ភ្នំពេញ ៖ តារាចម្រៀងសំនៀងផ្អែមពីរោះ មាស សុខសោភា បានលើកឡើងថា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យនិងស្នាមញញឹម ហើយសម្រាប់ឆ្នាំថ្មី២០២០ នាងនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកចំណីអារម្មណ៍ថ្មីផ្សេងទៀតជូនដល់បងប្អូនអ្នកគាំទ្រនាងទាំងអស់។

មាស សុខសោភា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាង នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថា “២០១៩ បានបញ្ចប់ សម្រាប់ខ្ញុំ ២០១៩ គឺជាអនុស្សារីយ៍ដែលពោរពេញដោយស្នាមញញឹម ២០១៩ ជាមួយការសម្តែងអស្ចារ្យ #AseanFantasia2019 ជាការបង្ហាញស្នាដៃបទចម្រៀងខ្មែរលើឆាកអន្តរជាតិ។

២០១៩ ជាឆ្នាំនៃភាពជោគជ័យនៃបទ “រលឹមប្រុយៗ” ស្នាដៃនិពន្ធរបស់ប្អូនប្រុស សោម ដូរ៉េ។
២០១៩ ឆ្នាំនៃការលើកតម្កើងស្នាដៃបទចម្រៀងខ្មែរ តាមរយៈកម្មវិធីស្នាដៃកូនខ្មែរ សម្រាប់មាស សុខសោភា ហើយនាងខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលកវីនិពន្ធក្នុងកម្មវិធី ទទួលបានឱកាសការងារជាបន្តបន្ទាប់ជាមួយភាពជោគជ័យ និងស្នាមញញឹមទាំងអស់នេះ នាងខ្ញុំសូម ៖
-អរគុណដល់ក្រុមគ្រួសារដែលតែងតែផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅ
-អរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងជាមួយគ្នា ក្នុងរយៈពេលមួយឆ្នាំពេញ
-អរគុណដល់សម្តេច ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី និងបណ្តាក្រុមហ៊ុន ទាំងអស់ ដែលតែងតែផ្តល់កិត្តិយសដល់នាងខ្ញុំគ្រប់កម្មវិធី
-អរគុណដល់អ្នកគាំទ្រទាំងអស់ ដែលនៅតែផ្តល់នូវកម្លាំងចិត្តជាពិសេសដល់នាងខ្ញុំ ក្នុងការបន្តដំណើរនៅលើវិថីនៃវិស័យចម្រៀងមួយនេះ បើគ្មានអ្នកទេ នោះក៏គ្មានខ្ញុំដូចគ្នា!
សម្រាប់ឆ្នាំ២០២០នេះ នាងខ្ញុំនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកចំណីអារម្មណ៍ថ្មីផ្សេងទៀតជូនដល់ពុកម៉ែ បងប្អូនទាំងអស់។

ដោយឡែក នាងខ្ញុំនឹងផ្តោតខ្លាំងលើផលិតកម្ម Camtrax ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏ សូមស្វាគមន៍បងប្អូនសិល្បករគ្រប់រូប ក៏ដូចជាផលិតកម្មផ្សេងៗសម្រាប់អញ្ជើញនាងខ្ញុំចូលរួមសហការ ដើម្បីវិស័យចម្រៀងខ្មែរ។

សូមចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ និងសូមគោរពជូនពរពុកម៉ែ បងប្អូន គ្រួសារខ្មែរគ្រប់ទិសទី ឱ្យទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងសុខសុភមង្គលគ្រប់ពេលវេលា”៕
