តារាសម្ដែងតូចច្រឡឹង សួង ស៊ីធឿន ហៅអាតូច ឬស្រីតូច ត្រូវបានផលិតកម្មក្រុងពិជ័យប្រគល់តំណែងជាតួឯក ក្នុងវណ្ណកម្មដំបូងរបស់ខ្លួនតាមរយៈរឿង ”សំណើច៦៥២Km” ដែលស៊ីធឿន ត្រូវចាប់ដៃជាមួយប្រុសរូបសង្ហា លោកអ៊ូ សំខាន់ សម្ដែងឈុតឆាកស្នេហាជាច្រើន លាយឡំឈុតសំណើចកំប្លែងផងដែរ ដែលភាពយន្ដនេះបានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកមិញនេះ។

នេះជាការវិលត្រឡប់មករកអាជីពចាស់សាជាថ្មីឡើងវិញ របស់សួង ស៊ីធឿន ហៅស្រីតូច បន្ទាប់ពីសង្សាររបស់នាងដែលគ្រោងនឹងភ្ជាប់ពាក្យជាមួយគ្នា លោកសូ ដារា ដែលជាមន្រ្ដីប្រឆាំងអំពើរពុករលួយ (ACU) បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ រហូតបាត់បង់ជីវិតកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដែលធ្វើឲ្យស្រីតូច អាលោះអាល័យសោកស្ដាយសង្សារជាពន់ពេក រហូតកាន់ទុក្ខជាង៤ខែមកហើយ។

អតីត Freshie Girl កាលពីឆ្នាំ២០១៦រូបនេះ បានឲ្យដឹងថា នាងសប្បាយចិត្តខ្លាំងណាស់ក្នុងការបានតំណែងតួឯករឿង ”សំណើច652Km” នៅពេលនេះ ហើយក៏ពេញចិត្តក្នុងការសម្ដែងជាមួយលោកអ៊ូ សំខាន់ ផងដែរ។

ស៊ីធឿន វាចាថា ”រយៈពេលជាង៣ឆ្នាំមកនេះ ខ្ញុំបានសម្ដែងខារ៉ាអូខេ និងថតភាពយន្ដជាច្រើនមកហើយ ដូចជារឿង ”អង្រឹង”, ”សសរកន្លោង”, ”ឯណាខ្មោច?” និងរឿង”ទារុណកម្មខ្មោច”ជាដើម។
នាងបន្តថា “អ្វីដែលខ្ញុំកាន់តែរីករាយថែមទៀតនោះ គឺខាងផលិតកម្មទាំងឡាយបានឲ្យខ្ញុំលេងតួឯករហូតតែម្ដង។ ចំពោះរឿង”សំណើច652Km” សម្រាប់ខ្ញុំមានឈុតដែលត្រូវសម្ដែងមានស្នេហាជាច្រើនដែរ ជាមួយតួឯកប្រុស តែមិនដល់ថ្នាក់រោលរាលខ្លាំងពេកទេ”។

ចំណែកប្រុសរូបសង្ហា លោកអ៊ូ សំខាន់ ដែលជាអតីត Freshie Boy លេខ១ កាលពីឆ្នាំ២០១៥ និងជា Mr.World Cambodia ២០១៩ ដែលទើបបានបញ្ចប់បរិញ្ញាបត្រវិស្វករ សំណង់ស៊ីវិល នោះ បានឲ្យដឹងថា ”ខ្ញុំរីករាយខ្លាំងណាស់ដែលបានសម្ដែងជាតួឯកសម្រាប់ភាពយន្ដខ្នាតធំមួយនេះ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្ដែងរឿងនេះឲ្យបានល្អ ទៅតាមអ្នកដឹកនាំរឿងចង់បាន”។

ក្រៅពីស្រីស្អាតសួង ស៊ីធឿន និងប្រុសសង្ហា អ៊ូ សំខាន់ ជាតួឯកនោះ រឿង ”សំណើច652Km” ក៏មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដួងទៀត ចូលរួមសម្ដែងដែរ ដូចជា អ្នកនាងលី ម៉ារីណា, ហ៊ុន គីមហេង (ផ៉ាង ផ៉ាង), ភី ម៉ៃ, ឡៅ បញ្ញា, ឌី វ៉ាន់ដា, ប៊ុន កែវប្រាថ្នា និងតុង លី ជាដើម។

លោកចាន់ណា រ៉ូណាន ដែលជាអ្នកនិពន្ធវ័យក្មេងនិងជាចាងហ្វាងផលិតកម្មចាប់ដៃជាមួយលោកចេង វណ្ណា នាយកគ្រប់គ្រងផលិតកម្ម ”ក្រុងពិជ័យ” បានឲ្យដឹងថា “នេះជាការបើកដំណើរការថតភាពយន្ដដំបូងរបស់ផលិតកម្មលោក ហើយនឹងមានរឿងផ្សេងៗជាច្រើនទៀតនៅពេលបន្ទាប់”។

លោកបន្តថា “រឿងនេះចំណាយថវិកាអស់ច្រើនណាស់ ព្រោះតារាសម្ដែងសុទ្ធតែតួល្បីៗ ហើយចំណាយពេលប្រើពេលថតជាង៣ខែ ទើបចប់។ ចំពោះចំណងជើង ”សំណើច652Km” មានន័យថា រឿងនេះកំប្លែងច្រើន ហើយរយៈពេលដែលតួសម្ដែងត្រូវថតចំណាយខ្ទង់652Kmដែរ។ ចំពោះទីតាំងភាគច្រើន គឺថតនៅខេត្តមណ្ឌលគិរី និងនៅខេត្តកោះកុង តែម្ដង ហើយរឿងនេះនឹងដាក់បញ្ចាំងនៅអំឡុងខែកក្កដា ឬសីហា ឆ្នាំ២០២០ ខាងមុខនេះ៕