Sunday, September 21, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ប្តីកាន់តែថ្នម មិនហ៊ានឃ្លាតមួយជំហាន

ឱក សុគន្ធកញ្ញា ប្តីកាន់តែថ្នម មិនហ៊ានឃ្លាតមួយជំហាន

តារាចម្រៀងឱក សុគន្ធកញ្ញា បានបីកូនប្រុសអ៊ឹង បញ្ញាបុត្រ ហៅឆាឡី ចេញពីមន្ទីរពេទ្យថៃ បំរ៉ុងរ៉ាត់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីនាងបានសម្រាកនៅពេទ្យមួយនេះ រយៈពេលជាង២សប្តាហ៍ ក្រោយសម្រាលកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្វីដែលនារីៗមួយចំនួនច្រណែននាងខ្លាំង គឺសុគន្ធកញ្ញា ត្រូវបានស្វាមីថ្នាក់ថ្នមកាន់តែខ្លាំង ពេលនាងនៅសរសៃខ្ចីនោះ ហើយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលជាថ្ងៃចេញខែកូនតារាចម្រៀងរូបនេះក៏បានយកកូនប្រុសទៅឱ្យព្រះសង្ឃនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ប្រោះព្រំលើករាសីនិងឱ្យកូនមានសុខភាពល្អផងដែរ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនោះ សុគន្ធកញ្ញា បានធ្វើពិធីជប់លៀងចេញខែកូនរបស់នាង ដោយមានតារាជិតស្និទ្ធជាច្រើនបានចូលរួមអបអរសាទរប្អូនថ្លៃថៅកែហង្សមាស រូបនេះទៀតផង ក្នុង នោះមានតារាចម្រៀងខេម ប៊ុនថៃ បានបីកូនស្រីទៅសួរសុខទុក្ខសុគន្ធកញ្ញា ដែរ។

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា នេះជាសេចក្តីសុខបំផុតសម្រាប់ឱក សុគន្ធកញ្ញា ដែលនាងមិនត្រឹមតែក្លាយជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការនោះទេ ប៉ុន្តែពេលនេះ ស្វាមីរបស់នាង លោកសុខលី កាន់តែស្រលាញ់នាងខ្លាំងថែមទៀត នៅពេលដែលសុគន្ធកញ្ញា សម្រាលបានកូនប្រុសនេះ។

ទោះជាយ៉ាងណា គេជឿថា សុគន្ធកញ្ញា នឹងតាមយកកូនស្រីឱ្យបាននៅឆ្នាំក្រោយនេះ ព្រោះនាងធ្លាប់និយាយថា ស្រលាញ់និងចង់បានកូនស្រី។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ពោលគឺរៀបការបានតែ៦ខែប៉ុណ្ណោះ ក៏បានកូន១។

តាមព័ត៌មានថា កូនប្រុសរបស់តារាចម្រៀងរូបនេះត្រូវបានបណ្តាក្រុមហ៊ុនស្ពតទាក់ទងផលិតផលទារក កំពុងតែដណ្តើមគ្នាចង់ឱ្យនាងបីកូនប្រុសឡង់សេផលិតផលរបស់ពួកគេ ហេតុនេះហើយទោះជាពេលនេះ សុគន្ធកញ្ញា នៅសរសៃខ្ចីមិនទាន់អាចឡើងច្រៀងសម្តែង លេងក្បាច់រាំក្តី ប៉ុន្តែនាងនៅត្រូវប៉ាន់ដដែល គឺមិនខុសពីអ្នកនាងគង់ សុជាតិ ឡើយ ដែលថា កូនស្រីរបស់នាងចេះរកលុយតាំងពីនៅតូច ព្រោះស្ពតពាណិជ្ជកម្មត្រូវការ។

ចំណែកឱក សុគន្ធកញ្ញា វិញ ពេលនេះនាងមិនទាន់កំណត់ពេលវេលាឡើងឆាកតន្ត្រីវិញទេ ទោះជា មានកម្មវិធីប្រំតន្ត្រីមួយចំនួននៅតែត្រូវការ ទោះពេលនេះ សុគន្ធកញ្ញា មិនទាន់រឹងដៃរឹងជើងក្តី៕

RELATED ARTICLES