តារាចម្រៀងព្រាប សុវត្ថិ បានធ្វើខួបកំណើតឱ្យភរិយាលោក អ្នកនាងឡុង ស្រីមុំ កាលពីរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឱ្យកូនប្រុសទាំង៣របស់តារាចម្រៀងហង្សមាស រូបនេះ ស្ញើចសរសើរចំពោះឪពុករបស់គេជាខ្លាំង បើទោះជាខួបនោះមិនមែននៅហាងធំ ឬចំណាយលុយរាប់ម៉ឺនដុល្លារដូចគេក្តី ប៉ុន្តែជាការបញ្ជាក់ថា កំពូលតារាចម្រៀងរូបនេះស្រលាញ់និងគិតដល់ភរិយារបស់លោកគ្រប់ពេលវេលាទាំងអស់ ទោះជាលោករវល់យ៉ាងណាក៏ដោយ។

អ្នកនាងឡុង ស្រីមុំ ដែលមានអាយុជិត៤០ឆ្នាំនោះ បានបួងសួងសុំឱ្យជីវិតអ្នកនាងនិងស្វាមី មានសេចក្តីសុខដូចពេលនេះជារៀងរហូត។

ដោយឡែក លោកព្រាប សុវត្ថិ វិញ បានឱបរឹតភរិយាយ៉ាងមានសេចក្តីសុខ ហើយបានបង្ហោះសារថា “ជូនពរអូន មានសុខភាពល្អមានក្តីសុខពេញមួយជីវីត”។ ធ្វើឱ្យកូនៗអ្នកទាំង៣កាន់តែស្រលាញ់ឪពុកម្តាយរបស់ ពួកគេថែមទៀត។

គួរបញ្ជាក់ថា ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកនាងឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ហើយនៅថ្ងៃរៀបការនោះ អ្នកនាងស្រីមុំ បានច្រៀងនៅចំពោះមុខប្តី បទ “ស្រលាញ់បងដល់ឆ្អឹង”ទៀតផង។ ចំណងស្នេហ៍២២ឆ្នាំរបស់ព្រាប សុវត្ថិ និងភរិយា ទទួលបានចំណងដៃកូនប្រុស៣នាក់ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេបានក្លាយទៅជាតារាចម្រៀងហង្សមាស ដូចឪពុកគេដែរ។

តាមរយៈការបង្ហាញប្រពន្ធកូនជាចំហ និងមិនដែលលាក់ប្រពន្ធកូនដូចគេនោះ នៅទីបំផុត ព្រាប សុវត្ថិ នៅតែមានការគាំទ្រពីមហាជន កត្តានេះហើយដែលធ្វើឱ្យតារាចម្រៀងខេមរៈ សិរីមន្ត ដែលបានប្រកែកជាមួយអ្នកកាសែត និងលាក់មហាជនថា គ្មានប្រពន្ធកូនអស់៩ឆ្នាំនោះ បានសម្រេចចិត្តបញ្ចេញមុខភរិយានិងកូនៗទាំង៣របស់ខ្លួនដែរ។

ប៉ុន្តែព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ខុសគ្នាត្រង់ថា លោកសុវត្ថិ ហៅស្នាយ បានបញ្ចេញទាំងរូបថត និងវីដេអូនៅថ្ងៃរៀបការ។ ប៉ុន្តែសិរីមន្ត វិញមិនដែលហ៊ានបង្ហាញរូបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរឡើយ បើទោះជាអះអាងថា បានរៀបការតាំងពីឆ្នាំ២០០៩ក្តី។

ទស្សនិកជនរង់ចាំមើលថា ក្រោយពីព្រាប សុវត្ថិ និងភរិយា កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍មិនចាញ់យុវវ័យនោះ គូស្នេហ៍ដ៏រឹងមាំនេះនឹងតាមយកកូនស្រីមួយទៀត ឬបញ្ចប់កូនពៅ ត្រឹមសុវត្ថិ សិរីវុឌ្ឍ ?៕