មាស សុខសោភា បានប្ដូរការតុបតែងខ្លួនទាំងស្រុងនៅឆ្នាំ២០២០នេះ ពិសេសគឺម៉ូដសក់តែម្ដង ដែលនាងបានប្រើម៉ូដក្រង ដោយផ្លាស់ប្ដូរជាបន្ដបន្ទាប់ទៅតាមប្រភេទនៃកម្មវិធី។ ការប្ដូរស្ទីលតែងខ្លួនរបស់មាស សុខសោភា នៅពេលនេះ បន្ទាប់ពីនាងធ្លាប់ត្រូវបានគេរិះគន់ថា នៅតាមកម្មវិធីមួយចំនួនតារាចម្រៀងល្បីល្បាញរូបនេះ ស្លៀកពាក់មិនសមជាតារាល្បីឡើយ ព្រោះសាមញ្ញខ្លាំងពេក។

ប៉ុន្ដែពេលនេះ សោភា លែងលេងស្ទីលដដែលៗទៀតហើយ ពិសេសគឺម៉ូដសក់តែម្ដង ដែលនាងប្ដូរស្ទើរតែគ្រប់កម្មវិធីទាំងអស់ ទើបធ្វើឲ្យសោភា កាន់តែទទួលបានទាក់ទាញពីមហាជនថែមទៀត។

មុនចាប់ផ្ដើមតុបតែងខ្លួនប្លែកៗនេះ មាស សុខសោភា បានធ្វើឲ្យថៅកែផលិតកម្មថោន ភ័យបុកពោះមិនតិចទេ ព្រោះនាងបានប្រកាសថា នឹងដើរចេញពីផលិតថោន ដោយសារផលិតកម្មនេះលែងអើពើជាមួយនាងទៀតហើយ។

ប៉ុន្ដែក្រោយការតាំងចិត្តថា នឹងស្ពាយបង្វេចចេញពីថោន នេះ មាស សុខសោភា ត្រូវបានលោកថៅកែថោន កោះប្រជុំចរចាជាបន្ទាន់ ព្រោះលោកមិនចង់ឲ្យនាងដើរចេញពីទ្រនំរបស់លោក ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស ឡើយ។

ដោយឡែក អ្នកជំនាញសិល្បៈ លោកនូ ស៊ិប បាននិយាយថា មាស សុខសោភា ជាតារាចម្រៀងល្បីនិងមានសមត្ថភាព ហេតុនេះហើយទោះជាទៅដល់ទីណាក៏នៅតែល្បីដដែល។

ប៉ុន្តែអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានព្រមានថា បើសោភា ទៅហង្សមាស មែន នាងមិនមែនត្រូវប្រជែងជាមួយឱក សុគន្ធកញ្ញា នោះទេ តែត្រូវមានគូប្រជែងថ្មី គឺពេជ្រ សោភា ។

ទស្សនិកជនរង់ចាំមើលថា មាស សុខសោភា នឹងក្លាយទៅជាសមាជិកថ្មីរបស់ហង្សមាស ឆាប់ៗនេះមែន ឬមួយក៏លោកថៅកែថោន មានយុទ្ធសាស្រ្ដអាចចងជើងតារាល្បីរូបនេះ ឲ្យច្រៀងនៅផលិតកម្មរបស់លោកបន្ដទៅទៀត?

យ៉ាងណា ស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្ម Camtrax មិនប្រឆាំងសោភា ក្នុងការទៅផលិតកម្មថ្មីដូចមុនទៀតឡើយ៕