ភ្នំពេញ៖ ស្ថិតក្នុងវេលាដ៏មមាញឹកជំនួញអចលនទ្រព្យទិញលក់ដូរថយន្ត រួមនិងអាជីពជាអ្នកចម្រៀង ក៏សម្រុកថតបទចម្រៀងថ្មីៗលើទ្រនំផលិតកម្ម M ទុកបម្រើអារម្មណ៍មហាជននាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកសន វិជ្ជបុត្រ បានប្រកាសភ្លាមៗថា បរិច្ចាគទានចំនួន១លានរៀល ជួយកុមារាកុមារីកំព្រាបីនាក់បងប្អូនរស់នៅទឹកដីស្រុកបាភ្នំ ដែលក្លាយជាក្មេងកំព្រាមួយប៉ព្រិចភ្នែក ឪពុកម្តាយស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។

គួររំលឹកថា កុមារាកុមារីបីនាក់បងប្អូន ក្លាយជាកុមារកំព្រាទាំងវ័យនៅមិនទាន់ដឹងក្តី លើបណ្តាញសង្គមបានធ្វើការចែកចាយព័ត៌មានដ៏មហាសោកនាសកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូ បើកបរបញ្ច្រាសទិញគ្នាពីលិចទៅកើត រថយន្តក៏រេចង្កូតជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ភ្លាមៗ ដោយបន្សល់ទុកកូនប្រុសស្រីបីនាក់ ឲ្យនៅកំព្រាឪពុកម្តាយ។

កាន់តែសង្វេកលើបណ្តាញសង្គម ខណៈការចែករំលែកព័ត៌មានបង្ហាញពីក្មេងបីនាក់បងប្អូនក្លាយជាក្មេងកំព្រា ឈរទទូលក្រណាត់សរកាន់ទុក្ខមុខសពអ្នកមានគុណទាំងពីរក្នុងទឹកមុខក្រៀមក្រំ ក៏មានសាររំលែកទុក្ខយ៉ាងច្រើន។
តារាចម្រៀងមានកំណើតពីរស់នៅស្រុកបាភ្នំ ជាមួយក្មេងកំព្រាបីនាក់ លោកសន វិជ្ជបុត្រ ក៏បានប្រកាសលើបណ្តាញសង្គមជួយសម្រាលការលំបាកដល់ក្មេងកំព្រាទាំង៣ ដែលត្រូវឪពុកម្តាយស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍នៅស្រុកកំណើត (បាភ្នំ ព្រៃវែង) ឧបត្ថម្ភ១លានរៀល ថានឹងឲ្យក្រុមការងារនាំទានទៅជូនក្មេងកំព្រាដោយផ្ទាល់ដៃ។

តារាចម្រៀងធ្វើការងារមនុស្សធម៌ជួយអ្នកក្រីក្រ ក៏ឃើញមានឈ្មោះជាឯកឧត្តម ជុំវិញរឿងនេះលោកបានបញ្ជាក់ខ្លីប្រាប់ថា “ឈ្មោះជាឯកឧត្តម ខ្ញុំមានយូរហើយ ហើយខ្ញុំក៏ធ្វើការងារឲ្យក្រសួងមួយក្នុងឋានៈនេះក៏យូរហើយដែរ តែខ្ញុំមិនចង់បង្ហាញបងប្អូន ខ្ញុំចង់ឲ្យបងប្អូនស្គាល់ខ្ញុំនៅត្រឹមតែជាតារាចម្រៀងនិងរកស៊ីរបបតិចតូច»។
ក្នុងនោះដែរ លោកថា ខ្ញុំមិនចង់និយាយអ្វីច្រើនពីការងារខ្ញុំនៅក្នុងក្រសួងនោះទេ ខ្ញុំធ្វើបុណ្យឧបត្ថម្ភប្រាក់១លានរៀលដល់កុមារកំព្រាបីនាក់បងប្អូននៅបាភ្នំនោះ គឺដោយក្តីអាណិត ជួយរំលែកទុក្ខពួកគាត់ ហើយរឹតតែអាណិត ពួកគាត់ក៏មានស្រុកកំណើតនៅបាភ្នំជាមួយខ្ញុំដែរ៕





