តារាចម្រៀងផលិតកម្មថោន បាន មុន្នីល័ក្ខ បានធ្វើការសំណូមពរដល់បណ្ដាអ្នកសារព័ត៌មានទាំងឡាយថា ចាប់ពីពេលនេះតទៅ នាងសូមឲ្យអ្នកកាសែតទាំងអស់ឈប់សរសេរអត្ថបទពីនាង ហើយភ្ជាប់ជាមួយ Dj Cake ដែលជាអតីតគូដណ្ដឹងរបស់នាងតទៅទៀត។

មុនីល័ក្ខ ថា រាល់សណួរទាំងឡាយណាដែលអ្នកកាសែតសួររឿងពាក់ព័ន្ធជាមួយ Dj Cake គឺនាងសូមមិនបកស្រាយអ្វីទៀតឡើយ។ ប៉ុន្ដែបើសួររឿងការងារសិល្បៈផ្សេងៗ នាងស្វាមគមន៍ និងឆ្លើយតបរីករាយ។

បាន មុនី្នល័ក្ខ បញ្ជាក់ថា ”រឿងហ្នឹងចប់អស់ទៅហើយតើ យកមករំលឹកធ្វើអីទៀតទៅ? ខ្ញុំសូមឲ្យបញ្ចប់រឿងរ៉ាវទាំងអស់ហ្នឹង ព្រោះខ្ញុំមិនចង់និយាយពាក់ព័ន្ធគាត់ (Dj Cake)ទៀតទេ។ ប៉ុន្តែបើសួររឿងការងារសិល្បៈ សួរមួយសេរីចុះ ខ្ញុំមិនគេចទៅណាទេ”។

ថ្វីត្បិតតែបាន មុន្នីល័ក្ខ មិនចង់ឲ្យគេភ្ជាប់រឿងនាងទៅអតីតគូដណ្ដឹង Dj Cake ទៀតក្ដី ប៉ុន្ដែនាងធ្លាប់អះអាងថា ទោះជាចែកផ្លូវគ្នាមែន ប៉ុន្ដែទំនាក់ទំនងរវាងនាងនិងលោកខេក គឺនៅតែរាប់អានគ្នាធម្មតាដដែល គ្មានការគុំគួនគ្នាអ្វីទាំងអស់។

ដោយឡែក Dj Cake វិញ ពេលខ្លះជួបមុនី្នល័ក្ខ ដោយចៃដន្យ ស្រាប់តែដកទូរស័ព្ទមកថត Selfie ហាក់ដូចជាគ្មានរឿងអីកើតឡើងទាល់តែសោះ។ ប៉ុន្តែមុន្នីល័ក្ខ វិញថា ការដែលនាងមិនចង់ឲ្យអ្នកសារព័ត៌មានភ្ជាប់ឈ្មោះនាងទៅជាមួយ Dj Cake តទៅទៀតនោះ ព្រោះម្ដាយនាងមិនចង់ឲ្យគេគាស់កកាយរឿងនេះសាជាថ្មីទៀតឡើយ។

បាន មុន្នីល័ក្ខ បានដើរចេញពីផលិតកម្មរស្មីហង្សមាស ចូលថោន ហើយត្រូវបានទ្រនំថ្មីនេះផ្ដល់តំណែងតួឯករឿង ”ព្រហ្មលិខិតដុះស្លាប” ដែលប៉ះជាមួយលោកម៉ៅ ហាជី ។

មុន្នីល័ក្ខ បានឲ្យដឹងថា នាងស្រលាញ់អាជីពសសម្ដែងដូចចម្រៀងដែរ ហើយពេលនេះនាងបានបើកក្រុមហ៊ុនកម្សាន្ដមួយ ឈ្មោះ BML៕
