ខណៈដែលឌុច លីដា ធ្លាប់តែត្រូវបានគេស្គាល់ថា នាងជាតារាម្នាក់ហ៊ានថតឈុតស្នេហាស្រើបស្រាលដោយមិនញញើតប៉ុនក្រចកដៃនោះ ស្រាប់តែពេលនេះ លីដា ដែលមិនទាន់រៀបការសោះ បានចេញមកសារភាពថា នាងមានកូនប្រុសម្នាក់អាយុជាង១ខែទៅហើយ…។
ខាងក្រោមនេះជាបទសម្ភាសន៍តាមទូរស័ព្ទរវាងអ្នកយកព័ត៌មាន “អង្គរធំ” ជាមួយឌុច លីដា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ៖
អង្គរធំ ៖ មានព័ត៌មានថា ឌុច លីដា មានកូន១ទៅហើយ តើរឿងហ្នឹងយ៉ាងម៉េចដែរទៅ?
លីដា ៖ (សើច)… ដូចបានឃើញអីចឹង ខ្ញុំមិនលាក់បាំងអីទេ ឥឡូវមានកូនប្រុស១មែន អាយុ១ខែកន្លះទៅហើយ។

អង្គរធំ ៖ ម៉េចបានឌុច លីដា មានកូន បើគេមិនដែលឃើញនាងរៀបការម្តងណា ហើយឃើញតែនាងថតសម្តែងរហូតសោះហ្នឹង?
លីដា ៖ ខ្ញុំថតសម្តែងរហូតមែនតើ ប៉ុន្តែមិនមែនរហូតដល់ថ្ងៃសម្រាលទេ។ មុនសម្រាលកូន ខ្ញុំបានថតស្ពតទឹកដោះគេអីដែរ ហើយអ្នកខ្លះបានដឹង អ្នកខ្លះទៀតក៏មិនដឹងទៅរឿងខ្ញុំមានកូននេះ។

អង្គរធំ ៖ តារាសិល្បៈរួមអាជីពមួយចំនួនដែលជិតស្និទ្ធជាមួយលីដា នៅតែអះអាងថា ក្មេងនោះមិនមែនជាកូនរបស់នាងទេ គឺលីដា សម្តែង (Drama) ធ្វើជាកូនខ្លួនឯង តើរឿងនេះយ៉ាងម៉េចដែរ?
លីដា ៖ រឿងហ្នឹងខ្ញុំក៏មិនដឹងជាធ្វើម៉េចទេ ត្រង់គេជឿឬមិនជឿ ខ្ញុំមិនបានលាក់បាំងឯណា។ ក្មេងនេះជាកូនរបស់ខ្ញុំមែន ហើយអ្នកខ្លះ គាត់មិនជឿដោយសារតែគិតថា ខ្ញុំថតសិល្បៈរហូត មិនដែលបាត់មុខហ្នឹងហើយ តែខ្ញុំសូមប្រាប់ថា ពេលនេះខ្ញុំមានកូន១ហើយ។

អង្គរធំ ៖ តើឌុច លីដា សម្រាលកូននៅមន្ទីពេទ្យណា បានជាគ្មានតារាណាដឹងបែបនេះ?
លីដា ៖ ខ្ញុំទៅសម្រាលកូននៅមន្ទីពេទ្យមួយកន្លែង នៅប្រទេសជិតខាងហ្នឹង គឺនៅពេទ្យថៃ។

អង្គរធំ ៖ អាចជម្រាបបានទេថា ស្វាមីរបស់ឌុច លីដា ជាអ្នកសិល្បៈដូចគ្នា ឬក្រៅសិល្បៈ? ហើយគ្រោងបង្ហាញមុខស្វាមីជាសាធារណៈនៅពេលណាដែរ?
លីដា ៖ ស្វាមីខ្ញុំ គាត់មិនមែនជាអ្នកសិល្បៈទេ។ គាត់ជាអ្នកបម្រើការងាររាជការម្នាក់ ហើយគាត់រាងអៀនៗបន្តិច អីចឹងខ្ញុំមិនដឹងថា បង្ហាញពេលណាបានទេ។ និយាយទៅខ្ញុំក៏មិនចង់និយាយរឿងស្វាមីដែរ ព្រោះគាត់មិនមែនជាតារាទេ។

អង្គរធំ ៖ តើឌុច លីដា មានការបារម្ភទេថា នាងមានកូនមុនរៀបការអ៊ីចឹង ខ្លាចគេរិះគន់ ហើយធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់នាង?
លីដា ៖ ខ្ញុំមិនគិតអ៊ីចឹងទេ ព្រោះមានគេយកកូនមុនរៀបការដែរហ្នឹង។ ចំពោះអាជីពសិល្បៈ ខ្ញុំស្រលាញ់ និងបានតស៊ូថតរឿងជាច្រើនមកហើយ អ៊ីចឹងខ្ញុំនៅតែបន្ត គ្រាន់តែពេលនេះ ខ្ញុំចង់យកពេលវេលាច្រើនទៅលើក្រុមគ្រួសារ និងមើលថែកូនខ្ញុំ។

អង្គរធំ ៖ តើឌុច លីដា មានចង់ដឹកដៃស្វាមីរៀបការទេ ក្រោយសម្រាលកូន១នេះ?
លីដា ៖ ខ្ញុំមិនទាន់ចង់គិតលើរឿងនេះទេ ហើយក៏មិនដឹងថា នឹងរៀបការពេលណាដែរ។ ខ្ញុំគិតថា អ្នកខ្លះរៀបការហើយ គ្មានកូនក៏មានដែរ អ៊ីចឹងពេលនេះខ្ញុំមានកូន១ ខ្ញុំសប្បាយចិត្តដែរ។

អង្គរធំ ៖ តើការមានស្វាមីនិងកូននៅពេលនេះរបស់លីដា អាចជាការបញ្ចប់ចំពោះដំណឹងថា នាងមានស្រីតាមស្រលាញ់ច្រើនជាងប្រុស និងខ្លះថា អតីតសង្សារលីដា ត្រៀមរៀបការចោល?
លីដា ៖ ខ្ញុំមិនចង់និយាយរឿងស្វាមីច្រើនទេ។ ក្រោយខ្ញុំបង្ហាញរូបកូន មានអ្នក Commet ច្រើនដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ខ្ញុំដែរ។ ប៉ុន្តែខ្ញុំមិនគិតច្រើនទេ។

អង្គរធំ ៖ សំណួរចុងក្រោយ តើស្វាមីរបស់លីដា អាចនឹងឱ្យនាងបញ្ចប់អាជីពសិល្បៈ ហើយងាកទៅរកស៊ីអ្វីមួយ ក្រៅពីសិល្បៈទេ?
លីដា ៖ ពេលនេះ ខ្ញុំមិនទាន់មានមុខរបរអ្វីមួយទេ។ ចំពោះស្វាមីខ្ញុំ គាត់មិនហាមខ្ញុំលេងសិល្បៈទេ។ ខ្ញុំនៅតែទទួលការងារសិល្បៈដូចមុនអីចឹង គ្រាន់តែពេលនេះចង់យកពេលវេលាមើលថែកូន អីចឹងអាចទទួលការងារសិល្បៈណាដែលមានរយៈពេលខ្លីៗទេ បើថតវែងរាប់ខែអី ប្រហែលជាគ្មាន ពេលទេ៕
ហ៊ឹម វិចិត្រ