Sunday, September 21, 2025
Homeតារាខ្មែរមាស សុខសោភា ត្រៀមធ្វើរឿងឲ្យភ្ញាក់ផ្អើលឆាប់ៗនេះ តែបារម្ភខ្លាចគ្មានកូន

មាស សុខសោភា ត្រៀមធ្វើរឿងឲ្យភ្ញាក់ផ្អើលឆាប់ៗនេះ តែបារម្ភខ្លាចគ្មានកូន

មាស សុខសោភា ដែលថាមិនមានគម្រោងរៀបការជាចំហនោះ ស្រាប់តែពេលនេះនាងប្តូរចម្លើយមកថា “មានដំណឹងល្អ” ឆាប់ៗហើយ។ ការថ្លែងរបស់សោភា នៅពេលនេះ ស្របពេលដែលមានដំណឹងលេចឮថា តារាចម្រៀងល្បីឈ្មោះរូបនេះគ្រោងដឹកដៃគូស្នេហ៍១១ឆ្នាំ លោកអ៊ឹត រ៉ាដា រៀបការនៅឆ្នាំ២០២០ ព្រោះសោភា ប្រញាប់ចង់យកកូនបីដូចឱក សុគន្ធកញ្ញា ដែរ ក្រោយពីនាងវិលត្រឡប់មកពីច្រៀងសម្តែងនៅប្រទេសកាណាដា ៦ខែ…។

មួសា សុខសោភា បានថ្លែងសារជូនពរឱក សុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនាមនាងជាអ្នករួមអាជីពដូចគ្នា និងជាមិត្តដ៏ជិតដិតជាច្រើនឆ្នាំមកហើយនោះ។ ទោះជាយ៉ាងណា សោភា ហាក់នៅឆ្ងាយពីសុគន្ធកញ្ញា ព្រោះនាងក៏មិនទាន់រៀបការផង តើម៉េចបានកូនង៉ាឯណាមកបីប្រលែងលេងដូចគេទៅ?

តាមព័ត៌មានបានឱ្យដឹងថា សោភា ចង់បំពេញបំណងម្តាយរបស់នាងដែលចង់បានចៅពដូចគេ ហេតុនេះហើយនាងត្រូវតែរៀបគម្រោងរៀបការតាមប្រពៃណីខ្មែរឆាប់ៗនេះហើយ ដើម្បីងាយស្រួលយកកូន។

ក្នុងជំនួបផ្ទាល់ មាស សុខសោភា និយាយមួយៗថា នាងមានការបារម្ភខ្លះៗដែរ ខ្លាចតែពិបាកយកកូន ព្រោះពេលនេះនាងមានអាយុច្រើនដែរហើយ។

សោភា និយាយថា “ឥឡូវខ្ញុំអាយុច្រើនហើយ (៣៧ឆ្នាំ) រឿងយកកូនអីពិបាកដែរ នៅពេលយើងមានអាយុរាងច្រើនអ៊ីចឹង។ ចំពោះរឿងរៀបការវិញមិនទាន់អាចនិយាយបានទេ ប៉ុន្តែខ្ញុំអាចបង្ហើបបានថា នឹងមានដំណឹងល្អ ហើយភ្ញាក់ផ្អើលឆាប់ៗខាងមុខនេះហើយ”។

អ្នកយកព័ត៌មានយើងបានសួរថា តើមាស សុខសោភា នឹងរៀបការនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០?

សោភា បានឆ្លើយតបលាយសំណើចថា “ដឹងតែឆាប់ៗហ្នឹងទៅបានហើយ ខ្ញុំមិនទាន់អាចប្រាប់ឱ្យច្បាស់ជាងហ្នឹងបានទេ។ បន្តិចទៀតនឹងភ្ញាក់ផ្អើលហើយ (សើច)…”។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរនៅកាណាដា លោកអ៊ឹត រ៉ាដា រយៈពេលជាង១១ឆ្នាំមកហើយ បន្ទាប់ពីពួកគេបានរៀបការតាមបែបសាសនាគ្រិស្ត ដោយចូលព្រះវិហារមួយ នៅកាណាដា កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។

មហាជនបានសរសើរថា សោភា និងលោករ៉ាដា ទោះជាមិនទាន់រៀបការតាមប្រពៃណីខ្មែរក្តី ប៉ុន្តែចំណងស្នេហ៍ជាង១ទសវត្សនេះ រក្សាបានរឹងមាំជាងគូស្នេហ៍មួយចំនួនដែលបានរៀបការទៀតផង ហេតុនេះហើយបានជាគេថា ស្នេហាឆ្លងទ្វីបរបស់សោភា និងស្វាមី កាន់តែរឹងដូចដែកថែបថែមទៀតជាមិនខាន នៅពេលដែលពួកគេរៀបការតាមប្រពៃណីខ្មែររួចហើយនោះ៕

RELATED ARTICLES