Sunday, September 21, 2025
Homeតារាខ្មែរសួស វីសា ពិគ្រោះពេទ្យថៃ យកកូនភ្លោះ បង្ហួសទៅអឺរ៉ុបក្រេបចន្ទទឹកឃ្មុំបន្ត

សួស វីសា ពិគ្រោះពេទ្យថៃ យកកូនភ្លោះ បង្ហួសទៅអឺរ៉ុបក្រេបចន្ទទឹកឃ្មុំបន្ត

ភ្នំពេញ ៖ តារាចម្រៀងសួស វីសា បន្ទាប់ពីបានរៀបការរួច និងបានដើរកម្សាន្តក្រេចចន្ទទឹកឃ្មុំនៅទឹកដីឆ្នេរសមុទ្រខេត្តព្រះសីហនុ យ៉ាងត្រជាក់ល្អូកអស់ប៉ុន្មានថ្ងៃមក ពេលនេះនាងបាននាំប្តីហោះទៅប្រទេសថៃ ជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីដាក់ផែនការយកកូនភ្លោះនៅឆ្នាំ២០២០ខាងមុខ ដោយមិនបង្អង់ទុកយូរទៀតទេ។

សួស វីសា បានបង្ហាញរូបភាពនាងនិងប្តីនៅមន្ទីរពេទ្យបំរុងរ៉ាត់ ក្នុងទីក្រុងបាងកក ប្រទេសថៃ តាមគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ជាមួយសំណេរថា “ឆ្លៀតពេលមករឿងរកស៊ីផង និងដើរកម្សាន្តផង ហើយក៏ឆ្លៀតមកពិនិត្យសុខភាពនិងពិគ្រោះជាមួយដុកទ័រ ដើម្បីសាកសួរអំពីព័ត៌មានឱ្យហើយសម្រាប់ឆ្នាំក្រោយ”។

បន្ទាប់ពីបានឃើញរូបភាពនិងសំណេររបស់សួស វីសា ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានអបអរសាទរចំពោះចំណងស្នេហាផ្អែមល្ហែមរបស់នាងនិងស្វាមី ជាមួយនេះ ក៏មានអ្នកខ្លះឈ្លេចសួរក្នុងខ្ទង់បញ្ចេញយោបល់ថា “យកកូនភ្លោះឬ?” ហើយសួស វីសា បានឆ្លើយតបថា “ចាស” ដែលបញ្ជាក់ថា នាងពិតជាមានគម្រោងយកកូនភ្លោះមែន ដោយប្រើជំនួយផ្នែកវិទ្យាសាស្ត្រពេទ្យ ហើយក៏មានអ្នកគាំទ្រមួយចំនួនបានជូនពរឱ្យនាងសម្រេចបានដូចបំណង។

សួស វីសា បានឱ្យដឹងថា ក្រោយរៀបការរួចនេះ នាងនឹងបន្តផ្អាកការងារសិល្បៈរហូតដល់ដំណាច់ឆ្នាំ២០១៩នេះតែម្តង ដើម្បីបន្តដំណើរកម្សាន្តនៅបណ្តាប្រទេសប៉ែកអឺរ៉ុប យ៉ាងតិច៨ប្រទេសទៀត។

សួស វីសា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ថា “ជារៀងរាល់ឆ្នាំ សកម្មភាពក្នុងវិស័យសិល្បៈរបស់ខ្ញុំចំពោះការទៅចូលរួមសម្តែងខនសឺតតូចធំនានា មិនថាទីតាំងជិតឬឆ្ងាយ ទោះធ្វើដំណើរដាច់យប់ឆ្លងខេត្តមួយចូលខេត្តមួយ ជួនកាលមេឃភ្លឺ បានមកដល់ផ្ទះ ដល់ផ្ទះហើយ ពេលខ្លះចូលផ្ទះ យកតែខោអាវមួយភ្លែតហើយ ឡើងឡានបន្តទៅខេត្តផ្សេងទៀតក៏មានដែរ តែវាមិនមែនតែខ្ញុំទេគឺឱ្យតែជាអ្នកសិល្បៈ អ្នកណាៗក៏ជួបបែបនេះដែរព្រោះវាជាអាជីព”។

វីសា បន្ថែមថា “សរុបសេចក្តីមក សំណេរដែលខ្ញុំបានសង្ខេបខាងលើនេះ គឺចង់ជម្រាបដល់ពូមីង បងប្អូនថា ខ្ញុំនឹងសុំច្បាប់ផ្អាកសកម្មភាពសិល្បៈនិងការសម្តែងនានា ចំនួនមួយខែកន្លះ ដោយនាងខ្ញុំ មិនទទួលការងាររាប់ចាប់ពីថ្ងៃបុណ្យ Christmas និងបុណ្យឆ្លងឆ្នាំសកល នឹងបន្ថែមឈប់សម្រាក ក្នុងខែ១ពេញមួយខែតែម្តង។ មូលហេតុគឺនាងខ្ញុំនឹងត្រូវធ្វើដំណើរកម្សាន្តទៅប៉ែកអឺរ៉ុប ជាច្រើនប្រទេស និយាយរួម គឺចង់សុំពេលមួយខែកន្លះនេះ ដើម្បីបានបំពេញន័យឱ្យជីវិតខ្លួនឯងបានឈប់សម្រាក និងលំហែកាយបានខ្លះ ព្រោះខំប្រឹង និងហត់នឿយមកយូរឆ្នាំហើយ”។

វីសា បន្ថែមទៀតថា “អាស្រយ័ដូចបានជម្រាបជូនខាងលើនេះ សង្ឃឹមថា បងប្អូននឹងអស់ចម្ងល់ និងអស់ការសង្ស័យថា ហេតុអីបានជាបាត់មុខខ្ញុំ និងមិនឃើញខ្ញុំឡើងសម្តែងតាមខនសឺតនានាដូចរាល់ដង? នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនហង្សមាស ដែលលោកតែងតែយោគយល់អនុញ្ញាតច្បាប់ និងតែងតែអធ្យាស្រយ័ដល់គ្រប់កូនចៅទាំងអស់ ដែលជ្រកកោនក្រោមដំបូលផ្ទះ ជាពិសេសគឺរូបខ្ញុំផ្ទាល់តែម្តង”។

គួរបញ្ជាក់ថា តារាចម្រៀងសួស វីសា បានរៀបការតាមប្រពៃណីជាមួយគូដណ្តឹង លោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើពិធីជប់លៀងធំ១២០តុ នៅអគារប្រណីត ដឺព្រីមៀរសេនធឺរ សែនសុខ ចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ៕

RELATED ARTICLES