, 2025
Homeតារាខ្មែរគឹម ចាន់រតនា បញ្ចេញ Original Song ”សង្សារកាប់ដាវ”

គឹម ចាន់រតនា បញ្ចេញ Original Song ”សង្សារកាប់ដាវ”

មុននេះ កញ្ញាតន់ ចាន់សីម៉ា បានចេញបទចម្រៀងនៅផលិតកម្មមួយ ដែលមានចំណងជើងប្លែកខុសគេ គឺបទ ”គេនោះជាស្រីកាប់ដាវ” ធ្វើឲ្យគេហៅនាងថា ម្ចាស់បទ ”កាប់ដាវៗ”។

ស្រាប់តែអំឡុងពេលបទនេះកំពុងត្រូវបានក្មេងស្ទាវៗចាប់អារម្មណ៍នោះ លោកថៅកែលក់ដីឡូតិ៍គឹម ចាន់រតនា ដែលជាម្ចាស់ក្រុមហ៊ុន LYK បានធ្វើបទ Original Song មួយបទដែរ គឺបទ ”សង្សារកាប់ដាវ” ហើយថ្វីត្បិតតែលោកជាអ្នកជំនួញមែន ប៉ុន្តែតាមរយៈការបង្ហើរសំនៀងមួយបទនេះ ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមផងដែរ នៅពេលដែលលោកគ្រាន់តែបង្ហោះសាកល្បងលេងលើបណ្ដាញសង្គម ខណៈបទនោះនៅមិនទាន់ចេញជាផ្លូវការឡើយ។

លោកគឹម ចាន់រតនា បានប្រាប់អ្នកកាសែតថា លោកពិតជាអ្នកធ្វើបទភ្លេងបទមួយនេះឡើង​ដើម្បីត្រៀមចេញបទចម្រៀងថ្មីនាពេលខាងមុខ ហើយបទនេះមានភ្លេងល្អ លោកពេញចិត្ត។

លោករតនា បន្តថា ទោះជាមមាញឹកយ៉ាងណា ក៏លោកមិនចោលសិល្បៈដែរ លោកនឹងឆ្លៀតធ្វើបទចម្រៀងថ្មីល្អៗឲ្យបានច្រើននាពេលខាងមុខ។ លោកក៏ចង់ធ្វើជាគំរូម្នាក់ក្នុងការនិពន្ធបទថ្មីៗ Original Song ដើម្បីលើកស្ទួយខ្មែរយើង កុំឲ្យគេដៀលថា យើងចេះតែចម្លងបទចម្រៀងពីគេ មិនចេះធ្វើថ្មី។

ដោយឡែក បទ ”សង្សារកាប់ដាវ” លោករតនា ថា​នឹងសម្រួលឲ្យចប់ជាមុនសិន ទើបសម្រេចចេញជាផ្លូវការនៅពេលក្រោយ។

គួរបញ្ជាក់ថា លោកគឹម ចាន់រតនា មុនក្លាយទៅជាអ្នកជំនួញធំនេះ កន្លងមកលោកក៏ធ្លាប់ជាអ្នកចម្រៀងតាមរោងការ និងនិពន្ធបទចម្រៀងឲ្យលោកម៉ារ៉ា ប៊ុណ្ណា ច្រៀងផងដែរ។

បច្ចុប្បន្នលោកមានកូន២នាក់ ហើយធ្លាប់មានប្រវត្តិកម្សត់ជិះម៉ូតូកញ្ចាស់១គ្រឿង ជាមួយភរិយាពេលទៅច្រៀងកម្មវិធីគេ។ ប៉ុន្ដែរយៈពេលជាង២ឆ្នាំ ដែលលោកប្រឡូកវិស័យអចលនទ្រព្យនេះ ធ្វើឲ្យលោករតនា មានជីវភាពធូធារជិះរថយន្ដទំនើបៗ ប៉ុន្តែលោកនៅតែស្រលាញ់អាជីពសិល្បៈ។

មុនត្រៀមចេញបទ ”សង្សារកាប់ដាវ” នេះ លោកគឹម ចាន់រតនា ក៏ធ្លាប់ចេញបទសារាវ៉ាន់ ”អូនកូនអ្នកណា?” ដែលលោកសម្ដែង MV ជាមួយភរិយាអ្នកស្រីជិន វណ្ណារី ផងដែរ៕

RELATED ARTICLES