គេថា ”ខ្ញីចាស់កាន់តែហឹរ” ពិតជាមិនខុសមែន ព្រោះពេលនេះព្រាប សុវត្ថិ មានវ័យ៤៥ឆ្នាំ និងមានកូនកំលោះអស់ទៅហើយ ប៉ុន្តែបែរជាតារាជើងចាស់រូបនេះធ្វើឲ្យថៅកែផលិតកម្មលោកឧកញ៉ាអ៊ឹង ឆៃងួន និងមហាជនភ្ញាក់ផ្អើល ព្រោះលោកនៅតែមានបទចម្រៀងល្បីនៅលើទីផ្សារ។

បទ ”កូនយំល្វើយ” ថ្វីត្បិតតែរងការចោទប្រកាន់ពីមនុស្សមួយចំនួនថា អ្នកនិពន្ធលោកចក់ ហាក់មានចេតនាចង់បន្សាបបទល្បីរបស់តារាចម្រៀងខ្មែរសុរិន្ទ លោកចាន់ មករា បទ ”ចាបយំល្វើយៗ” ព្រោះចំណងជើងស្រដៀងគ្នាក្ដី ប៉ុន្ដែតាមរយៈការយកបទនេះឡើងច្រៀងលើឆាក ធ្វើឲ្យព្រាប សុវត្ថិ មានសន្ទុះការគាំទ្រច្រើន ទើបធ្វើឲ្យតារាជើងចាស់រូបនេះឡើងកូដបានមួយកម្រិតទៀត។

ការដែលព្រាប សុវត្ថិ នៅតែមានបទចម្រៀងល្បីនៅលើទីផ្សារបែបនេះ ធ្វើឲ្យគេពិបាកសន្និដ្ឋានថា តើលោកព្រាប សុវត្ថិ នឹងល្បីបានប៉ុន្មានឆ្នាំតទៅទៀត ខណៈដែលលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលចង់បានតំណែងនាំមុខគេនៅផលិតកម្មនេះ ក៏នៅតែមានភាពស្រពេចស្រពិលនៅឡើយ ព្រោះថា ព្រាប សុវត្ថិ នៅឈរជើងរឹងមាំនៅឡើយ។

លោកសេង សំអាន សាស្រ្ដាចារ្យនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់អះអាងថា ព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំទៀត ព្រោះពេលនេះព្រាប សុវត្ថិ ច្រៀងសំឡេងមិនទាន់ធ្លាក់ចុះទេ។

ចំណែកលោកនូ ស៊ិប ថា ព្រាប សុវត្ថិ ជាអ្នកចម្រៀងចូលស្ដង់ដារអន្ដរជាតិ មិនងាយធ្លាក់ចុះដោយងាយៗឡើយ។

តាមរយៈការស្លៀកពាក់អាវសលាយឆ្នូតខ្មៅ រំលេចដោយផ្កាជាច្រើនទង និងស្លៀកខោខៀវ នោះ ព្រាប សុវត្ថិ ច្រៀងបទ ”កូនយំល្វើយៗ” ពិតជាទាក់ទាញបានអ្នកទស្សនាជាច្រើនចាប់អារម្មណ៍លោក ខណៈដែលភរិយាកំពូលតារាចម្រៀងរូបនេះ អ្នកស្រីឡុង ស្រីមុំ កាន់តែបង្ហាញភាពស្អិតល្មួតជាមួយស្វាមី មិនចាញ់គូស្នេហ៍យុវវ័យឡើយ ទោះជាពេលនេះអ្នកទាំង២មានកូនធំប៉ុនឪពុកក្ដី៕
