អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស អ្នកនាងយក់ ថិតរដ្ឋា នៅតែមិនអាចធ្វើឲ្យទីផ្សារចម្រៀងរបស់នាង វិលទៅរកភាពខ្លាំងវិញដូចកាលនៅលីវបានទេ បន្ទាប់ពីដើរចេញពីផលិតកម្មរស្មីហង្សមាស ចូលថោន ជាង៣ឆ្នាំនេះ។

យក់ ថិតរដ្ឋា ពិបាកប្រជែងជាមួយមាស សុខសោភា បើទោះជាថៅកែផលិតកម្មថោន បើកដៃផ្ដល់សិទ្ធិឲ្យនាងធ្វើបទចម្រៀងដោយខ្លួនឯងក្ដី។ អ្វីដែលកាន់តែធ្វើឲ្យរដ្ឋា ពិបាកប្រឈមថែមទៀតនោះ គឺទីផ្សារចម្រៀងយុវវ័យរបស់ថោន បានធ្លាក់ទៅលើតារាចម្រៀងរ៉ាប៊ី ហើយនាងមានកូន២នាក់ទៅហើយ មិនអាចលេងក្បាច់រាំខ្លាំងដូចតារាវ័យក្មេងៗបានឡើយ ព្រោះនាងមានជំងឺបេះដូងរយៈពេលជាង១០ឆ្នាំមកហើយ ហេតុនេះហើយបានជាកន្លងមក គេឃើញរដ្ឋា មិនសូវហ៊ានរាំខ្លាំងៗដូចតារាផ្សេងៗទេ។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយពេលនេះមានកូនប្រុស២នាក់ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុ១៣ឆ្នាំ និងកូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុ៥ឆ្នាំ។

គូស្នេហ៍គំរូក្នុងសិល្បៈនេះបានរៀបគម្រោងយកកូនស្រីម្នាក់ទៀត នៅឆ្នាំ២០២០នេះដើម្បីសម្រេចបំណងមានកូនប្រុស២ស្រី១។ ដោយឡែក អាជីពចម្រៀងរបស់រដ្ឋា ទោះជាពេលនេះនាងពិបាកប្រជែងទីផ្សារមែន ប៉ុន្តែនាងមិនពឹងលើប្រាក់ចំណូលពីសិល្បៈទៀតឡើយ ព្រោះស្វាមីរបស់នាងជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ដែលមានប្រាក់កាសច្រើន ហើយបើសិនជារដ្ឋា លែងចេញច្រៀង ក៍មិនប៉ះពាល់ដល់សេដ្ឋកិច្ចនាងឡើយ។

អតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ, Nice Star, BIGMAN និងហង្សមាស រូបនេះ ជិះរថយន្ដទំនើប២គ្រឿង គឺ Range Rover និង Lexus LX 570 ហើយនាងត្រូវបានគេបង្ហើបថា នាងមានផ្ទះ និងដីធ្លីជាច្រើនកន្លែងផ្សេងគ្នាផងដែរ។

ប៉ុន្ដែទាំងរដ្ឋា និងស្វាមី មិនដែលអួតអាង ឬសម្ញែងទ្រព្យឲ្យគេឃើញដូចតារាផ្សេងៗទៀតឡើយ៕
