Monday, September 22, 2025
Homeតារាខ្មែររ៉ាប៊ី "អាពៅតេតៗ" មិនលេចធ្លោដូច "មាន់ស្រែ"

រ៉ាប៊ី “អាពៅតេតៗ” មិនលេចធ្លោដូច “មាន់ស្រែ”

នៅមុនចូលឆ្នាំខ្មែរនេះ តារាចម្រៀងរ៉ាប៊ី មិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចឆ្នាំមុនៗទៀតឡើយ បើទោះជានាងបានបញ្ចេញបទថ្មី ”អាពៅតេតៗ” ដើម្បីទប់ទល់ជាមួយតារាចម្រៀងផ្សេងៗទៀតក្ដី ប៉ុន្តែបទនេះបើប្រៀបធៀបបទល្បីៗដែលនាងបានចេញ ដូចជាបទ ”មាន់ស្រែ” និង ”ម៉ែជេរ” ជាដើមនោះ គឺហាក់ខុសគ្នាឆ្ងាយ។

ទោះជាយ៉ាងណា ការមិនសូវមានបទចម្រៀងខ្លាំងៗដូចមុនរបស់កញ្ញារ៉ាប៊ី នៅពេលនេះ បន្ទាប់ពីថោន បានប្រមែប្រមូលតារាចម្រៀងទាំងស្រីទាំងប្រុសមកកាន់តែច្រើន នាពេលថ្មីៗនេះ ដូចជា សុវត្ថិឌី ធារិកា , ដា សុម៉ាវត្តី , ចែម ស្រីលក្ខណ៍ , បាន មុនី្នលក្ខណ៍ និងលោកឆឹម សក្កដា ជាដើម ​ដែលធ្វើឲ្យកញ្ញារ៉ាប៊ី ពិបាកទប់ទប់។

ប៉ុន្ដែក្នុងជំនួបកាលពីពេលថ្មីៗនេះ កញ្ញារ៉ាប៊ី ថា នាងមិនមានការបារម្ភច្រើនចំពោះតារាសមាជិកថ្មីរបស់ថោន ដែលសម្រុកគ្នាចូលផលិតកម្មនេះឡើយ។ នាងថា បានត្រៀមរួចជាស្រេចនូវបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ ហើយនាងមានក្រុមការងារចាំធ្វើបទទាំងនោះ។

រ៉ាប៊ី ថា បើថោន មានសមាជិកល្អៗកាន់តែច្រើននោះ នាងកាន់តែសប្បាយចិត្ត ហើយមិនភ័យខ្លាចបាត់បង់តំណែងទេ ពោលគឺមានតែខិតខំប្រឹងប្រែងតទៅទៀត។

ផាន វីរ៉ាទី ឬរ៉ាប៊ី បានល្បីឈ្មោះដោយរហ័ស ក្រោយបទញាក់របស់នាងនៅថោន ល្បីស្ទើរគ្រប់បទទាំងអស់។ យ៉ាងណា ការច្រៀងបទស្លូវវិញ នាងនៅមានកម្រិតនៅឡើយ ទើបធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមិនសូវទូលាយ។ ប៉ុន្ដែបើក្រឡេកមើលទ្រព្យរបស់ស្រីស្អាតរ៉ាប៊ី វិញ ប្រាកដជាឡើងលឿនមិនចាញ់កេរ្ដិ៍ឈ្មោះរបស់នាងឡើយ ព្រោះច្រៀង៣ឆ្នាំនេះ ស្រីស្រស់ស្រវាបានលុយមិនក្រោមកន្លះលានដុល្លាទេ។

ក្នុងនោះ មានផ្ទះវីឡាស្កឹមស្កៃតម្លៃ១៥ម៉ឺនដុល្លារ និងផ្ទះ២ល្វែងតម្លៃ២០ម៉ឺនដុល្លារ, រថយន្ដ៣គ្រឿង Lexus NX200t និង Lexus RX300 រួមទាំងដីធ្លីមួយចំនួនទៀត។

ជុំវិញការកើនទ្រព្យស្ទើរមិនគួរឲ្យជឿនេះ ធ្វើគេសង្ស័យថា កញ្ញារ៉ាប៊ី មានប្រុសស្នេហ៍ចិញ្ចឹមនៅក្រោយខ្នង ប៉ុន្តែស្រីស្រស់រូបនេះតែងបដិសេធ ដោយអះអាងថា នាងគ្មានប្រុសណាឧបត្ថម្ភឡើយ៕

RELATED ARTICLES