Sunday, September 21, 2025
Homeតារាខ្មែរប៉ែន សុផានី រៀបការហើយ បូកជាមួយឡើងផ្ទះតម្លៃជិត២០មុឺន

ប៉ែន សុផានី រៀបការហើយ បូកជាមួយឡើងផ្ទះតម្លៃជិត២០មុឺន

តារាសម្ដែងជើងចាស់ អ្នកនាងប៉ែន សុផានី បានក្លាយទៅជា ”ជំទាវ” ទៅហើយ បន្ទាប់ពីអ្នកនាងបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ កាលពីរាត្រីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្នុងកម្មវិធីឡើងផ្ទះថ្មីតម្លៃ១៨ម៉ឺនដុល្លារ នៅបុរីពិភពថ្មី២ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរ។

ខុសពីកម្មវិធីឡើងផ្ទះអ្នកផ្សេងៗទៀត ព្រោះក្នុងពិធីនោះ អ្នកនាងសុផានី បានគ្រងឈុតប្រពៃណីខ្មែរ ជាមួយស្វាមីថ្មី ហើយមានកម្មវិធីក្រុងពលី និងបង្វិលពពិលផងដែរ គឺផ្គួបទៅនឹងមង្គលការប្ដីប្រពន្ធអ្នកដទៃ។

ទោះជាយ៉ាងណា អ្នកនាងសុផានី ថា កម្មវិធីនោះមិនពេញទំហឹងចំជាមង្គលការទេ គឺគ្រាន់តែស្រដៀងមង្គលការប៉ុណ្ណោះ ហើយអ្នកនាងគ្មានគម្រោងរៀបការធំដុំជាងនេះទៀតឡើយ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកស្វាមីរបស់អ្នកនាងប៉ែន សុផានី វិញ ឈ្មោះលោកដាប់ ជូន ដែលជាមន្រ្ដីប៉ូលីស ផ្កាយ២ និងជាពោះម៉ាយកូន២ផងដែរ។

អ្នកនាងសុផានី បានឲ្យដឹងថា ទោះជាពេលនេះនាងមិនទាន់បានរៀបការធំដុំជាមួយស្វាមីមែន ប៉ុន្ដែអ្នកនាងនិងប្ដីបានចុះអេតាស៊ីវិលជាមួយគ្នាអស់ហើយ។ អ្នកនាងថា​ពេលនេះមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់ ព្រោះស្វាមីមានវ័យស្របាលៗជាមួយអ្នកនាងដែរ ដែលអាចយល់ចិត្តគ្នាកាន់តែច្បាស់ ហើយការទិញបានផ្ទះថ្មីនេះនៅកែងសល់សំយ៉ាបផ្ទះធំ អ្នកនាងគ្រោងនឹងបើក Mini Mart ផងដែរ ខណៈដែលជាន់ខាងលើផ្ទះនោះគ្រោងនឹងបើកក្លឹបសិល្បៈ។ ដោយឡែក ផ្ទះចាស់របស់អ្នកនាងនៅក្បែរក្រសួងមហាផ្ទៃវិញ នឹងនៅតែបន្ដលក់បាយគុយទាវដូចមុនដដែល។

កម្មវិធីឡើងផ្ទះតែភ្ញៀវចូលរួមថាជាពិធីផ្គួបការរៀបអាពាហ៍ពិពាហ៍របស់អ្នកនាងប៉ែន សុផានី នោះ រៀបចំកម្មវិធីជប់លៀង៤៥តុ ក្នុងនោះមានភ្ញៀវតារាសិល្បកររួមអាជីព១០តុផងដែរ។

អ្នកនាងសុផានី អះអាងថា ស្វាមីរបស់នាងមិនមានជំពាក់ជំពិនជាមួយអតីតភរិយានោះទេ គឺបានលែងលះគ្នាដាច់ស្រេចអស់ទៅហើយ។

ដោយឡែក នៅពេលនេះទោះជាអ្នកនាងមានងារជាជំទាវក្ដី ប៉ុន្ដែអ្នកនាងនៅតែបន្ដរធ្វើខ្លួនសាមញ្ញធម្មតា ហើយនឹងទទួលថតសម្ដែងសិល្បៈដូចមុនដដែល គ្រាន់តែកាត់បន្ថយខ្លះៗដើម្បីយកពេលវេលាមើលថែប្ដី និងចៅ រួមទាំងមើលខុសត្រូវហាងមីនីម៉ាតដែលអ្នកនាងគ្រោងដំណើរការឆាប់ៗនេះហើយ។ អ្នកនាងថា នឹងរួមតំណើរជាមួយស្វាមីទាំងតាមកម្មវិធីថ្នាក់ជាតិ និងសប្បុររសធម៌ផ្សេងៗទៀតដូចជំទាវដទៃទៀតដែរ។

អ្នកនាងសុផានី ថា បានភ្ជាប់ស្នេហ៍ជាមួយលោកផ្កាយ២ រយៈពេលជាង២ឆ្នាំមកហើយ ដែលពេលនេះនាងសប្បាយចិត្ត ព្រោះមិនអភ័ព្វដូចមុនទៀតទេ ដោយសារមានស្វាមីល្អ និងមានមុខរបរផ្ទាល់ខ្លួនក្រៅពីសិល្បៈហើយ។

ទោះជាយ៉ាងណា អ្នកនាងប៉ែន សុផានី មិនបង្ហើបគម្រោងយកកូនថែមទៀតនោះទេ ដោយបែរជាអះអាងថា មុនធ្វើពិធីឡើងផ្ទះនេះនាងបានថតសម្ដែងភាពយន្ដសល់ជាង១០រឿងទៀត ដែលមិនទាន់បញ្ចាំង ហើយនៅខែមករា ឆ្នាំ២០២០នេះ អ្នកនាងទទួលបាន២ទៅ៣រឿងទៀត ដែលមិនទាន់ថត។

ចំណែកភ្ញៀវដែលចូលរួមពិធីឡើងផ្ទះថ្មីតម្លៃ១៨ម៉ឺនដុល្លារ ផ្គួបមង្គលការរបស់អ្នកនាងប៉ែន សុផានី បានបង្ហើបប្រាប់ឲ្យដឹងថា អ្នកនាងសុផានី បានទិញផ្ទះនៅបុរីដដែលនេះ១ល្វែងផ្សេងទៀត តម្លៃជាង១០ម៉ឺនដុល្លារដែរ សរុបផ្ទះ២ល្វែងនេះ ចំណាយប្រាក់ជាង៣០ម៉ឺនដុល្លាឯណ្ណោះ។ មើលទៅ តារាសម្ដែងជើងចាស់រូបនេះ មានទ្រព្យមិនចាញ់ជំទាវផ្សេងៗទៀតឡើយ៕

RELATED ARTICLES