តារាសម្តែងជើងចាស់អំឡុងទសវត្ស៩០ អ្នកនាងកែវ កល្យាណ បានជំរុញឱ្យកូនស្រីច្បងរបស់ខ្លួនកញ្ញាកែវ ឡាវីញ បន្តស្នងត្រកូល តាមរយៈការឈានជើងចូលប្រឡូកអាជីពសម្តែង ពិធីការិនី និងតារាបង្ហាញម៉ូដ។
យ៉ាងណា គេមិនដឹងថា កញ្ញាឡាវីញ មានទេពកោសល្យខ្លាំងដូចម្តាយ ឬយ៉ាងណានោះទេ?

ស្ថិតក្នុងវ័យ២០ឆ្នាំ កញ្ញាកែវ ឡាវីញ បានឱ្យដឹងថា នាងទើបចូលប្រឡូកអាជីពសិល្បៈរយៈពេលជាង២ខែចុងក្រោយនេះទេ តាមរយៈការសម្តែងភាពយន្តរឿង “បេសកកម្មស្នេហ៍” ដែលនាងលេង តួជាមនុស្សស្រីដ៏រឹងប៉ឹងម្នាក់ដូចចរិតពិតរបស់នាងដែរ។
ឡាវីញ បន្តថា តាមរយៈការជំរុញពីម្តាយហើយ នាងស្រលាញ់អាជីពសិល្បៈផង នាងជឿថា អាច ធ្វើបាន ពិសេសពេលនេះនាងកំពុងតែហ្វឹកហាត់ការធ្វើពិធីការិនីផងដែរ។

ដោយឡែក អ្នកនាងកែវ កល្យាណ វិញ បានលើកទឹកចិត្តកូនស្រីតាមរយៈការជូនទៅឆាកសម្តែង និងណែនាំកូនស្រីឱ្យស្វែងយល់ឱ្យកាន់តែច្បាស់ពីអាជីពដែលនាងធ្លាប់តែប្រឡូកយ៉ាងជោគជាំមួយនេះផងដែរ។
កែវ ឡាវីញ មានអាយុ២០ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យមួយ ផ្នែក Design។ ក្រៅពីមានដុងសិល្បៈ ឡាវីញ ក៏អាចនិយាយភាសាចិន, អង់គ្លេស និងថៃ បានផងដែរ ប៉ុន្តែភាសាចិន នាងស្ទាត់ជំនាញជាងភាសាផ្សេងទៀត។

ទោះជាយ៉ាងណា កូនស្រីច្បងរបស់អ្នកនាងកែវ កល្យាណ រូបនេះថា ពេលដែលនាងលេងសិល្បៈដំបូង មានការភ័យៗដែរសម្រាប់នាង ព្រោះមិនទាន់លេងស៊ប់ ប៉ុន្តែនាងជឿថា នៅពេលខាងមុខ នឹងធ្វើបានរលូនជាងនេះជាមិនខាន។
កែវ កល្យាណ បានផ្អាកសម្តែងជាង១ទសវត្សមកហើយ ក្រោយពីនាងមានស្វាមីជាអ្នកជំនួញម្នាក់ ក៏សម្រេចចិត្តដកខ្លួនចេញពីអាជីពសិល្បៈតែម្តង។

អ្នកនាងធ្លាប់និយាយថា មានផលិតកម្មមួយចំនួន ក្នុងនោះមានហង្សមាស ផង បានហៅនាងឱ្យថតសម្តែងកុនឡើងវិញ តាមរយៈការធ្វើតួម្តាយ ប៉ុន្តែអ្នកនាងគ្មានពេលវេលាគ្រប់គ្រាន់ ទើបមិនទទួលថតឡើយ។

ដោយឡែក រឿងស្នេហាវិញ តារាសម្តែងជើងចាស់រូបនេះមិនដែលហ៊ានលាតត្រដាងរឿងស្នេហ៍ស្និទ្ធឡើយ គឺព្យាយាមលាក់បាំងរហូតមក ទើបធ្វើឱ្យចំណងស្នេហានាងនៅតែជាអាថ៌កំបាំង។ ប៉ុន្តែ តាមរយៈការបណ្តុះកូនស្រីឱ្យលេងសិល្បៈបន្តស្នងតំណែងពីនាងនេះ បញ្ជាក់ថា អ្នកនាងកល្យាណ នៅតែស្រលាញ់អាជីពសិល្បៈ ហើយចង់ឱ្យកូនអ្នកនាងមានឈ្មោះល្បីល្បាញលើវិស័យមួយនេះ ដូចនាងធ្លាប់បានធ្វើកន្លងមកដែរ។

ក្រៅពីកែវ កល្យាណ តារាដែលបណ្តុះបណ្តាលកូនឱ្យលេងសិល្បៈ មានដូចជា អ្នកនាងម៉េង កែវពេជ្ជតា, ចន ច័ន្ទលក្ខិណា, ព្រាប សុវត្ថិ និងហួរ ឡាវី ជាដើម ដែលពេលនេះកូនៗរបស់ពួកគាត់នឹងអាចស្នងតំណែងបន្តពីឪពុកម្តាយរៀងៗខ្លួននាពេលអនាគត៕