Sunday, September 21, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី នៅតែមិនព្រមធ្វើតួម្តាយ ថែមទាំងនិយាយពីលក្ខណៈខុសគ្នារវាងផលិតករខ្មែរ និងបរទេស

កែវ ពេជ្រពិសី នៅតែមិនព្រមធ្វើតួម្តាយ ថែមទាំងនិយាយពីលក្ខណៈខុសគ្នារវាងផលិតករខ្មែរ និងបរទេស

តារាសម្តែងកែវ ពេជ្រពិសី បានអះអាងថា នាងវិលត្រឡប់មករកអាជីពសិល្បៈវិញ ហើយនៅចុងឆ្នាំ២០១៩នេះ តាមរយៈការទទួលការងារសិល្បៈដូចមុនឡើងវិញ។ ទោះជាយ៉ាងណា ពេជ្រពីសី នៅតែប្រកាន់ជំហរថា នាងមិនអាចទទួលយកតំណែងជាតួម្តាយ ឬបងស្រីបានទេ ព្រោះនាងយល់ថា ការដាក់ឱ្យនាងលេងតួប្រភេទនេះ គឺវ័យរបស់នាងមិនទាន់ស័ក្តិសមឡើយ។

កែវ ពេជ្រពិសី បានឱ្យដឹងថា អ្នកដឹកនាំសម្តែងនិងអ្នកនិពន្ធខ្លះ មិនឱ្យតម្លៃតួ ទើបបានជាឱ្យតែវ័យគ្នាច្រើនបន្តិចឱ្យលេងតួម្តាយ ឬបងស្រី ហើយចង់បានតែតួ១៨ឆ្នាំធ្វើជាតួឯក។

ពិសី បន្តថា បានតស៊ូជាមួយអាជីពសិល្បៈជាង១០ឆ្នាំមកហើយ អ៊ីចឹងពេលនេះនាងទើបមានវ័យជាង៣០ឆ្នាំទេ មិនគួរណាអ្នកដឹកនាំចង់ឱ្យនាងលេងតែធ្វើជាតួម្តាយ ឬបងស្រីបែបនេះឡើយ។

ពិសី បន្ថែមថា ផលិតករខ្មែរ ខុសពីបរទេស គឺបរទេសគេឱ្យតម្លៃទៅលើសមត្ថភាពរបស់តួ បើតួនោះល្បី មានសមត្ថភាពល្អ ទោះជាអាយុប៉ុន្មានក៏នៅតែលេងជាតួឯកបានដែរ។

យ៉ាងណា កែវ ពេជ្រពិសី បានឱ្យដឹងថា នាងមិនមែនប្រកាន់តែចរិតតួឯក ឬទាល់តែបានតួធំ ទើបនាងលេងនោះទេគឺនាងចង់បានតំណែងជាតួមួយដែលស័ក្តិសមជាមួយនាង អាចលេងបានដែរ ទើបនាងព្រមថត។

ពិសី បន្ថែមទៀតថា មួយរយៈមុនមានផលិតករទាក់ទងឱ្យនាងថតច្រើនរឿងដែរ ប៉ុន្តែនៅពេលគេថា ឱ្យនាងលេងជាតួម្តាយ ឬបងស្រីនោះនាងក៍ផ្អាកការសម្តែងនេះមួយរយៈសិន រហូតមកដល់ពេល នេះមិនទាន់មានគម្រោងថតរឿងថ្មីទេ។

កែវ ពេជ្រពិសី បានឈានដល់ចំណុចកំពូលកាលពីឆ្នាំ២០០៧-២០១០ ដែលពេលនោះ ទាំង MV និងភាពយន្ត នាងសម្តែងលេចធ្លោខ្លាំង។ យ៉ាងណា ក្រោយពេលរៀបការជាមួយអាណិកជនខ្មែរនៅអូស្ត្រាលី លោកចន្ថា ស្រី ហើយលែងលះគ្នាទាំងចម្រូងចម្រាសនោះ ពេជ្រពិសី បានធ្លាក់ចុះខ្សោយវិញហើយ នាងផ្តោតតែលើការពង្រឹងហាងសម្អាងការជាងការងារសិល្បៈ។

ថ្មីៗនេះដែរ ពេជ្រពិសី ជួបទុក្ខធំដោយសារម្តាយរបស់នាង អ្នកស្រីកែវ ស៊ីណា ទទួលមរណភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ធ្វើឱ្យពេជ្រពិសី យំស្ទើររៀងរាល់រាត្រីព្រោះនឹកម្តាយពេក។ ប៉ុន្តែ ពេលនេះ ពេជ្រពិសី បានសម្រេចចិត្តវិលរកអាជីពចាស់វិញហើយ ដោយគ្រោងចាប់ដៃគូចាស់ លោកយូ ឌីស្កូ ទៀតផង៕

RELATED ARTICLES