ព្រាប សុវត្ថិ បានលេចមុខច្រៀងរាំនៅភោជនីយដ្ឋាន Happy Palace តន្រ្ដី និងខេធីវី ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បង្កឲ្យភ្ញៀវជាច្រើនបានហ៊ោកញ្ច្រៀវពេញហាង និងកាន់ទូរស័ពុ្ទព្រោងព្រាតថតកំពូលតារាមចម្រៀងរូបនេះ នៅពេលដែលលោកច្រៀងសម្ដែងបទល្បីៗបំពេរភ្ញៀវដែលចូលទៅកន្សាន្ដនៅទីនោះ។

អ្នកខ្លះស្រែកហៅព្រាប សុវត្ថិ ថាជា ”Idol” និងខ្លះទៀតហៅថាជា ”បងស្នាយ” ដែលធ្វើឲ្យតារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះ សប្បាយរីករាយចិត្តជាខ្លាំងជាមួយកាយវិការបង្ហាញភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រ។

តារាចម្រៀងល្បីល្បាញដែលឈរជើងនៅហង្សមាស ២២ឆ្នាំនេះ បានលើកយកបទចម្រៀងល្បីរបស់ខ្លួន មកអូសទាញអ្នកគាំទ្រឲ្យស្លុងអារម្មណ៍ជាមួយបទចម្រៀងរបស់លោក តាមរយៈបទ”សង្សារ១ខែ២ខែ”, ”ក្បត់ហួសទៅហើយ”, ”អាចក់អាចែម”, ”មាន់ស្រែបន្លែស្រស់” និងបទ ”រាំកូរណាស់ចែ”…”។
សំឡេងលាន់ឮយ៉ាងកងរំពងពេញហាង Happy Palace ខណៈដែលក្រុមរាំរបស់ព្រាប សុវត្ថិ បានបង្ហាញក្បាច់រាំយ៉ាងជក់ចិត្តដល់អ្នកទួស្សនាផ្ទាល់ ស្របពេលដែលពិធីការិនីសុខ សោម៉ាវត្ដី ជាអ្នកអត្ថាធិប្បាយពីវត្តមានដ៏កម្រររបស់កំពូលតារាចម្រៀងរូបនេះ។

ព្រាប សុវត្ថិ បាននិយាយថា លោកពិតជារីករាយដែលអ្នករៀបចំកម្មវិធីបានអញ្ជើញលោក ឲ្យមកជួបបងប្អូននៅទីនេះ ហើយលោកសង្ឃឹមថា នឹងមកទីនេះម្ដងទៀត ដោយពាំនាំយកបទចម្រៀងល្បីៗមកបំពេអារម្មណ៍បងប្អូននៅឱកាសក្រោយលើកក្រោយៗទៀតជាមិនខាន។

គ្រាន់តែចុះពីលើឆាកភ្លាម ព្រាប សុវត្ថិ ត្រូវបានស្រីស្អាតៗព័ទ្ធចោមរោមឱបថើបស្ទើរតែមិនអាចរើរខ្លួនរួចឡើយ។ អ្នកដែលទៅទស្សនាការសម្ដែងរាំច្រៀងរបស់លោកព្រាប សុវត្ថិ ផ្ទាល់ និយាយថា ព្រាប សុវត្ថិ នៅតែមានសន្ទុះគាំទ្រខ្លាំងក្លាដដែល តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកជាតារាចម្រៀងម្នាក់ដែលមានភាពស្និទ្ធស្នាលខ្លាំងជាមួយអ្នកគាំទ្រ ដោយមិនចេះឆ្មើងឆ្មៃម្ដងណាឡើយ។

លោកជា នី ថៅកែភោជនីយដ្ឋាន Happy Palace តន្រ្ដីនិងខេធីវី បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ពិសេសដែលជាខួបគម្រប់១ឆ្នាំរបស់ហាងលោក ក្រោមការឧបត្ថមពីស្រា Jack Daniel’s។ វត្តមានរបស់លោកព្រាប សុវត្ថិ ពិតជាមានការទាក់ទាញភ្ញៀវខ្លាំងមែន រហូតដល់អតិថិជនកក់តុពេញអស់តែម្ដង ដែលធ្វើឲ្យភ្ញៀវមកក្រោយគ្មានកន្លែងអង្គុយទៀតផង។

លោកនី ថា សប្បាយចិត្តណាស់ដែលតារាចម្រៀងល្បីល្បាញដូចលោកព្រាប សុវត្ថិ មកច្រៀងនៅហាងរបស់លោក ដែលធ្វើឲ្យហាងនេះកាន់តែល្បី និងមានអតិថិជនគាំទ្រច្រើនថែមទៀត។ សម្រាប់កម្មវិធីពិសេសលើកក្រោយៗទៀត លោកនៅតែនាំយកតារាល្បីៗមកជួបអតិថិជនជាបន្ដទៀត ដើម្បីជាការតបស្នងឲ្យភ្ញៀវទាំងអស់បានសប្បាយរីករាយជួប Idol របស់ពួកគាត់ដោយផ្ទាល់៕