ភិន សុដាលីស បានឡើងយន្ដហោះទាំងព្រឹកព្រលឹម កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកម្មវិធី “Asia Pacific Film Festival” ២០២០ លើកទី៥៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ខណៈដែលផលិតកម្មមហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿងជាប់ ក្នុងចំណោមភាពយន្ដទាំង៥០រឿង ដែលមាន៧៨ប្រទេស ដែលចូលរួមនោះ គឺរឿង ”ព្រលឹង” និងរឿង ”លោកឪពុក”។

ភិន សុដាលីស បង្ហាញខ្លួនក្នុងវេទិកានោះក្នុងនាមជាតំណាងឲ្យរឿង ”លោកឪពុក” ជាមួយតារាសម្ដែងចាន់ រតនា ស្របពេលដែលលោកភឹម តារាវិបុល ទៅតំណាងឲ្យភាពយន្ដរឿង ”ព្រលឹង” ជាមួយតារាសម្ដែងលោកមូល សារ៉ាវ៉ាន់ និងលោកហេង នរៈកក្កដា។

ភិន សុដាលីស បានឲ្យដឹងថា នាងមានមោទកភាពខ្លាំងចំពោះព្រឹត្តិការណ៍មហោស្រពភាពយន្ដលើកទី៥៩ ជាលក្ខណៈអន្ដរជាតិ នៅចិន ឆ្នាំ២០២០នេះ។ សម្រាប់រូបនាងផ្ទាល់ជាលើកទី២ហើយ ដែលបានចូលវេទិកានេះ ហើយនាងបានត្រៀមបង្ហាញនូវសម្លៀកបំពាក់ខ្មែរ ដើម្បីតំណាងពីអត្តសញ្ញាណរបស់ខ្មែរ នៅលើកម្រាលព្រហ្មដ៏អស្ចារ្យនោះ។

ដោយឡែក លោកភឹម តារាវិបុល វិញ បានឲ្យដឹងថា សម្រាប់លោកក៏ជាលើកទី២ដែរ ដែលបានទៅចូលរួមមហោស្រពភាពយន្ដនៅចិន នេះ។ លោកមានអារម្មណ៍រីករាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ នៅពេលដែលលោកជាតារាសម្ដែងខ្មែរម្នាក់ ប៉ុន្តែមានឱកាសដើរលើកម្រាលព្រំក្រហមនោះ។ ហើយលោកនឹងបង្ហាញសម្លៀកបំពាក់អត្តសញ្ញាណរបស់ខ្មែរ នៅវេទិកាដ៏ពិសេសមួយនេះផងដែរ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយដែលផលិតកម្មមួយនេះបានបង្ហាញខ្លួននៅលើវេទិការអន្ដរជាតិមហោស្រពនៅចិន។ លោកថា ចំពោះឆ្នាំនេះ មហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿង គឺ ”ព្រលឹង”និងរឿង ”លោកឪពុក” ជាប់ក្នុងចំណោមរឿង៥០ ប៉ុន្ដែការប្រកួតចុងក្រោយយ៉ាងណានោះ លោកមិនហ៊ានសន្និដ្ឋានជាមុនទេ។

លោកសុភិន បន្តថា នេះក៏ជាលើកទី១ដែរ ដែលមហោស្រពភាពយន្ដនៅចិន ជ្រើសរើសគណៈកម្មការខ្មែរ ទៅចូលរួម គឺលោកសុខ សំអាត ខណៈដែលការប្រកាសពាននឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ លោកថា តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់ស្រុកវិញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០៕