តារាភាពយន្តជើងចាស់ លោកទេព រិន្ទដារ៉ូ បានអះអាងថា លោកគ្មានបំណងរកប្រពន្ធថ្មីទេ គឺសុខចិត្តរស់នៅម្នាក់ឯងជារៀងរហូតអស់១ជីវិត។ ការថ្លែងបែបនេះរបស់លោករិន្ទដារ៉ូ ក្រោយពីតារាសម្តែងជើងចាស់រូបនេះ រស់នៅជីវិតពោះម៉ាយរយៈពេល៣១ឆ្នាំមកហើយ…។

ចាប់អាជីពសម្តែងរយៈពេល៣០ឆ្នាំគត់ គិតត្រឹមឆ្នាំ២០១៩ (១៩៨៨-២០១៩) នេះ លោកទេព រិន្ទដារ៉ូ រស់នៅជីវិតពោះម៉ាយរយៈពេល៣១ឆ្នាំមកហើយ ក្រោយពីលោកបានរៀបការជាមួយនារីម្នាក់ កាលពីឆ្នាំ១៩៨៧ ហើយបានលែងលះគ្នាកាលពីឆ្នាំ១៩៨៨ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ ប៉ុន្តែពេលនេះភរិយានិងកូនរបស់លោកចេញទៅរស់នៅបរទេសយូរឆ្នាំមកហើយ។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ លោកទេព រិន្ទដារ៉ូ អាយុ៥៦ឆ្នាំ បានអះអាងច្បាស់ៗថា លោកគ្មានគម្រោងយកប្រពន្ធកូនថ្មីទៀតទេ គឺសុខចិត្តរស់នៅម្នាក់ឯងអស់១ជីវិតរហូតទៅ។
យ៉ាងណា តារាសម្តែងដែលមានស្រុកកំណើតនៅភូមិសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង រូបនេះ អះអាងថា មូលហេតុដែលលោកលែងចង់បានភរិយាថ្មី ដោយលោកគិតថា ការរស់នៅម្នាក់ឯង គឺស្រួលជាងមានគ្រួសារ។

ការថ្លែងរបស់លោករិន្ទដារ៉ូ នៅពេលនេះ គឺហាក់ផ្ទុយទៅនឹងសុភាសិតចិន ដែលលើកឡើងថា “មនុស្សប្រុសដែលអត់ប្រពន្ធ ប្រៀបដូចផ្ទះអត់ធ្នឹម”។
ទេព រិន្ទដារ៉ូ ប្រាប់ថា “ខ្ញុំគ្មានគម្រោងយកប្រពន្ធ ឬរៀបការអីទេ។ ខ្ញុំសម្រេចចិត្តរស់នៅម្នាក់ឯងរហូត ហើយ។ ចំពោះមូលហេតុវិញ គឺមកពីខ្ញុំគិតថា ការរស់នៅម្នាក់ឯងល្អជាងយើងមានប្រពន្ធ អីចឹងខ្ញុំអត់ចង់យកប្រពន្ធទេ”។

ការប្រកាសរបស់លោកទេព រិន្ទដារ៉ូ បែបនេះ ប្រាកដជាធ្វើឱ្យនារីៗទាំងឡាយខកចិត្ត ដោយសារតែលោកតាំងចិត្តបិទបេះដូងនេះ ព្រោះថា ទោះជាពេលនេះ លោកដារ៉ូ មានវ័យចំណាស់ទៅហើយក្តី ប៉ុន្តែលោកនៅតែសង្ហាដដែល ហើយកេរ្តិ៍ឈ្មោះរបស់លោកវិញគឺនៅតែល្បីល្បាញ មិនទាន់មានតារាណាដណ្តើមតំណែងលោកបានឡើយ។

ប៉ុន្តែយ៉ាងណា គ្មានអ្នកណាអាចមកប្តូរការតាំងចិត្តរបស់លោកទេព រិន្ទដារ៉ូ ដែលសច្ចាថា មិនយកប្រពន្ធ ហើយធ្វើឱ្យលោកផ្លាស់ប្តូរផ្នត់គំនិតទៅជាចង់បានប្រពន្ធវិញបានឡើយ។
ដោយឡែក ប្រភពពីតារាជិតស្និទ្ធបានបង្ហើបឱ្យដឹងថា លោករិន្ទដារ៉ូ ទោះជាមិនយកប្រពន្ធ ក៏លោកមានក្មួយៗរបស់លោកច្រើននាក់ដែរ ហើយលោកបានស្រលាញ់ពួកគេដូចជាកូនបង្កើតទៀតផង ព្រោះលោកជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ខណៈដែលប្អូនស្រីលោកម្នាក់ទៀតបានស្លាប់ក្នុង របបខ្មែរក្រហម។

អតីតពីឡុត ធ្លាប់បើកយន្តហោះ MIG-២១ ក្នុងពេលដែលលោកបម្រើការងារជាកងទ័ពអាកាស រូបនេះ ត្រូវបាននារីទាំងក្នុងនិងក្រៅស្រុកព្យាយាមសុំស្នេហាលោក ប៉ុន្តែលោករិន្ទដារ៉ូ មិនចាប់អារម្មណ៍ នោះទេ រហូតមានពេលខ្លះធ្វើឱ្យនារីៗទាំងនោះខកចិត្ត៕