ខេម ប៊ុនថៃ ហៅសិរីមន្ត បានដឹកដៃភរិយាកូន៣ អ្នកនាងកុយ ផល្លី ទៅសាសងស្នេហ៍រយៈពេល១៨ថ្ងៃនៅលើទឹកដីបារាំង ដោយបានឡើងយន្តហោះ កាលពីថ្ងៃទី១២ ខែធ្នូ ហើយតាមគម្រោងត្រូវវិលវិញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

តាមព័ត៌មានបានឱ្យដឹងថា ក្រៅពីស្អិតល្មួតជាមួយភរិយានោះ សិរីមន្ត ក៏បានរួមដំណើរជាមួយតារាចម្រៀងចំរើន សុភ័ក្រ ផងដែរ ហើយតារាជ្រកកោនក្រោមដំបូលផលិតកម្មតែមួយនេះត្រូវបានក្រុមហ៊ុនមួយនៅបារាំង ហៅឱ្យទៅច្រៀងរយៈពេល២សប្តាហ៍ សម្រាប់អបអរមុនថ្ងៃឆ្លងឆ្នាំ ជាពិសេសគឺនៅថ្ងៃ Marry Christmas ២៥ធ្នូ នោះ ទាំងសិរីមន្ត និងសុភ័ក្រ មានការច្រៀងសម្តែងរួមគ្នាទ្រង់ទ្រាយធំតែម្តង។

ចំរើន សុភ័ក្រ ធ្លាប់ប្រាប់មុនឡើងយន្តហោះថា នាងនិងសិរីមន្ត នឹងច្រៀងសម្តែងរួមគ្នាជាលើកដំបូងនៅលើទឹកដីបារាំង រយៈ ពេលជាង២សប្តាហ៍ ហើយនឹងវិលវិញតាមការកំណត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ នាងថា បានត្រៀមបទចម្រៀងជាច្រើនក្នុងការធ្វើឱ្យបងប្អូននៅបារាំង បានសប្បាយរីករាយនៅថ្ងៃគ្រីស្មាស ខាងមុខនោះ។

ទោះជាម្ចាស់ Sponsor ហៅតែខេមរៈ សិរីមន្ត ទៅច្រៀងសម្តែងរួមគ្នាជាមួយកញ្ញាចំរើន សុភ័ក្រ ក្តី ប៉ុន្តែលោកសិរីមន្ត ត្រូវតែឆ្លៀតឱកាសនេះយកភរិយារបស់ខ្លួនទៅឱបរឹតសាងអនុស្សារីយ៍ថែមទៀតលើទឹកដីបារាំង ដែលពេលនេះចំរដូវធ្លាក់ព្រិលផង ធ្វើឱ្យពួកគេឱបថើបគ្នាស្អិតល្មួតស្ទើរតែមិនអាចប្រឡេះចេញបានឡើយ។

គួរបញ្ជាក់ថា មុនដឹកដៃប្រពន្ធទៅសាងអនុស្សារីយ៍ស្នេហ៍លើទឹកដីបារាំងនេះ ខេមរៈ សិរីមន្ត ទើបតែបានធ្វើពិធីជប់លៀងធំខួបកំណើតកូនស្រីទី៣ ឈ្មោះថុន ខេមរៈមន្តរាជនី គម្រប់អាយុ១ឆ្នាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។

ដោយឡែក ការនាំប្រពន្ធទៅសាសងស្នេហ៍លើទឹកដីបារាំង រយៈពេលជាង២សប្តាហ៍នេះ គឺចំពេលដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ កំពុងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយា អ្នកស្រី ឡុង ស្រីមុំ នៅក្នុងស្រុកផងដែរ ទើបធ្វើឱ្យមហាជនបានលើកឡើងថា គូស្នេហ៍២គូនេះមើលទៅយុវវ័យសុំខ្មាសហើយ៕
