ពិធីការិនីយុគ ចិន្ដា បានបង្ហាត់កូនស្រីរបស់នាង កញ្ញាយុគ ដាពេជ្រ ហៅអម ពីរបៀបនិយាយពិធីការិនីក្នុងកម្មវិធីមួយនៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
យុគ ចិន្ដា ដែលមានកូនក្រមុំទៅហើយនោះ បានឲ្យដឹងថា នាងមិនប្រឆាំងកូនស្រីទេ ប្រសិនបើកូនស្រីជាទីស្រលាញ់ចង់ស្នងតំណែងអាជីពសិល្បៈពីអ្នកនាង ព្រោះនាងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យតែកូនស្រី បានសប្បាយចិត្ត និងបំពេញបំណងដែលនាងចង់ធ្វើ។

អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ”ខ្ញុំមិនហាមឃាត់កូនស្រីទេ បើគេចង់លេងសិល្បៈ ចង់ធ្វើពិធីការិនីអី ខ្ញុំនឹងបង្ហាត់បង្រៀនគេ។ ប៉ុន្ដែបើគេមិនចូលចិត្ត ខ្ញុំអត់បង្ខំឲ្យធ្វើដែរ។ តាមខ្ញុំមើលទៅ កូនស្រីខ្ញុំអាចធ្វើពិធីការិនីបាន បើសិនជាខ្ញុំណែនាំ ប៉ុន្ដែចិត្តគេប្រហែលជាមិនចង់ធ្វើពិធីការិនីហ្នឹងទេ”។

យុគ ចិន្ដា មានកូនស្រីម្នាក់ ឈ្មោះយុគ ដាពេជ្រ ហៅអម ដែលពេលនេះនាងពេញវ័យក្រមុំទៅហើយ គឺអាយុ១៦ឆ្នាំ និងមានកម្ពស់១,៦៥ម៉ែត្រ។ ទោះជាយ៉ាងណា នៅពេលនេះកូនស្រីរបស់នាងចិន្ដា ដើរមិនឆ្ងាយពីគន្លងរបស់ម្ដាយគេ ដែលពោរពេញទៅដោយបទពិសោធន៍យ៉ាងជោគជាំក្នុងសិល្បៈនោះទេ ព្រោះស្រីអម អាចនិយាយពិធីការិនីនៅលើឆាកកម្មវិធីមួយ បើទោះជានាងមិនចូលចិត្តធ្វើពីធីការិនីក្ដី។

កញ្ញាយុគ ដាពេជ្រ ហៅស្រីអម បានឲ្យដឹងថា នាងមិនស្រលាញ់អាជីពពិធីការិនីនោះទេ គឺនាងស្រលាញ់តែផ្នែកចម្រៀង ហើយថ្ងៃក្រោយចង់ក្លាយទៅជាតារាចម្រៀងអាជីពម្នាក់។ អ្នកនាងថា កន្លងមកនាងធ្លាប់បានរៀនសិល្បៈមួយផ្នែកចម្រៀង និងព្យ៉ាណូ ជាច្រើនឆ្នាំ និងធ្លាប់ចេញប្រកួតនៅបរទេសទៀតផង។ ប៉ុន្ដែក្នុងចិត្តរបស់នាង គឺនៅតែស្រលាញ់ខាងចម្រៀងជាងគេ ហើយនៅថ្ងៃខាងមុខ នាងអាចនឹងធ្វើបទចម្រៀងដោយខ្លួនឯង បើសិនជាមិនបានចូលផលិតកម្មណាមួយទេ។

នៅថ្ងៃលើកទឹកចិត្តកូនស្រីឲ្យធ្វើពិធីការិនីនោះដែរ អ្នកនាងយុគ ចិន្ដា ក៏បានបណ្ដើរគូស្នេហ៍ថ្មីទៅចូលរួមដែរ ដែលមើលទៅចំណងស្នេហាថ្មីរបស់ពិធីការិនីជើងចាស់រូបនេះ កាន់តែបើកចំហជាងមុន បន្ទាប់ពីតារារួមអាជីពនាំគ្នាជំរុញឲ្យនាងរៀបការឆាប់ៗ កុំពន្យារពេលតទៅទៀត ។

ប៉ុន្តែអ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងអាចនឹងចូលរោងការនៅរយៈពេល២ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ២០២២ ព្រោះពេលនោះកូនស្រីរបស់នាងពេញក្រមុំ ហើយគេនឹងធ្វើជាអ្នកកំដរការរបស់នាងតែម្ដង ដើម្បីកុំឲ្យពិបាករកអ្នកណាមកកំដរ មានតែចាំកូនពេញរូបពេញរាងមែនទែនសិន។
គួរបញ្ជាក់ថា អ្នកនាងយុគ ចិន្ដា ជាតារាជោគជ័យម្នាក់ដែលមានមុខជំនួញជាច្រើននៅក្នុងកណ្ដាប់ដៃ ហើយនាងមានទ្រព្យមិនចាញ់ជំទាវឡើយ។

ពិធីការិនីរូបនេះធ្លាប់ត្រូវបានគេចាត់ទុកថា នាងជាតារាដែលជោគជ័យតែអាជីពសិល្បៈ តែបរាជ័យរឿងស្នេហា ហេតុនេះហើយបានជាអ្នកនាងចិន្ដា ចង់រៀបការ ដើម្បីលុបពាក្យដែលគេថា នាងមានស្នេហាមិនសមប្រកបនេះចោលត្រឹមឆ្នាំ២០២២៕