Monday, September 22, 2025
Homeតារាខ្មែរមាស សុខសោភា ថា ចូលហង្សមាស មិនចង់បានតំណែងមួយនេះឡើយ

មាស សុខសោភា ថា ចូលហង្សមាស មិនចង់បានតំណែងមួយនេះឡើយ

មាស សុខសោភា ​បានឲ្យដឹងថា នាងនឹងអាចក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស នាពេលខាងមុខបាន លុះត្រាតែផលិតកម្មមួយនេះព្រមទទួលយកលក្ខខណ្ឌផ្ទាល់ខ្លួនរបស់នាង តាមរយៈការច្រៀងដោយគ្មានកុងត្រា។

យ៉ាងណា មហាជនបានលើកឡើងថា ប្រសិនបើសោភា នឹងក្លាយទៅជាសមាជិករបស់ហង្សមាសមែន ច្បាស់ណាស់ថា នាងនឹងត្រូវបានថៅកែផលិតកម្មនេះប្រគល់តំណែងជាគណៈកម្មការ ឬគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងណាមួយជាមិនខានឡើយ ព្រោះនេះក៏ជាបំណងរបស់នាងផងដែរ ដើម្បីកុំឲ្យចាញ់ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា ជាដើម។

ប៉ុន្ដែក្នុងជំនួបផ្ទាល់ នៅពេលត្រូវសួរពីរឿងនេះ មាស សុខសោភា បានលើកឡើងផ្ទុយពីការយល់ឃើញបែបនេះទៅវិញ ដោយនាងអះអាងថា មិនធ្លាប់គិត ឬចង់បានតំណែងទាំងនោះទេ ហើយបើនាងចូលហង្សមាស មែន ក៏គ្មានបំណងទាមទារតួនាទីទាំងនេះដែរ។

សោភា ថ្លែងថា ”បើនិយាយពីរឿងតំណែងទាំងនេះ ឥឡូវគឺហាក់ដូចជាយឺតពេលទៅហើយ , បើខ្ញុំចូលហង្សមាស ក៏មិនមែនដោយសារតែតំណែងទាំងនេះដែរ។ ខ្ញុំយល់ថា ឥឡូវកម្មវិធីប្រលងចម្រៀងនៅតែប៉ុណ្ណឹង អីចឹងខ្ញុំមិនដែលគិតថា ទៅហ្នុងចង់កាន់តំណែងនេះទេ”។

ថ្វីត្បិតតែមាស សុខសោភា ថា នាងគ្មានចិត្តចង់ធ្វើជាគ្រូបង្វឹក ឬគណៈកម្មការមែន ប៉ុន្ដែបទពិសោធន៍ និងសមត្ថភាពរបស់នាង គឺពិតជាស័ក្តិសមនឹងទទួលយកវា ហើយមហាជនប្រាកដជាពេញចិត្តជាមិនខាន ប្រសិនបើនាងកាន់តំណែងនេះ ហើយផ្ដល់បទពិសោធន៍ឲ្យឲ្យប្អូនៗជំនាន់ក្រោយនោះ គឺសោភា បានទាំងកេរ្ដិ៍ឈ្មោះ និងកិត្តិយសថែមទៀត គឺដូចគ្នាទៅនឹងលោកព្រាប សុវត្ថិ ដែរ។

ប៉ុន្ដែមាស សុខសោភា នៅតែថា រឿងធ្វើជាគណៈកម្មការ ឬគ្រូបង្វឹក មិនមែនជាបំណងដែលធំបំផុត ដែលនាងចង់បាននោះទេ ព្រោះពេលនេះមានតារាមួយចំនួនកាន់អស់ទៅហើយ បើនាងចង់ធ្វើដែរ គឺមានតែក្រោយគេ ហេតុនេះហើយបានជានាងមិនដែលគិតដល់រឿងទាំងនោះ។

មាស សុខសោភា នៅតែមិនកំណត់ច្បាស់លាស់ថា ពេលណាទើបនាងសម្រេចចិត្តថា ចូលហង្សមាស ឡើយ ដោយនាងអះអាងថា ថ្នាក់ដឹកនាំផលិតកម្មថោន នឹងប្រជុំជាមួយក្រុមការងារ រួមទាំងនាងផង ហើយពេលនោះនាងចង់ជម្រះរឿងទាំងឡាយជាមួយផលិតកម្មឲ្យអស់ជាមុនសិន ដែលពេលនោះហើយ ទើបនាងអាចឆ្លើយបានថាតើនឹងបន្ដច្រៀងនៅថោន ឬចេញទៅផលិតកម្មផ្សេង។

សោភា បញ្ជាក់ថា បើសិនជាថៅកែផលិតកម្មរស្មីហង្សមាស ទាមទារឲ្យនាងកុងត្រានោះ ច្បាស់ណាស់ថា នាងមិនចូលឡើយ គឺសុខចិត្តនៅធ្វើជាតារាចម្រៀងនៅផលិតកម្មរបស់ខ្លួនឯង ព្រោះនាងចូលចិត្តធ្វើការដោយសិទ្ធិសេរីភាពពេញលេញ ជាជាងរងគំនាបពីអ្នកណាម្នាក់។

មាស សុខសោភា បានប្រកាសចេញពីផលិតកម្មថោន នៅដើមឆ្នាំ២០២០ ធ្វើឲ្យក្រុមការងារផលិតកម្មនេះមានការជ្រួលច្របល់ ព្រោះគ្រប់គ្នាដឹងថា សោភា ជាតារាស្នូលរបស់ផលិតកម្មនេះ។

ថៅកែផលិតកម្មថោន បានកោះប្រជុំជាបន្ដបន្ទាប់ដើម្បីរកដំណោះស្រាយ ហើយសោភា ថា នាងនៅមានមនោសញ្ចេតនាជាមួយថោន នៅឡើយ ព្រោះមានការរាប់អានជាមួយថ្នាក់ដឹកនាំច្រើនឆ្នាំហើយ។ នាងថា សម័យនេះហើយ​ទោះជានាងមិនច្រៀងនៅផលិតកម្មណា ក៏អាចធ្វើបទចម្រៀងដោយខ្លួនឯងបានដែរ។

ប៉ុន្ដែនៅពេលត្រូវសួររឿងរៀបការ សោភា ដែលភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ នៅកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ជិត១៣ឆ្នាំហើយនោះ នាងថា មិនទាន់ចង់និយាយរឿងទាំងនេះទេ ព្រោះវាជាជីវិតឯកជន៕

RELATED ARTICLES