Monday, September 22, 2025
Homeតារាខ្មែរទូច​ ស្រីលក្ខណ៍ សារភាពចំណងស្នេហា១០ឆ្នាំជាមួយស្វាមី ដើរដល់ផ្លូវ...

ទូច​ ស្រីលក្ខណ៍ សារភាពចំណងស្នេហា១០ឆ្នាំជាមួយស្វាមី ដើរដល់ផ្លូវ…

តារាចម្រៀងយេយេ តែចូលចិត្តច្រៀងសម្ដែងបង្ហូរទឹកនេត្រានៅលើឆាកតន្រ្ដី អ្នកនាងទូច ស្រីលក្ខណ៍ បានទទួលស្គាល់ថា ពេលនេះចំណងស្នេហា១០ឆ្នាំរបស់នាង គឺពិតជាប្រឈមឈានទៅរកផ្លូវទាល់ច្រក ដែលអាចនឹងចែកផ្លូវគ្នាដើររៀងៗខ្លួនមែន។

ប៉ុន្ដែនាងថា នឹងព្យាយាមផ្សះផ្សាស្នេហ៍ឡើងវិញ ព្រោះដំណាក់កាលនេះ​នាងមិនទាន់លែងលះប្ដី១០០%ទេ​ គឺនៅ៥០ទល់៥០នៅឡើយ ហេតុនេះហើយបិសិនជាមានឱកាសនាងចង់ឲ្យស្វាមីវិលមករកការជួបជុំគ្នាដូចដើមវិញ។

តារាកូន១ ទូច​ ស្រីលក្ខណ៍ បានឲ្យដឹងថា ”ខ្ញុំពិតជាមានបញ្ហាខ្លះក្នុងគ្រូសារមែន ហើយពេលនេះពួកយើងមិនរស់នៅជាមួយគ្នាទេ។ ប៉ុន្ដែខ្ញុំនិងគាត់មិនទាន់លែងលះគ្នាដាច់ស្រឡះ១០០%ទេ គឺអាចនិយាយបានថា បែកគ្នាហ្នឹង៥០%ហើយ។ អំឡុងពេលហ្នឹង ខ្ញុំចង់ឲ្យអ្វីៗមកដូចដើម ព្រោះខ្ញុំមិនចង់ឲ្យកូនប្រុសខ្ញុំរស់នៅកំព្រាឪពុកទេ។ ខ្ញុំនឹងព្យាយាមដើម្បីឲ្យពួកយើងបានមករស់នៅជួបជុំគ្នាវិញ”។

តាមព័ត៌មានថា ចំណងស្នេហាទូច ស្រីលក្ខណ៍ និងស្វាមីសញ្ជាតិន័រវ៉េស បានជួបភាពរកាំរកូស ក្រោយពីប្ដីនាងបែកឆ្វេងទៅមានស្រីថ្មី ទើបនៅតាមបណ្ដាកម្មវិធីអ្នកសិល្បៈទាំងឡាយ ពួកគេលែងបណ្ដើរគ្នាទាល់តែសោះ ហើយគេឃើញស្រីលក្ខណ៍ ដើរម្នាក់ឯងយ៉ាងស្រងូតស្រងាត់ និងពេលខ្លះនាងងាកទៅបណ្ដើរលោកយូ ឌីស្កូ ទៅវិញ។

ម្ចាស់បទ ”មេម៉ាយមានអីមិនល្អ?” អ្នកនាងទូច ស្រីលក្ខណ៍ បន្ថែមថា ”គ្មានអ្នកទី៣ ចូលមកជ្រៀតជ្រែកទេ។ និយាយទៅពួកយើងរវល់រៀងៗខ្លួន ទើបមិនសូវមានពេលបានជួបជុំគ្នាទេ ហើយក៏មានបញ្ហានេះឡើងតែម្ដង។ ខ្ញុំនៅតែជឿថា យើងអាចត្រូវវ៉ូវគ្នាវិញ បើទោះជាពេលនេះយើងមានបញ្ហាជាមួយគ្នាហើយរស់នៅបែកគ្នាក្ដី”។

ទូច ស្រីលក្ខណ៍ បានភ្ជាប់ពាក្យកាលពីឆ្នាំ២០០៩ និងរៀបការកាលពីឆ្នាំ២០១០ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ ជាមួយបុរសសញ្ជាតិន័រវ៉េស ហើយចំណងស្នេហ៍១០ឆ្នាំនេះ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុជាង៥ឆ្នាំ។

ក្រោយជួបរឿងស្មុគស្មាញនេះ ស្រីលក្ខណ៍ បានប្ដូរម៉ូដសក់ខ្លីដូចប្រុស ហើយគេឃើញនាងផលិតបទចម្រៀងជាច្រើនដែលទាក់ទងរឿងស្នេហាផ្ទាល់ខ្លួន ដូចជាបទ ”ទឹកភ្នែកភរិយា”, ”សុភមង្គលមិនមែនឋិតតែនៅលើលុយ”, និង ”តើម្ដាយឯណាដាច់ចិត្តចោលកូន?” ជាដើម។

ទូច ស្រីលក្ខណ៍ អះអាងទៀតថា ”រឿងកាត់ម៉ូដសក់ខ្លីហ្នឹង គឺពិតជាត្រូវនឹងសាច់រឿងផ្ទាល់ខ្លួនរបស់ខ្ញុំមែន។ ខ្ញុំចង់កាត់ចិត្តពីគាត់ បើសិនជាពួកយើងមិនអាចផ្សះផ្សាគ្នាបានទេ។ ប៉ុន្ដែជាជំហានដំបូង ខ្ញុំចង់ឲ្យគាត់វិលមករកប្រពន្ធកូនសិន ហើយបើមិនអាច គឺមានតែកាត់ចិត្តដូចខ្ញុំកាត់សក់អីចឹង”៕

RELATED ARTICLES