Sunday, September 21, 2025
Homeតារាខ្មែរឈួន សុវណ្ណឆ័យ បន្សល់ទុកស្នាដៃចុងក្រោយសម្រាប់កូនៗ ព្រោះថាជីវិតមិនអមតៈទេ

ឈួន សុវណ្ណឆ័យ បន្សល់ទុកស្នាដៃចុងក្រោយសម្រាប់កូនៗ ព្រោះថាជីវិតមិនអមតៈទេ

អ្នកនាងឈួន សុវណ្ណឆ័យ បានអះអាងថា ជីវិតរបស់មនុស្សយើងគ្មានអ្នកណាដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងឡើយ ហើយក៏គ្មានអ្នកណាមានជីវិតអមតៈដែរ ហេតុនេះហើយដើម្បីចង់បន្សល់ស្នាដៃចុងក្រោយ អ្នកនាងដែលមានទេពកោសល្យខាងសិល្បៈចម្រៀងនោះ ត្រូវតែប្រឹងផលិតបទចម្រៀង Original Song ឡើង ដើម្បីចង់បន្សល់ទុកស្នាដៃចុងក្រោយដោយចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន។

អ្នកនាងសុវណ្ណឆ័យ ថ្លែងថា “ខ្ញុំចំណាយលុយធ្វើបទចម្រៀងខ្លួនឯងហ្នឹងអស់លុយ១ខែៗច្រើនដែរហ្នឹង ដូចជាបទខ្លះយើងចំណាយចាប់ពី៥០០ឡើងរហូតដល់ទៅ២០០០ដុល្លារ ក៏មានដែរ។ យើងបានផលិតបទចម្រៀង Original ជាច្រើនបទមកហើយ ព្រោះខ្ញុំចង់បន្សល់ស្នាដៃចុងក្រោយដែលយើងអាចធ្វើបាន ដើម្បីឱ្យកូនចៅយើងបានឃើញនៅថ្ងៃមុខ”។

អ្នកនាងសុវណ្ណឆ័យ បន្តថា “នៅខែធ្នូ នេះ ខ្ញុំបានចេញបទ “វាលវែងឆ្ងាយ”ហើយនឹងត្រៀមចេញ២បទថែមទៀតដែលអត្ថន័យពាក់ព័ន្ធម្តាយនិងកូន។ បទចម្រៀងរបស់ខ្ញុំធ្វើបទថ្មីជា Original Song សុទ្ធ និងបទ Cover ពីដើមឡើងវិញដែរ”។

គួរបញ្ជាក់ថា ឈួន សុវណ្ណឆ័យ បានធ្លាក់ខ្លួនក្លាយជាស្រីមេម៉ាយកូន២ ក្រោយពីនាងបានចែកផ្លូវ គ្នាជាមួយអតីតស្វាមីមន្ត្រីបម្រើការនៅស្ថានទូតបារាំង។ ពេលនេះ សុវណ្ណឆ័យ មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីទេ ហើយនាងថាសុខចិត្តធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនប្រុសស្រីមានអនាគតល្អ។

សុវណ្ណឆ័យ ប្រាប់ថា ក្រៅពីអាជីពសិល្បៈ នាងក៏នៅតែពង្រឹងអាជីវកម្មការដ្ឋានចិញ្ចឹមជ្រូកឱ្យបានរឹងមាំថែមទៀត ព្រោះមុខរបរមួយនេះហើយដែលធ្វើឱ្យនាងមានជីវភាពធូរធាររហូតដល់សព្វថ្ងៃ។ យ៉ាងណា រឿងគម្រោងរៀបការលើកទី២នោះ សុវណ្ណឆ័យ មិនទាន់បង្ហើបថា នឹងគ្រងឈុតកូនក្រមុំនៅពេលណាម្តងទៀតឡើយ។

ដោយសារតែមានជីវភាពធូរធារ ពេលនេះ ឈួន សុវណ្ណឆ័យ ជិះរថយន្តទំនើប Lexus LX570 ពណ៌ស តម្លៃជាង២០ម៉ឺនដុល្លារ ជិះយ៉ាងកាលីព ប៉ុន្តែរាល់លើកនៅពេលសួររឿងការលេងឡាន១គ្រឿងថ្លៃស្មើវីឡា១នេះ សុវណ្ណឆ័យ មិនចង់ធ្វើអត្ថាធិប្បាយឡើយ៕

RELATED ARTICLES