Sunday, September 21, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា លាថៅកែហាង ស្រវាទ្រនំលោកឧកញ៉ា

តន់ ច័ន្ទសីម៉ា លាថៅកែហាង ស្រវាទ្រនំលោកឧកញ៉ា

ម្ចាស់បទ “គេនោះជាស្រីកាប់ដាវ” កញ្ញាតន់ ច័ន្ទសីម៉ា បានអះអាងថា កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃគ្រីសស្មាស់ ជាថ្ងៃដែលនាងត្រូវច្រៀងចុងក្រោយតែម្តងនៅហាងវីហ្វ្រេន បន្ទាប់ពី នាងបានផ្ញើខ្លួននៅទីនោះអស់រយៈពេលជាង២ឆ្នាំមក។

តារាចម្រៀងប្រចាំផលិតកម្ម Galaxy រូបនេះថានាងបានជ្រើសរើសយកការច្រៀងសម្តែងចុងក្រោយនៅហាងវីហ្វ្រេន ផ្សារដេប៉ូ ខណៈកន្លងមកនាងធ្លាប់ច្រៀងផ្លាស់ប្តូរនៅសាខាផ្សេងៗទៀតជាច្រើនមកហើយ។

សីម៉ា ថា មូលហេតុដែលនាងត្រូវឈប់ច្រៀងនៅទីនោះទាំងអាល័យ ព្រោះពេលនេះកាន់តែមមាញឹកកម្មវិធីនៅខាងក្រៅច្រើនជាងមុន បន្ទាប់ពីមានបទចម្រៀងផ្ទាល់ខ្លួនមក អ៊ីចឹងមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ច្រៀងនៅហាង ហើយខ្លាចចិត្តលោកថៅកែ និងខ្លាចមានបញ្ហា ព្រោះឈប់ញឹកពេក ទើបសុំឈប់តែម្តងទៅ។

ទោះជាយ៉ាងណា តន់ ច័ន្ទសីម៉ា បាននិយាយសរសើរទឹកចិត្តលោកថៅកែវីហ្វ្រេន ថា ជាមនុស្សល្អកម្ររកបាន ហើយទោះជាពេលនេះនាងរវល់យ៉ាងណា ក៏នៅតែបើកចិត្តទូលាយជានិច្ច និងនៅតែផ្តល់ឱកាសឱ្យនាងធ្វើការនៅកន្លែងគាត់ដដែល ប៉ុន្តែដោយសារនាងរវល់នៅខាងក្រៅច្រើន ទើបសម្រេចចិត្តសុំឈប់។

តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ធ្លាប់បានតស៊ូជិះម៉ូតូទៅច្រៀងទាំងយប់នៅហាងវីហ្វ្រេនជាច្រើនខែ ទើបរយៈពេលចុងក្រោយនេះនាងទិញបានរថយន្ត Pruis ១គ្រឿង ហើយអាជីពចម្រៀងរបស់នាងមានការប្រែប្រួលខ្លាំងនៅពេលដែលនាងមានឱកាសបានចូលជាតារាចម្រៀងផលិតកម្ម Galaxy ដែលមានលោកឧកញ៉ាឡេងណាវ៉ាត់ត្រា ជាអ្នគ្រប់គ្រង។

សីម៉ា បន្តថា ទើបចេញបទចម្រៀងបាន៣បទទេនៅផលិតកម្មនេះ ហើយអ្វីដែលនាងសប្បាយចិត្តនោះ គឺបទ “គេនោះជាស្រីកាប់ដាវ”ទើបចេញបានតែ១ខែប៉ុណ្ណោះ ទទួលបាន Views8,5M ដែលនាងចាត់ទុកថាជាជោគជ័យខ្លាំងមួយនៅពេលនេះ។

យ៉ាងណា តន់ ច័ន្ទសីម៉ា ថា នៅដើមឆ្នាំ២០២០ខាងមុខនេះ នាងនឹងត្រៀមចេញបទចម្រៀង៧បទបន្ថែមទៀត ហើយអ្វីដែលនាងពេញចិត្ត និងសង្ឃឹមយ៉ាងមុតមាំនៅពេលនេះដោយសាតែថៅកែផលិតកម្ម និងអ្នកនិពន្ធ Galaxy បានធ្វើបទចម្រៀងឱ្យនាងច្រៀង គឺសុទ្ធតែជាបទដែលនាងពេញចិត្តច្រៀងទាំងអស់ ព្រោះជាបទដែលស៊ីគ្នាទៅនឹងសំឡេងរបស់នាងតែម្តង។

ដោយឡែក រឿងស្នេហាវិញ តារាវ័យ២២ឆ្នាំ កញ្ញាតន់ ច័ន្ទសីម៉ា មិនបានបង្ហើបឱ្យដឹងថា មនុស្សពិសេសក្នុងបេះដូងរបស់នាងជាអ្នកណាឡើយ ខណៈដែលលេចឮថា ស្រីស្រស់រូបនេះមានកន្លង់ជាច្រើនហើរតាមឆ្វែលស្នេហ៍៕

RELATED ARTICLES