ម៉ូលីកា នឹងដឹកដៃអនាគតស្វាមី លោកហុង មានុន រៀបការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ខាងមុខនេះហើយ ដែលពិធីជប់លៀងធំធ្វើនៅអគារ B ដឺព្រីមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។
អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានឱ្យដឹងថា នាងបានត្រៀមលុយក្នុងការចំណាយមង្គលការទាំងមូលចន្លោះពី១០ទៅ១៥ម៉ឺនដុល្លារ ហើយហៅភ្ញៀវជាច្រើន ក្នុងនោះមានទាំងតារាធ្លាប់រួមអាជីពជាមួយគ្នា និងអ្នកជំនួញរកស៊ីជាមួយនាងនាពេលកន្លងមក។

ការសម្រេចចិត្តចូលរោងការរបស់ម៉ូលីកា នៅពេលនេះ ដោយសារតែនាងជោគជ័យមុខជំនួញ ហើយជាពេលវេលាសមស្របមួយ បន្ទាប់ពីនាងបានស្វែងយល់ចិត្តគ្នាជាមួយគូស្នេហ៍ លោកហុង មានុន ហៅឆានុន រយៈពេល៣ឆ្នាំមកហើយ ទើបពេលនេះត្រូវតែរៀបការជាចំហតាមប្រពៃណីខ្មែរ នៅដើមឆ្នាំ២០២០នេះ ទៅតាមការដេញពេលាបានល្អដែលលោកអាចារ្យថា អ្នកទាំង២គឺជាអ្នកធ្វើជំនួញធំ ហេតុនេះហើយបើរៀបការនៅថ្ងៃនោះនឹងធ្វើឱ្យរាសីឡើងរកស៊ីកាន់តែកាក់កបថែមទៀត។

នៅក្នុងធៀបការបញ្ជាក់ថា កូនស្រីឈ្មោះអឿន ម៉ូលីកា (ម៉ីលីកា) ជាគូនិងកូនប្រុសឈ្មោះហុង មានុន ដែលមានទាំងឪពុកម្តាយទាំងសងខាងជាមេបាផងដែរ។

គេជឿថា មង្គលការរបស់ម៉ូលីកា ដែលជាថៅកែហាងអិនខេ មូលិកា ប៊ីយូធី ត្រេឌីងឯ.ក នឹងមាន ការតុបតែងយ៉ាងប្រណីតមិនចាញ់តារាល្បីៗដទៃទៀតឡើយ ខណៈដែលនៅឆ្នាំ២០១៩នេះ តារាដែលរៀបការចំណាយអស់លុយច្រើនជាងគេ គឺសួស វីសា (២០ម៉ឺនដុល្លារ), ឱក សុគន្ធកញ្ញា (ជាង១០ម៉ឺនដុល្លារ) និងកែវ សីហា (ជិត១០ម៉ឺនដុល្លារ)។

ដោយឡែក ម៉ូលីកា វិញ នាងត្រៀមចំណាយជាង១០ម៉ឺនដុល្លារ សម្រាប់ថ្ងៃពិសេសរបស់នាង ដែលនៅសល់ជាង១ខែទៀតនោះ។

គួររំលឹកថា ម៉ូលីកា បានផ្អាកអាជីពចម្រៀងនៅផលិតកម្ម Rock និងតាមឆាកតន្ត្រីទាំងឡាយ ដោយងាកមករកស៊ីជាមួយគូស្នេហ៍ដែលដំបូងផ្តើមពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាមអនឡាញ ហើយនាងក៏ឈានមកលក់ផលិតផលគ្រឿងសម្អាង នឹងបានសម្ពោធហាងរក្សាសម្រស់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលពេលនេះអាជីវកម្មរបស់នាងកាក់កបខ្លាំង រហូតធ្វើ ឱ្យនាងមានជីវភាពធូរធារទិញរថយន្តទំនើបៗជិះ ដូចជា Lexus RX450h និង Range Rover 2015 ជាដើម។

ម៉ូលីកា ជាអ្នកលក់ផលិតផលតាមអនឡាញដ៏លេចធ្លោម្នាក់ ហេតុនេះហើយមង្គលការរបស់នាងប្រាកដជាមានការទាក់ទាញពីអ្នករកស៊ីតាមអនឡាញខ្លាំងជាមិនខាន ព្រោះតែពួកគេចាត់ទុកថា នាងជាអ្នករសកស៊ីដ៏ជោគជ័យនិងផ្លាស់ប្តូរជីវភាពយ៉ាងរហ័សនាពេលកន្លងមក។

មង្គលការរបស់អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះនឹងធ្វើឱ្យបញ្ចប់ការសង្ស័យថា អ្នកទាំង២ រង្គោះរង្គើស្នេហ៍ ខណៈដែលប្រុសៗមួយចំនួនទៀតចង់ប្រជែងលោកឆានុន ចង់បានបេះដូងម៉ូលីកា ដែរ នឹងអស់សិទ្ធិតាមស្នេហាស្រីស្រស់ត្រឹមថ្ងៃនាងសម្រេចចិត្តលាភាពនៅលីវនេះហើយ៕







