ប្រជាពលរដ្ឋជាច្រើននាក់បានចេញមុខតវ៉ាសុំឲ្យតារាចម្រៀងល្បីល្បាញជាង១ទស្សវត្ស ព្រាប សុវត្ថិ ដែលបានយកផ្លូវសាធារណៈធ្វើជាកន្លែងចតឡាន និងធ្វើរោងឈើ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០សិ្ថតក្នុងភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មករស់នៅទីនេះជាយូរឆ្នាំមកហើយ ពោលគឹចាប់តាំងពីពួកគាត់នៅតូចៗមកម្ល៉េះ មិនដែលរំលោភបំពានលើផ្លូវសាធារណៈនោះទេ។ ទើបតែពេលលោកព្រាប សុវត្ថិ ចាប់ផ្តើមធ្វើផ្ទះនេះ ស្រាប់តែបានសង់របងរំលោភលើផ្លូវសាធារណៈ ហើយបានចតឡាន និងធ្វើរោងឈើលើផ្លូវសាធារណៈតែម្តង ធ្វើឲ្យពួកគាត់ពិបាកចេញចូលផ្ទះជាខ្លាំង។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា មានពេលខ្លះក្រុមគ្រួសារលោកព្រាប សុវត្ថិ បានចេញមុខមកដោះស្រាយជាមួយប្រជាពលរដ្ឋរស់នៅក្បែរខាងដែរ ប៉ុន្តែរំលងបាន២ទៅ៣ថ្ងៃ ស្រាប់តែសកម្មភាពដដែលនេះចាប់ផ្តើមជាថ្មី។ រហូតមកដល់ពេលនេះ ពួគគាត់បានផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីជួយដោះស្រាយបញ្ហានេះ។

ប្រជាពលរដ្ឋទាំងនោះថែមទាំងសំណូមពរដល់លោកព្រាប សុវត្ថិ សូមមេត្តាជួយដោះស្រាយបញ្ហាចតឡាន និងសង់រោងឈើលើផ្លូវសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានចេញចូលឡានម៉ូតូបានស្រួលផង។

យ៉ាងណា ការទាក់ទងទៅលោកព្រាប សុវត្ថិ មិនបានសម្រេចទេ ប៉ុន្តែយ៉ាងណា យើងនឹងទទួលការបកស្រាយពីលោកជានិច្ច៕
