ខណៈដែលតារារួមអាជីព ដូចជា អ្នកនាងពេជ្រ សោភា , ប៉ាច គីមមួយ ជាដើម សុទ្ធតែ បណ្តើរគូស្នេហ៍រៀងៗខ្លួនទៅចូលរួមកម្មវិធីមង្គលការមិត្តភក្តិនោះ រ៉េត ស៊ូហ្សាណា បែរជាប្រឹងព្យាយាមគេចចេញពីប្រុសៗដែលចង់នែបនិត្យនាងទៅវិញ ខណៈដែលម្តាយរបស់នាងបានដើរតាមតារារូបនេះ គ្រប់ជំហានតែម្តង។
យ៉ាងណា គេសង្ស័យថា ស៊ូហ្សាណា ដែលជាមុខសញ្ញាតាមស្នេហារបស់មន្ត្រីធំៗទាំងឡាយនោះ អាចលាក់សង្សារច្រើនជាង ព្រោះស្រីស្អាតដូចរូបនាងពិបាកធ្វើឱ្យគេជឿថា នាងគ្មានគូស្នេហ៍…។

តាមកម្មវិធីមង្គលការជាច្រើនដែលតារាសាច់សខ្ចីដូចបណ្តូលចេក រ៉េត ស៊ូហ្សាណា ទៅបង្ហាញខ្លួន គឺស្រីស្រស់រូបនេះតែងតែមានសម្រស់លេចធ្លោជាងមិត្តភក្តិ ទើបធ្វើឱ្យប្រុសៗទាំងឡាយចាប់អារម្មណ៍នាងជាងគេ ហើយថែមទាំងចង់ទៅថតរូប Selfie នែបនិត្យកាយានាងដោយផ្ទាល់ទៀតផង។
ប៉ុន្តែគួរឱ្យស្តាយ ហ្សាណា ខុសពីតារាផ្សេងៗទៀតដែលសប្បាយចិត្តពេលគេចោមរោមថតរូប ប៉ុន្តែនាងវិញបែរជាព្យាយាមគេចចេញច្រើនជាង លើកលែងតែនៅផ្លូវទាល់ច្រកគេចមិនរួច ទើបអាចផ្តិតរូបភាពស្រីស្អាតបាន។
សកម្មភាពបែបនេះរបស់ស៊ូហ្សាណា ធ្វើឱ្យប្រុសៗមួយចំនួនមានការខកចិត្ត ព្រោះពួកគេមិនមែនទៅសុំស្នេហានាងត្រង់ៗទេ គឺចាត់ទុកនាងថា ជា Idol ប៉ុណ្ណោះ។

ប៉ុន្តែហ្សាណា បែរជាប្រយ័ត្នប្រយែងពីសុវត្ថិភាពព្រោះខ្លាចជួបរឿងដូចសុគន្ធ និសា ត្រូវបុរសម្នាក់ចង់លូកលាន់នាងនៅពេលដែលតារារូបនេះច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយបើទោះជាត្រូវសន្តិសុខចាប់វាយខ្នោះភ្លាមៗនៅកន្លែងក្តី ប៉ុន្តែធ្វើឱ្យនិសា មិនសប្បាយចិត្តឡើយ ហើយរហូតមកដល់ពេលនេះធ្វើឱ្យស្រីស្អាតហ្សាណា កាន់តែប្រយ័ត្នប្រយែងខ្លាំងថែមទៀត ព្រោះខ្លាចជំពប់ដូចនិសា ដែរ។
យ៉ាងណា ម្តាយរបស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ តាមការពារនាងគ្រប់ជំហានតែម្តង កុំថាឡើយមានប្រុសៗចង់លូកលាន់យកចំណេញស្រីស្អាត ទោះជាចង់សុំសាសងស្នេហ៍ដោយផ្ទាល់ក៏មិនអាចទៅរួចដែរ ព្រោះថា បើគ្មានម្តាយទេ ក៏មានឪពុកនាងតាមជាប់គ្រប់ពេលដែរ ហេតុនេះហើយ ប្រុសៗដែលចង់ប៉ះកាយានាងមិនមែនជារឿងងាយស្រួលឡើយ។

រ៉េត ស៊ូហ្សាណា បានក្លាយជាមុខសញ្ញានៃការតាមស្នេហាពីសំណាក់មន្ត្រីធំៗ ក្រោយពេលនាងក្លាយទៅជាតារាចម្រៀងហង្សមាស និងល្បីបាន២បទ គឺបទ “ឈប់” និងបទ “ប្រយោគស្នេហ៍”។
យ៉ាងណា តាមរយៈរូបសម្រស់អំណោយផលនិងពូកែតែងខ្លួនបែបយុវវ័យ ហើយថៅកែពេញចិត្តទៀតនោះ ហ្សាណា ដណ្តើមបានទីផ្សារចម្រៀងលេចធ្លោនៅហង្សមាស ដោយមានប្រៀបជាងតារាមួយចំនួនដែលលើកពាននៅទ្រនំធំនេះទៀតផង។

ហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងល្បី ដែលច្រៀង១កម្មវិធីស៊ីថ្លៃជិត២ពាន់ដុល្លារ និងក្រសោបបានស្ពតពាណិជ្ជកម្មធំៗក្នុងដៃទៀតផង ទើបធ្វើឱ្យអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២នេះ អាចរកប្រាក់ពីអាជីពសិល្បៈបានរាប់សែនដុល្លារ នៅពេលដែលនាងមានឈ្មោះត្រឹមតែរយៈ-ពេលខ្លីនេះ។
ប៉ុន្តែទស្សនិកជនមួយចំនួននៅតែនិយាយថា ហ្សាណា ជាតារាដែលវ៉ៃប្ញកជាងគេផងដែរ ព្រោះនាងកម្រនិយាយទៅកាន់អ្នកដែលជួបនាងនៅក្រៅឆាក។ ប៉ុន្តែដំណឹងនេះត្រូវបានតារាជើងចាស់នៅហង្សមាស ពេជ្រ សោភា ធ្លាប់ចេញមុខការពារថា មកពីហ្សាណា មិនសូវចេះនិយាយទើបគេច្រឡំ ថា នាងវ៉ៃប្ញកនោះ តាមពិតនាងជាតារាមច្រៀងម្នាក់ដែលចេះគោរពរៀមច្បងណាស់។

តាមរយៈការឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង២ឆ្នាំនេះ រ៉េត ស៊ូហ្សាណា ដែលមានសម្រស់ ស្អាតដូចកូនក្រមុំជប៉ុននោះនៅមិនទាន់ប៉ះរឿងអាស្រូវស្នេហាទេ ហើយទស្សនិកជនរង់ចាំមើលថា តើស្រីស្អាតរូបនេះនឹងគេចផុតអន្ទាក់ស្នេហ៍មន្ត្រីធំៗបានរហូតឬយ៉ាងណា? ព្រោះបើទៅណា នាងមិនដែលហ៊ានទៅម្នាក់ឯងផងហ្នឹង គឺតែងមានឪពុកម្តាយតាមជាប់ស្អិត ដូចតុកកែអ៊ីចឹង។
ចំណែកទស្សនិកជនមួយចំនួនទៀតមិនជឿថា ស្រីស្អាតដូចហ្សាណា គ្មានសង្សារនោះទេ គឺអាចនាងលាក់មុខគូស្នេហ៍មិនឱ្យគេស្គាល់ប៉ុណ្ណោះ។

ដោយឡែក អាជីពចម្រៀងវិញ អ្នកជំនាញសិល្បៈលោកម៉ិញ សុធីវណ្ណ ធ្លាប់និយាយថា ហ្សាណា ល្អពេលនាងច្រៀងបទជាភាសាអង់គ្លេស ហើយរូបសម្រស់វិញទាក់ទាញខ្លាំង។ ប៉ុន្តែលោកថា បើស៊ូហ្សាណា ចង់ខ្លាំងដូចឱក សុគន្ធកញ្ញា នៅហង្សមាស គឺត្រូវការពេលវេលាបន្ថែមទៀត ទើបបាន ព្រោះពេលនេះការច្រៀងបទខ្មែរនៅមានកម្រិតនៅឡើយ៕