តារាចម្រៀងត្រកូលឆោម កញ្ញាឆោម និមល ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានលើកឡើងថា នាងជាតារាមានសំណាងម្នាក់ដែលបានដើរគ្រប់ប្រទេស ដោយសារតែក្រុមតន្ត្រីជំងឺគ្រុនឈាម (Dengue fever) របស់អាមេរិក បានជ្រើសនាងជាអ្នកចម្រៀងប្រចាំក្រុមតន្ត្រីនេះ។

កញ្ញាឆោម និមល បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ថា “ក្នុងរយៈពេលដប់ឆ្នាំជាងនេះ ដែលនាងខ្ញុំបានមករស់នៅប្រទេសអាមេរិក ការងាររបស់នាងខ្ញុំ គឺជាអ្នកចម្រៀង ហើយមានសមត្ថភាពតាំងពីត្រកូលមកម៉្លេះ តែខ្ញុំពិតជាមានសំណាងជាងគេដែលក្រុមតន្ត្រីនាងខ្ញុំ Dengue fevermusic បានជ្រើសរើសនាងខ្ញុំឱ្យជាអ្នកចម្រៀងស្រីប្រចាំបេន ហើយក៏បានស្គាល់គ្រប់ប្រទេសនៅលើពិភពលោក គឺមានគ្រប់រសជាតិ សប្បាយ ហត់នឿយ គេងមិនគ្រប់ ជិះឡាន ជិះរទេះភ្លើង កាត់ព្រិល កាត់ភ្លៀង ក៏មាន ចុះពីលើរថយន្តភ្លាម ត្រូវទៅឡើងលើឆាកច្រៀង ក៏មាន (ខ្ញុំរស់ដោយសមត្ថភាព ហើយកម្លាំងញើសឈាមខ្លួនឯង មិនបានពឹងអ្នកណាឱ្យមកជួយខ្ញុំទេ)។

អ្នកនាងនិមល បន្តថា “ស្រុកគេសេរី ខ្លួនត្រូវតែទីពឹងខ្លួន មិនថាស្រី មិនថាប្រុស បើមិនធ្វើការ តើមានលុយឯណាទិញប្រេនៗ (ថ្ងៃនេះនាងខ្ញុំចង់រាយប្រាប់បងប្អូនឱ្យដឹងខ្លះៗអំពីនាងខ្ញុំ) ចង់និយាយ ថា នាងខ្ញុំសប្បាយចិត្តដែលបានជួបបងប្អូន មិត្តភក្តិ សុទ្ធតែមនុស្សល្អៗ ចូលមកក្នុងជីវិតរបស់នាង”។

អ្នកនាងឆោម និមល បន្ថែមថា “ខ្ញុំសូមអគុណនូវការស្រលាញ់របស់បងប្អូន មកអូន ml I love you all my dear sister and brother around the world the memories always in my heart. I hope the 2020 we see each other’s again. life is beautiful (NoDrama )។

គួរបញ្ជាក់ថា កញ្ញាឆោម និមល គឺជាតារាចម្រៀងក្នុងក្រុមគ្រួសារត្រកូលឆោម ជាប្អូនស្រីរបស់អ្នកចម្រៀងជើងចាស់ ឆោម ឆវិន និងលោកឆោម ប៊ុនយ៉ុង និងត្រូវជាម្តាយមីងរបស់តារាចម្រៀង ឆោម ឆពុំ ផងដែរ។

ឆោម និមល បានបោះជំហាននៅលើវិថីសិល្បៈចម្រៀងចាប់តាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីនាងបានប្រឡងជាប់ចំណាត់លេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងមួយដែលរៀបចំដោយស្ថានីយទូរទស្សន៍ អប្សរា ប៉ុស្តិ៍លេខ១១ ជាមួយបងប្រុសរបស់នាង គឺលោកឆោម ប៊ុនយ៉ុង។

បទចម្រៀងដែលរឹតធ្វើឱ្យនិមល និងបងប្រុស កាន់តែលេចត្រដែតក្នុងវិថីសិល្បៈខ្លាំង គឺ “ថ្ងៃមង្គល យើង” ហើយចាប់តាំងពីពេលនោះមក នាងក៏មានឱកាសចេញច្រៀងតាមឆាកតន្ត្រីនានា និងតែងតែមានវត្តមានញឹកញាប់ ក្នុងការច្រៀងឱ្យផលិតកម្មក្រៅស្រុក។

ឆោម និមល បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំ២០០០ ហើយបានទទួលសញ្ជាតិអាមេរិក ជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤៕