ខេត្តប៉ៃលិន ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ និងជាអតីតតារាកំប្លែងរួមក្រុមនាយពែកមី គឺសុខ មេសា ហៅនាយចឺម ត្រូវបានយុវជនម្នាក់វាយសំពងនឹងដំបងឈើ ជ្រុងបណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងដំណំ ដោយចោទប្រកាន់នាយចឺម ឆាតញ៉ែសង្សាររបស់គេ។ ករណីនេះត្រូវបាននាយចឺម ដែលជាជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ហេតុការណ៍នេះបានកើតឡើង៣ថ្ងៃបន្ទាប់ពីបានប្រកាសតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ត្រៀមចេញបទចម្រៀងថ្មីឆាប់ៗនេះផ្ញើជូនអ្នកចូលចិត្តញ៉ែសង្សារគេ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់វាយបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសុខ មេសា ហៅនាយ ចឺម អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ និងជាអតីតតារាកំប្លែងរួមក្រុមនាយពែកមី មានលំនៅក្នុងភូមិត្រាចកោះ ឃុំមហាប្ញស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សង្កាត់ សាលាក្រៅ។
ប្រភពដដែលបន្តថា បើតាមការសារភាពរបស់ជនសង្ស័យ បានបញ្ជាក់ឱ្យដឹងថា ខ្លួនពិតជាបានយកកំណាត់ឈើប្រវែងប្រហែលកន្លះម៉ែត្រវាយជនរងគ្រោះ (នាយចឺម) ប្រាកដមែន។ មូលហេតុដោយសារតែការប្រចណ្ឌ ព្រោះនាយចឺម ដែលជាតារាចម្រៀងបានឆាតទៅរកសង្សាររបស់ខ្លួនជារៀងរាល់ថ្ងៃក្នុងន័យស្នេហា ទើបធ្វើឱ្យរូបគេទ្រាំមិនបានក៏តាមវ៉ៃបែបនេះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រើកំណាត់ឈើប្រវែងប្រហែល០,៥ម៉ែត្រ វាយជនរងគ្រោះ (នាយចឺម) បណ្តាលឱ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលដេរចំនួន៥ថ្នេរ ព្រមទាំងបណ្តាលឱ្យបែកទូរស័ព្ទទំនើបម៉ាក Iphon X ចំនួន១គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង)។
ពាក់ព័ន្ធករណីនេះ នាយក្រូច ដែលត្រូវជាឪពុកមាបង្កើតរបស់នាយចឺម បានបញ្ជាក់ឱ្យដឹងតាមរយៈវីដេអូឡាយនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ថា ករណីក្មួយរបស់ខ្លួន (នាយចឺម) ត្រូវគេវ៉ៃនោះគឺជារឿងពិត។

តាមសម្តីនាយក្រូច បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាយចឺម បានធ្វើដំណើរទៅខេត្តប៉ៃលិន ដើម្បីចូលរួមពិធីខួបកំណើតកូនរបស់មិត្តភក្តិខ្លួន (នាយក្រូច) ដែលនាយចឺម ក៏បានរាប់អានគ្នាយ៉ាងជិតស្និទ្ធផងដែរ ចំណែកខ្លួនក៏បានធ្វើដំណើរទៅដែរ ប៉ុន្តែទៅជិតដល់ប៉ៃលិន ទៅហើយ បែរជារថយន្តខូចក៏សម្រេចជួលរថយន្តគេអូសមកជួសជុលនៅខេត្តបាត់ដំបង រួចបន្តដំណើរត្រឡប់មកភ្នំពេញវិញព្រោះមានកម្មវិធីជាច្រើន ដោយទុកឱ្យនាយចឺម ទៅតែម្នាក់ឯង ដោយមានតៃកុងឡាន ទៅជាមួយដែរ។
នាយក្រូច បានបន្តថា បន្ទាប់ពីចប់កម្មវិធីខួបកំណើតនោះរួច នាយចឺម ក៏ស្នាក់នៅខេត្តប៉ៃលិន (ផ្ទះម្ចាស់កម្មវិធី) ១យប់ទៀត គាប់ជួននៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលម្ចាស់ផ្ទះរវល់ឡើងទៅងូតទឹកមួយភ្លែត ហើយនាយចឺម កំពុងឈរលេងនៅខាងមុខផ្ទះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ប្រដាប់ដោយដំបងឈើជ្រុងស្ទុះមកវាយសំពងចំក្បាលនាយចឺម១ដំបង ទាំងដែលនាយចឺម កំពុងឈរភ្លេចខ្លួនធ្វើឱ្យវង្វេងវង្វាន់។

បន្ទាប់មក ជនសង្ស័យបានវាយបន្ថែមជាច្រើនដំបងទៀត ទើបនាយចឺម បានស្ទុះរត់ចូលទៅក្នុងហាងម៉ាស្សាមួយនៅក្បែរនោះ និងបានព្យាយាមស្រែកហៅគេឯងឱ្យជួយដែរ តែមិនមានអ្នកណាហ៊ានចូលជួយឡើយ ទី១ដោយមិនបានស្គាល់ច្បាស់ថា ជនរងគ្រោះគឺជានាយចឺម និងទី២ ដោយសារមិនដឹងថាមានរឿងអ្វីឱ្យពិតប្រាកដ ជាហេតុធ្វើឱ្យជនសង្ស័យមានឱកាសតាមវ៉ៃនាយចឺម ថែមជាច្រើនដំបងទៀតដល់ក្នុងហាងម៉ាស្សានោះ បណ្តាលឱ្យនាយចឺម រងរបួសធ្ងន់ត្រង់ក្បាល ដៃជើង ដងខ្លួន និងបែកទូរស័ព្ទ១គ្រឿងខ្ទេច។
នាយក្រូច បានឱ្យដឹងទៀតថា ក្រោយពេលវាយសំពងនាយចឺម រួចហើយ ជនសង្ស័យក៏បានស្ទុះរត់គេចខ្លួនឆ្លងចូលទៅដល់ក្នុងទឹកដីថៃ ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ដោយប្រើជំនាញរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននាំយកមកពីទឹកដីថៃវិញ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់។

នាយក្រូច បានអះអាងថា បន្ទាប់ពីកើតហេតុ នាយចឺម មានអារម្មណ៍ភ័យតក់ស្លុតខ្លាំងណាស់ និងត្រូវចំណាយពេលវេលាស្នាក់នៅខេត្តប៉ៃលិន ជាបណ្តោះអាសន្នសិន ដើម្បីធ្វើការព្យាបាលរបួស និងរង់ចាំដោះស្រាយជាមួយនឹងភាគីបង្កហេតុ ពោលគឺមិនទាន់អាចឡើងមកភ្នំពេញ វិញបាននៅឡើយ។
ចំណែកបងស្រីរបស់លោក (ម្តាយនាយចឺម) នៅពេលទទួលបានដំណឹងថា កូនប្រុស (នាយចឺម) ត្រូវគេលបវាយបណ្តាលឱ្យរងរបួសធ្ងន់បែបនេះ បានយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែអាណិតកូន ព្រោះតាំងពីតូចមកគាត់មិនដែលជេរស្តី សម្តីធំតូច ឬវាយកូនម្តងណាឡើយ បែរជាត្រូវគេលបវាយបែបនេះ។

ដោយឡែក ពាក់ព័ន្ធទៅនឹងព័ត៌មានថា មូលហេតុផ្តើមចេញពីរឿងប្រចណ្ឌដែលនាយចឺម ឆាតញ៉ែសង្សាររបស់គេនោះ នាយក្រូច បានបញ្ជាក់ថា ករណីនេះលោកក៏មិនទាន់ដឹងច្បាស់ថា តើក្មួយរបស់លោកពិតជាឆាតញ៉ែសង្សាររបស់ជនសង្ស័យមែន ឬក៏សង្សារគេនោះឆាត ញ៉ែក្មួយប្រុសរបស់លោកនោះទេ ហើយភ័ស្តុតាងគឺមានក្នុងដៃនាយចឺម ស្រាប់ ទាំងសារសំណេរនិងសំឡេង។
ប៉ុន្តែពេលនេះ ទូរស័ព្ទនាយចឺម ត្រូវបែកខ្ទេចអស់ទៅហើយ មិនដឹងជាអាចចាំលេខសម្ងាត់ និងរកឃើញសារឆ្លើយឆ្លងរវាងនាយចឺម និងនារីម្នាក់នោះដែរឬទេ ដើម្បីចង់ដឹងច្បាស់ថា តើអ្នកណាទាក់ទងរកអ្នកណាមុននិងជាកំហុសរបស់អ្នកណាឱ្យពិតប្រាកដ?

គួរបញ្ជាក់ថា យោងតាមវីដេអូឃ្លីបដែលគេថតបាននៅក្នុងហាងម៉ាស្សា ពេលនាយចឺម រត់ចូលសុំឱ្យគេជួយនោះបានបង្ហាញពីសកម្មភាពរបស់ជនសង្ស័យដែលតាមវ៉ៃជនរងគ្រោះ (នាយចឺម) ដល់ក្នុងហាងនោះទៀត ព្រមទាំងសម្លុតនាយចឺម ឱ្យសំពះសុំទោស រួចបានគំរាមឱ្យនាយចឺម ទៅតាមខ្លួន ដើម្បីនិយាយដោះស្រាយគ្នាទៀតផង។
តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា បន្ទាប់ពីទទួលរងអំពើហិង្សាត្រូវគេវាយរយះក្បាលដេរ៥ថ្នេរ ដោយចោទថា លួចឆាតទាក់ទងស្រីស្នេហ៍គេនោះ អតីតតារាកំប្លែងនិងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយចឺម បានសម្រេចដាក់ពាក្យបណ្តឹងទាមទាសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ តែជនសង្ស័យព្រមបង់ត្រឹមតែ១ម៉ឺនដុល្លារប៉ុណ្ណោះ។

គួរកត់សម្គាល់ដែរថា ហេតុការណ៍ខាងលើនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយចឺម បានថតបទចម្រៀងថ្មីឱ្យផលិតកម្មសាន់ដេ ដោយតារាចម្រៀងវ័យក្មេងរូបនេះបានប្រកាសឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួន បទចម្រៀងថ្មីរបស់គេនេះ (មិនទាន់បញ្ជាក់ចំណងជើង) រូបគេសូមផ្ញើជូនអ្នកចូលចិត្តញ៉ែសង្សារគេ ស្រាប់តែរំលងតែ៣ថ្ងៃ បែរជាក្លាយជារឿងពិតរបស់ខ្លួនឯងដែលត្រូវគេវ៉ៃរយះក្បាល និងរបួសសុសដៃ ដោយចោទប្រកាន់ថា ឆាតញ៉ែសង្សារគេ។
នាយចឺម បានបង្ហោះរូបភាពថតចម្រៀងថ្មីនៅស្ទូឌីយោ ជាមួយនឹងសំណេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ថា ”បទថ្មីរបស់ខ្ញុំសូមផ្ញើជូនអ្នកចូលចិត្តញ៉ែសង្សារគេ…ចេញលក់ឆាប់់ៗនេះហើយបាទ…”៕