តារាចម្រៀងតូចច្រឡឹង កញ្ញាជាតិ សុច្ចកា ដែលជាអតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ តែខកខានលើកពាន ព្រោះមិនអាចប្រជែងឈ្នះចាន់ សុបញ្ញា នោះ បានធ្វើពិធីឡើងផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ ស្ងាត់ៗកាលពីខែមុន នៅតាមផ្លូវជាតិលេខ១ ទើបធ្វើឱ្យមានការសង្ស័យថា ស្រីស្រស់រូបនេះមានគូស្នេហ៍ជួយឧបត្ថម្ភ។

ប៉ុន្តែនៅពេលសួររឿងនេះ កញ្ញាសុច្ចកា ប្រកែកញ៉ាញតែម្តង ដោយវាចាថា ផ្ទះនោះនាងទិញបង់រំលោះដោយខ្លួនឯង គ្មានប្រុសណាជួយឧបត្ថម្ភឡើយ។

ជាមួយវាចាមិនបង្អង់ កញ្ញាជាតិ សុច្ចកា ថ្លែងថា “អត់ទេ! មិនមានអ្នកណាជួយទេ! ផ្ទះហ្នឹងខ្ញុំទិញបង់រំលោះដោយខ្លួនឯង១០ឆ្នាំឯណោះ ទើបរួច។ តើពីណាគេមកជួយយើងទៅ?”។

ជាតិ សុច្ចកា ជាតារាចម្រៀងដែលមានទឹកដមសំឡេងគួរឱ្យចាប់អារម្មណ៍ម្នាក់ ហើយសម្រស់លេចធ្លោប្រដមប្រសងជាមួយកញ្ញាពេជ្រ ច័ន្ទធីតា ខណៈពេលដែលស្រីស្រស់ទាំង២ច្រៀងនៅហាងជាមួយគ្នា រហូតមានគេច្រឡំគ្នាទៀតផង។ ប៉ុន្តែពេលនេះ សុច្ចកា នៅមិនទាន់រកបានទ្រនំជ្រកកោនទេ ដោយសុខចិត្តចំណាយលុយផ្ទាល់ខ្លួនធ្វើបទចម្រៀងដោយខ្លួនឯង ចេញនៅលើយូធូបវិញ។

តារាចម្រៀងដែលមានរូបសម្រស់គួរឱ្យបេតីរូបនេះ បន្ថែមថា “ខ្ញុំនិងបងធីតា មានអីច្រឡំគ្នាទៅ ? បងធីតា គាត់ច្រៀងពីរោះជាងខ្ញុំ ហើយស្អាតជាងខ្ញុំទៀត មើលម៉េចបានជ ច្រឡំកើតហ្នឹង? ពេលនេះខ្ញុំមិនទាន់មានផលិតកម្មច្រៀងទេ គឺនៅតែបន្តធ្វើបទចម្រៀងដោយខ្លួនឯងតទៅទៀត។ បើមានផលិតកម្មណាល្អគេហៅ និងមានលក្ខខណ្ឌល្អជាមួយយើង ខ្ញុំនឹងទៅចូលនាពេលខាងមុខ”។

ជាតិ សុច្ចកា ថា ឆ្នាំនេះនាងទើបមានអាយុ២០ឆ្នាំទេ ហេតុនេះហើយមិនទាន់ចង់រៀបការ ឬមិនអាចកំណត់ពេលវេលាថា ឆ្នាំណានឹងចូលរោងការបានឡើយ៕
