តារាចម្រៀងលេងក្បាច់រាំសម្រស់សុចស៊ីគួរឲ្យក្នាញ់ យូរី បានលេចមុខច្រៀងរាំផ្អើលហាងភោជនីយដ្ឋាន Happy Palace តន្ត្រី និង KTV ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ធ្វើឲ្យភ្ញៀវជាច្រើនដែលបានចូលទៅញាំអាហារនៅទីនោះ បានគយគន់ទស្សនាដោយផ្ទាល់យ៉ាងជក់ចិត្តជាមួយតារាចម្រៀងសាន់ដេ រូបនេះ។

យូរី បានលើកយកបទល្បីៗរបស់ខ្លួនមកច្រៀងរាំ ដូចបទ ”Trust Nobody”, ”Good Night” និងបទ ”ជិះចាន” ជាដើម ដែលធ្វើឲ្យភ្ញៀវនៅទីនោះហ៊ោយ៉ាងកងរំពងពេញហាងស្វាគមន៍តារាមចម្រៀងដែលពូកែរាំ និងតុបតែងខ្លួនបែបយុវវ័យនេះ។

យូរី និយាយនៅលើឆាកថា នាងរីករាយណាស់ដែលបានចូលរួមនៅរាត្រីនោះ ហើយកាន់តែរំភើបពេលដែលមានក្រុមអ្នកគាំទ្រចោមរោមថតរូបជាមួយនាងយ៉ាងច្រើនកុះករតែម្ដង។អ្វីដែលនាងកាន់តែរីករាយនោះ គឺបទចម្រៀងរបស់នាងត្រូវបានគេស្គាល់ច្បាស់ហើយពួកគេច្រៀងតាមទៀតផង។

យូរី ក៏ត្រូវបានពិធីការិនីលីនដា សរសើរមិនដាច់ពីមាត់ដែរថា នាងមានរូបសម្រស់ស្អាត ហើយពូកែរាំទៀតបើសិនជាយូរី ជាប្រុសវិញនាងចាប់យកធ្វើសង្សារហើយ។ ប៉ុន្ដែយូរី ថា នាងស្រលាញ់តែប្រុសមិនស្រលាញ់ស្រីនោះទេ។

លោកជា នី ថៅកែ ភោជនីយដ្ឋាន Happy Palace តន្ត្រី និង KTV បានឲ្យដឹងថា ការដែលលោកអញ្ជើញកញ្ញាយូរី មកច្រៀងសម្ដែងនៅរាត្រីនោះ គឺដើម្បីឲ្យភ្ញៀវនៅហាងរបស់លោកបានទស្សនាដោយផ្ទាល់ជាមួយតារាមចម្រៀងល្បីៗ ជាកាដូតបស្នងអតិថិជនដែលគាំទ្រហាងរបស់លោកកន្លងមក។

លោកនី បន្តថា កម្មិវីធីនោះមានការឧបត្ថមដោយស្រាបៀរ Budweiser ផងដែរ ហើយក្រៅពីយូរី ដែលធ្វើឲ្យកក្រើកនៅរាត្រីនោះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏មានកំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅច្រៀងសម្ដែងនៅហាងនេះផងដែរ ដើម្បីអបអរខួប១ឆ្នាំនៃការដំណើរការរបស់លោក។ កម្មវិធីពិសេសដែលនាំតារាចម្រៀងល្បីល្បាញ ព្រាប សុវត្ថិ មកច្រៀងសម្ដែងជូនភ្ញៀវទស្សនាដោយផ្ទាល់នេះ មានការចូលរួមឧបត្ថម្ភដោយស្រា Jack Daniel’s។

លោកជា នី បន្ថែមថា ក្រៅពីតារាចម្រៀងព្រាប សុវត្ថិ និងយូរី ដែលធ្វើឲ្យកក្រើក Happy Palace នោះ ភោជនីយដ្ឋាននេះក៍មានតារាចម្រៀងល្បីៗច្រៀងប្រចាំហាងផងដែរ ដូចជា លោកសាន ផានិត, ពេជ្រ ពន្លឺ, អាន វិសាល , វណ្ណា ស័ក្ក, ង៉ូត សិលា , ស៊ិន សុផល ,អរិយា , ធា រ៉ានី និងឈឹម ស្រីអូន សុះ ម៉ាច ,វង្ស តារារតនា , ព្រាប សុវត្ថិ បុកល្ហុង , ធន់ ស្រីយ៉ា ជាដើម៕