អតីតតារាចម្រៀង M កញ្ញាស៊ឹម ថៃណា ដែលបាត់មុខរយៈពេលយូរខែមកហើយ មិនដែលនឹកនាឡើងឆាកតន្ត្រីនោះ ស្រាប់តែបង្ហាញខ្លួនមកវិញថែមទាំងមានព្រលឹងជាងមុន ទើបធ្វើឱ្យតារារួមអាជីពមានការចាប់អារម្មណ៍ ហើយនាំគ្នាទៅសួរសុខទុក្ខនាង ដោយអ្នកខ្លះហៅថៃណា ថា ជាថៅកែស្រីៗទៀតផង។

ស៊ឹម ថៃណា ថា នាងមិនទៅណាឆ្ងាយពីអាជីពសិល្បៈទេ គឺនៅតែស្រលាញ់ចម្រៀងដដែល ហើយនាពេលដ៍ខ្លីខាងមុខនេះ នាងនឹងត្រៀមចេញបទចម្រៀង Original Song ទៀតផង។

តារាចម្រៀងដែលបាត់មុខយូរឆ្នាំ ទើបបង្ហាញខ្លួនស៊ឹម ថៃណា អះអាងថា “ខ្ញុំត្រៀមចេញបទចម្រៀងថ្មីៗក្នុងពេលឆាប់ៗនេះវិញហើយ។ ប៉ុន្តែពេលនេះខ្ញុំមិនមែនជាតារាចម្រៀងរបស់ M ទៀតទេ ហើយខ្ញុំក៏គ្មានគម្រោងចូលផលិតកម្មណាដែរ គឺធ្វើបទចម្រៀងខ្លួនឯងចេញនៅលើផេកឬយូធូប”។

ស៊ឹម ថៃណា ធ្លាប់ប៉ះរឿងអាស្រូវស្នេហាដោយគេសង្ស័យថា នាងមានទំនាក់ទំនងពិសេសជាមួយថៅកែស្រីផលិតកម្មមួយ។ ប៉ុន្តែថៃណា ធ្លាប់ប្រតិកម្មរឿងនេះដោយធ្លាប់គេចវេះពីការសាកសួររបស់អ្នកសារព័ត៌មានទៀតផង។

ការបាត់ខ្លួនមួយរយៈធំ ថៃណា ក្លាយជាថៅកែស្រីនៅហាងមួយ ហើយនាងមិនអើពើការឡើងឆាកតន្ត្រីទៀតឡើយ គឺសម្រេចចិត្តជ្រើសរើសផ្លូវស្ងប់ស្ងាត់លែងចង់ល្បី ខណៈដែលដំណឹងថា នាងជាតារាស្រលាញ់ភេទដូចគ្នា ត្រូវបានស្ងប់មួយអន្លើមកដែរ។

យ៉ាងណា តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីខួបកំណើតអ៊ឹម ជីវ៉ា កាលពីពេលថ្មីៗនេះ ថៃណា មិនបានបណ្តើរគូស្នេហ៍ទៅចូលរួមឡើយ បើទោះជាមានដំណឹងថា ថៃណា នៅតែស្និទ្ធស្នាលគ្នាប្លែកជាមួយស្រីម្នាក់ដូចគូស្នេហ៍ក្តី។

ក្រៅពីស៊ឹម ថៃណា តារាដែលធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាភេទដូចគ្នានោះ មានដូចជា ឌុច សុភា, មាស សម្ផស្ស, ម៉ាក សែនសូនីតា, បេប៊ី, ជីជី និងតេង លក្ខិណា ជាដើម ប៉ុន្តែពួកគេស្ទើរតែទាំងអស់ប្រកែក៕