Sunday, September 21, 2025
Homeតារាខ្មែររិន សាវ៉េត រៀបការហើយ ត្រៀមចេញទៅបារាំងជាមួយភរិយា?

រិន សាវ៉េត រៀបការហើយ ត្រៀមចេញទៅបារាំងជាមួយភរិយា?

តារាចម្រៀងរិន សាវ៉េត បានដឹកដៃគូស្នេហ៍ថ្មី អ្នកនាងលឹម គីមហ្គេច រៀបការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានពិភពថ្មី សែនសុខ អគារ “E” ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរក្នុងកម្មវិធីជប់លៀងដែលរៀបចំ៨០តុ។

នេះជាការបញ្ចប់ជីវិតពោះម៉ាយរបស់រិន សាវ៉េត ដែលរស់នៅពីរនាក់កូនប្រុសរយៈពេលជិត៣ឆ្នាំ បន្ទាប់ពីភរិយាទី១ អ្នកនាងគង់ សាវី បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយជំងឺមហារីក។

រិន សាវ៉េត បង្ហាញអារម្មណ៍រីករាយខ្លាំងណាស់នៅពេលដែលមិត្តរួមអាជីពទៅជូនពរជ័យ សូមឱ្យគេនិងភរិយាថ្មីចាប់ដៃគ្នាដល់ចាស់កោងខ្នង ខណៈដែល មុនរៀបការ សាវ៉េត បាននិយាយថា រូបគេ រៀបការឆ្នាំនេះ ដោយសារតែមិនចង់ឱ្យកូនប្រុសរស់នៅកំព្រារងាឯកោតែម្នាក់ឯងទៀត ពិសេសពេលដែលលោកចេញទៅច្រៀងសម្តែងនៅបរទេសនោះ ពិបាកផ្ញើកូននៅគេ ប៉ុន្តែឥឡូវគេមានម្តាយហើយ។

រិន សាវ៉េត បានភ្ជាប់ពាក្យកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ជាមួយនាងលឹម គីមហ្គេច ដែលជាអាណិកជនខ្មែររស់នៅប្រទេសបារាំង មានជំនាញខាងច្នៃម៉ូដកាបូប ហើយក្រោយរៀបការ សាវ៉េត អាចនឹងចេញដឹកដៃប្រពន្ធថ្មីទៅក្រេបចន្ទទឹកឃ្មុំនៅបារាំង ជាមិនខាន ស្របពេលដែលប្រពន្ធតារា ចម្រៀងរូបនេះនឹងចុះឡើងៗពីបារាំង មកខ្មែរ តែអាចធានាសាវ៉េត ឱ្យទៅរស់នៅប្រទេស បារាំង តាមចិត្តចង់របស់តារាហង្សមាសរូបនេះ។

រិន សាវ៉េត ត្រូវបានគេហៅថា ជាតារាចម្រៀងកម្សត់ ព្រោះក្នុងចំណោមតារាចម្រៀងនៅហង្សមាស រូបគេមានជីវភាពលំបាកជាងគេ ដោយរស់នៅផ្ទះជួល និងជិះម៉ូតូកញ្ចាស់ ពេលត្រូវភ្លៀងធាក់មិនឆេះឡើយ។

ប៉ុន្តែពេលនេះ សាវ៉េត មានជីវភាពធូរធារហើយ ព្រោះត្រូវលោកនាយករដ្ឋមន្ត្រី ទិញផ្ទះឱ្យ១ល្វែង រួចផុតជីវិតរស់នៅផ្ទះជួលគេ។ ដោយឡែក នៅមុនដំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ សាវ៉េត ក៏រក បានភួយសាច់មកដណ្តប់ឱ្យមានកម្តៅជីវិតបញ្ចប់ភាពពោះម៉ាយជិត៣ឆ្នាំកន្លងមក៕

RELATED ARTICLES