អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ កញ្ញាហ៊ិន លីដា អះអាងថា ទោះជានៅឆ្នាំ២០១៩នេះ នាងឃើញតារាប្រុសស្រីជាច្រើនដួងសម្រុកគ្នារៀបការមែន ប៉ុន្តែសម្រាប់នាងគឺមិនប្រញាប់ក្នុងការលាភាពនៅលីវតាមរយៈការដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរឆាប់ៗនេះឡើយ។

ប៉ុន្តែតារាចម្រៀងស្រអែមស្រស់ កញ្ញាលីដា ថា នឹងរៀបការជាមួយគូស្នេហ៍នៅពេលវេលាសមស្របណាមួយនាពេលខាងមុខ។

ហ៊ិន លីដា វាចាថា “ពួកយើងបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ តែការរៀបការអី នៅមិនទាន់អាចគិតដល់ទេ ព្រោះគិតថា យើងនៅក្មេងៗដែរ។ ខ្ញុំមិនទាន់ចង់រៀបការពេលហ្នឹងទេ អាចប្រើពេលច្រើនឆ្នាំទៀត ប៉ុន្តែខ្ញុំនិងគាត់ច្បាស់លាស់ជាមួយគ្នាអស់ទៅហើយ។ ពួកយើងនឹងធ្វើពិធីនេះនៅពេលវេលាសមស្របណាមួយ”។

ហ៊ិន លីដា ទោះជាសារភាពថា មានប្រុសស្នេហ៍ទៅហើយក្តី ប៉ុន្តែនាងមិនដែលហ៊ានបណ្តើរគូស្នេហ៍ជាសាធារណៈគ្រប់ពេលដូចមិត្តរួមអាជីពឡើយហើយថែមទាំងព្យាយាមលាក់មុខកំណាន់ចិត្តមិនឱ្យគេស្គាល់ទៀតផង។

ការប្រកាសពន្យារពេលរៀបការរបស់ហ៊ិន លីដា នៅពេលនេះស្របពេលដែលតារាចម្រៀងសំនៀងក្រអូនក្រអៅរូបនេះមិនទាន់រកបានទ្រនំជ្រកនៅឡើយ គឺយូរៗនាងចេញបទចម្រៀងមួយបទ ហើយចំណាយថវិកាផ្ទាល់ខ្លួនក្នុងការផលិតដោយខ្លួនឯង។

ហ៊ិន លីដា បន្ថែមថា “ខ្ញុំធ្វើបទចម្រៀងចេញតាមយូធូប ហើយឃើញមានការគាំទ្រគួរសមដែរ។ ពេលខ្លះខ្ញុំច្រៀងបទខ្លួនឯងដែរនៅតាមកម្មវិធីផ្សេងៗ ព្រោះបទខ្លះមានគេស្គាល់ច្រើន។ ខ្ញុំមិនប្រកាន់គោលជំហរថា នឹងធ្វើបទចម្រៀងខ្លួនឯងរហូតដោយមិនចូលផលិតកម្មណានោះទេ គឺយើងធ្វើទៅតាមពេលវេលា បើមានផលិតកម្មណាដែលគេមានលក្ខខណ្ឌល្អជាមួយយើង ខ្ញុំនឹងចូលច្រៀង។ កន្លងមកមានគេហៅចូលផលិតកម្មដែរ តែកាលហ្នុងខ្ញុំអត់ទាន់ចង់ច្រៀងនៅផលិតកម្ម ចង់ធ្វើខ្លួនឯង ទើបមិនចូលច្រៀងនៅផលិតកម្មដូចគេ”។

ហ៊ិន លីដា ជាអតីតបេក្ខនារី Cambodian Idol រដូវកាលទី២ តែមិនអាចប្រជែងយកពានបានឡើយ ដោយសាតែកញ្ញាឈិន ម៉ានិច្ច មានប្រៀបជាងរហូតក្លាយទៅជាម្ចាស់ជ័យលាភី។ ពេលនេះ លីដា ជាតារាចម្រៀងប្រចាំហាងវីហ្វ្រេន ហើយនាងមានទឹកដមសំឡេងលេចធ្លោជាងគេក្នុងចំណោមតារា ចម្រៀងនៅទីនោះ រួមមានទាំងកញ្ញាពេជ្រ ច័ន្ទធីតា ផងដែរ៕