Sunday, September 21, 2025
Homeតារាខ្មែររិន សាវ៉េត មិនចង់ទៅរស់នៅបារាំង ស្រាប់តែភរិយា ថា...

រិន សាវ៉េត មិនចង់ទៅរស់នៅបារាំង ស្រាប់តែភរិយា ថា…

អ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រិន សាវ៉េត បានដឹកដៃអាណិកជនខ្មែរមកពីបារាំង អ្នកនាងលឹម គីមហ្គេច រៀបការតាមប្រពៃណីខ្មែររួចហើយ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានពិភពថ្មីសែនសុខ អគារ “E” ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរតារាចម្រៀងកម្សត់របស់ ផលិតកម្មរស្មីហង្សមាស រូបនេះ។

រិន សាវ៉េត បានឱ្យដឹងថា លោកមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានរៀបការជាមួយមនុស្សស្រីជាទីស្រលាញ់ ក្រោយពីលោកនិងអ្នកនាងគីមហ្គេច បានស្វែងយល់ចិត្តគ្នាជិត៣ឆ្នាំ។

តារាហង្សមាស រូបនេះ បានរំលឹកកំណើតស្នេហ៍ថា អ្នកនាងគីមហ្គេច ជាអ្នកចូលចិត្តធ្វើបុណ្យណាស់តែងផ្ញើលុយតាមលោកយកទៅជូនទុរគតជនមួយចំនួនដែលមានជីវភាពលំបាកនៅកម្ពុជា។ ក្រោយមកទំនាក់ទំនងរវាងលោកនិងនាងក៏ចាប់ផ្តើមទៅជាស្នេហារហូតដល់ថ្ងៃរៀបការនេះ ដែលចំណុចពិសេសបំផុតរបស់ភរិយា គឺលោកពេញចិត្តអ្នកនាងគីមហ្គេច ត្រង់ថា ស្រលាញ់កូនប្រុសលោកដូចកូនបង្កើតអ៊ីចឹង។

ដោយឡែក ភរិយារិន សាវ៉េត អ្នកនាងគីមហ្គេច វិញ បានឱ្យដឹងដែរថា នាងពីមុនមិនមែនជាអ្នកចូលចិត្តស្តាប់បទចម្រៀងរបស់បងសាវ៉េត ទេ ប៉ុន្តែមូលហេតុដែលអ្នកនាងស្រលាញ់ ហើយព្រមរៀបការជាមួយគាត់ ព្រោះតែតារាចម្រៀងហង្សមាស រូបនេះ “ស្លូត” តែម្តង។

រិន សាវ៉េត ថា ក្រោយរៀបការរួច លោកអាចនឹងទៅលេងខាងប្រពន្ធនៅឯប្រទេសបារាំង ដោយចុះឡើងៗបាន តែបើឱ្យលោកទៅរស់នៅស្រុកគេ គឺលោកមិនចេះរស់នៅឡើយ ព្រោះចិត្តចង់តែរស់នៅស្រុកខ្មែរទេ។

ចំណែកអ្នកនាងគីមហ្គេច បានតបថា នាងអាចមករស់នៅស្រុកខ្មែរ តាមប្តី ព្រោះនាងក៏មានមុខរបរនៅស្រុកខ្មែរផងដែរ។

សិល្បករជាច្រើនបានទៅចូលរួមកម្មវិធីជប់លៀងមង្គលការ រិន សាវ៉េត ដែលបញ្ចប់ជីវិតពោះម៉ាយ ជ្រើសគូស្នេហ៍ថ្មីជាអាណិកជនក្រៅស្រុកនេះ ហើយពួកគេនិយាយថា ចាប់ពីពេលនេះតទៅ សាវ៉េត លែងកម្សត់ទៀតហើយ ព្រោះរកម្តាយបានឱ្យកូនប្រុសហៅដូចគេដែរ។

រិន សាវ៉េត មិនបញ្ជាក់ថា មង្គលការរបស់ខ្លួនចំណាយអស់ទឹកប្រាក់ប៉ុន្មានទេ គ្រាន់តែថាជប់លៀង ៨០តុ ហើយលោកនឹងយកកូនទៅតាមធម្មជាតិ។

តារាចម្រៀងហង្សមាស ដែលភរិយាទី១ អ្នកនាងគង់ សាវី ស្លាប់ចោលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយជំងឺមហារីកនេះ ក៏បានសុំខមាទោសចំពោះដួងវិញ្ញាណខណ្ឌភរិយាដែរ ដែលពេលនេះលោកត្រូវយកភរិយាថ្មី ព្រោះមិនអាចរស់នៅម្នាក់ឯងអស់១ជីវិតបានទេ ហើយការយកប្រពន្ធថ្មីនៅពេលនេះ ដើម្បីឱ្យកូនប្រុសមានភាពកក់ក្តៅក្នុងគ្រួសារដូចគេដែរ៕

RELATED ARTICLES