តារាចម្រៀងប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ស្អិតល្មួតគ្នាកាន់តែខ្លាំងឡើងៗនៅដើមឆ្នាំ២០២០នេះ។ ពួកគេដើរលេងតាមតំបន់រមណីយដ្ឋានតែពីរនាក់ ដើម្បីសាងអនុស្សារីយ៍ស្នេហ៍ឲ្យកាន់តែរឹងមាំ មុនពេលដឹកដៃគ្នាចូលរោងការ ខណៈដែលក្រុមគ្រូសារទាំងសងខាងបានដឹងឮពីចំណងស្នេហានេះអស់ទៅហើយ ប៉ុន្តែគ្មានអ្នកណាប្រឆាំងឡើយ ដោយមានតែថាអ្នកទាំងពីរស័ក្តិសមគ្នា និងជំរុញឲ្យពួកគេរៀបការឲ្យបានឆាប់ៗទៀតផង។

ទោះជាយ៉ាងណា អ្នកនាងប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ នៅតែព្យាយាមប្រកែកពីចំណងស្នេហ៍ ដោយពួកគេនិយាយដូចណាត់គ្នាថា ចាំមើលទៅមុខទៀតសិននិងជួនកាលថា ដោយសារតែច្រៀងនៅផលិតកម្មជាមួយគ្នា ទើបចេះតែទៅណាតែពីរនាក់។

ប៉ុន្ដែស្ទើរតែគ្រប់ឆាកតន្រ្ដីទៅហើយ នៅពេលដែលអ្នកនាងប៉ាច គីមមួយ ច្រៀងចប់ គេតែងឃើញសយ រតនៈ បើករថយន្ដ Prius មកដឹកស្រីស្អាតគីមមួយ ទៅផ្ទះវិញភ្លាមៗតែម្ដង។

ប៉ាច គីមមួយ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ហើយទោះជាមិនបានកាន់ពានមែន ប៉ុន្តែស្រីស្រស់បានចូលផលិតកម្មរស្មីហង្សមាស ដោយងាយ។

តារាចម្រៀងខ្មែរកាត់ចិនរូបនេះ អាចច្រៀងបទចម្រៀងជាភាសាអង់គ្លេសនិងចិន បានដោយរលូន ហើយនាងធ្លាប់មានប្ដីជាតារាចម្រៀងម្នាក់ តែបានចែកផ្លូវគ្នាវិញទាំងកណ្ដាលផ្លូវ ដោយគ្មានកូនម្នាក់ឡើយ។

ក្រោយធ្លាក់ខ្លួនមេម៉ាយ គីមមួយ កាន់តែប្រឹងថែស្បែកឲ្យកាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោង ធ្វើឲ្យប្រុសៗទាំងឡាយគ្រឺតក្នាញ់នាងកាន់តែខ្លាំង ពិសេសគឺប្រុសៗវ័យចំណាស់ដែលមានទ្រព្យស្ដុក។

ប៉ុន្ដែគួរឲ្យស្ដាយ គីមមួយ បានប្រកាសទុកមុនថា នាងមិនស្នេហាប្រុសដែលមានអាយុចាប់ពីអាយុ៤០ឆ្នាំឡើងទេ ព្រោះស្រលាញ់តែប្រុសក្មេងៗ ហើយការវាចាបែបនេះធ្វើឲ្យសយ រតនៈ ព្រមចូលខ្លួនទៅសុំស្អំរបួសបេះដូងនាងមុនគេ ដែលធ្វើឲ្យមន្រ្ដីធំៗដែលចង់ថ្ពក់បេះដូងនាងខ្ទាតចេញអស់។

ទោះជាយ៉ាងណា ទស្សនិករង់ចាំមើលថា តើចំណងស្នេហាថ្មី គីមមួយ នៅពេលនេះ អាចរក្សារបានយូអង្វែង ឬគ្រាន់តែជាស្នេហ៍មួយផ្សែងបារី៕