Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីមប្រកាសលុបគម្រោងយកកូនទី3ភ្លាម ស្របពេលមានរឿងនេះ

អ្នកនាងខាត់ សុឃីមប្រកាសលុបគម្រោងយកកូនទី3ភ្លាម ស្របពេលមានរឿងនេះ

អ្នកនាងខាត់ សុឃីម ដែលចេញមុខព្រមានស្រីទាំងឡាយកុំឱ្យទាក់ប្តីក្មេងរបស់នាង លោកផាណូ នោះ ស្រាប់តែពេលនេះអ្នកនាងបានលុបចោលគម្រោងយកកូនទី៣ជាបន្ទាន់ទៅវិញ ទើបធ្វើឱ្យមានការសង្ស័យថា ចំណងស្នេហាសុឃីម និងស្វាមី កំពុងតែជួបបញ្ហារកាំរកូសព្រោះមានជនទី៣ ចូលជ្រៀតជ្រែក…។

ខាត់ សុឃីម ថា នាងសូមបិទបញ្ចប់រឿងយកកូនត្រឹមតែ២នាក់នេះហើយ ដោយគម្រោងពពោះយកកូនទី៣ ត្រូវតែលុបចោលជាស្ថាពរវិញ។ ការមិនចង់ពពោះកូនម្នាក់ទៀតរបស់ខាត់ សុឃីម នៅពេលនេះ ចំពេលដែលមុននេះអ្នកនាងបានបញ្ចោញសារព្រមានស្រីមួយចំនួនកុំឱ្យចង់ញ៉ែ ឬទាក់ប្តីនាងអី បើមិនដូច្នេះទេ ពួកគេនឹងទទួលបានលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលជាមិនខាន។

សុឃីម ថ្លែងសារថា “ញ៉ែប្តីខ្ញុំជាសមត្ថភាពរបស់អ្នក តែបើថ្ងៃមួយអ្នកបែកក្បាល គឺជាស្នាដៃរបស់ខ្ញុំ សមត្ថភាពរបស់យើងម៉្យាងម្នាក់ទេមីអូន”។

ការបញ្ចេញសារបែបនេះរបស់សុឃីម ត្រូវបានគេសង្ស័យថា តារាពហុជំនាញរូបនេះ កំពុងតែព្រមានស្រីណាម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយប្តីនាង។

ទោះជាយ៉ាងណា នៅពេលសួររឿងគេសង្ស័យប្តីមានស្រីក្រៅផ្ទះនេះ ខាត់ សុឃីម បានច្រាលចោល ដោយអះអាងថា ពេលនេះសុភមង្គលរបស់នាងល្អខ្លាំងណាស់ ហើយស្នេហាគ្មានការរង្គោះរង្គើបន្តិចឡើយ។

សុឃីម បានប្រាប់តាមទូរស័ព្ទថា មូលហេតុដែលនាងសម្រេចចិត្តលុបចោលគម្រោងយកកូនទី៣នេះ ដោយសារតែគ្មានពេលពពោះនិងមើលថែកូនឱ្យបានដិតដល់ គឺមិនពាក់ព័ន្ធរឿងស្វាមីនាងមានស្រីខាងក្រៅផ្ទះនោះទេ។

តារាពហុជំនាញសិល្បៈរូបនេះ ថ្លែងថា “រឿងសារនោះមិនពាក់ព័ន្ធរឿងពិត ឬប្តីខ្ញុំមានស្រីក្រៅផ្ទះអី អត់អ៊ីចឹងទេ! ខ្ញុំអផ្សុកពេក និងកុំឱ្យស្ងប់ស្ងាត់នៅលើហ្វេសប៊ុក ទើបខ្ញុំសរសេរសារនេះឡើងលេងទៅ។ ប្តីខ្ញុំគ្មានស្រីណាផ្សេងក្រៅពីខ្ញុំទេ”។

អ្នកនាងខាត់ សុឃីម បន្តថា “ចំពោះមូលហេតុដែលខ្ញុំសម្រេចចិត្តលែងយកកូនទី៣នេះ គឺដោយសារតែយើងរវល់ការងារសិល្បៈច្រើន អ៊ីចឹងពិបាកពពោះ និងម៉្យាងទៀតខ្ញុំគិតថា សម័យនេះយកកូនពិបាកអប់រំនិងមើលថែណាស់ បើយើងគ្មានពេលគ្រប់គ្រាន់មើលឱ្យបានដិតដល់ទេ កូនយើងពិបាកគ្រប់គ្រងណាស់។ ម៉្យាងពេលនេះ ខ្ញុំមានកូន២នាក់ហ្នឹងគ្រប់គ្រាន់ហើយសម្រាប់គ្រួសារខ្ញុំ អ៊ីចឹងមិនបាច់មាន១ទៀតក៏បានដែរ”។

ខាត់ សុឃីម មានកូនប្រុសម្នាក់ ឈ្មោះស្កាយ អាយុ១៤ឆ្នាំ ដែលគ្រប់គ្នាជឿថា ឪពុករបស់កូននាង គឺលោកចា រិទ្ធី។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ខាត់ សុឃីម បានរៀបការជាមួយតារាសម្តែងអ៊ិន សុបញ្ញា ហៅផាណូ ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ៦ឆ្នាំ។

តាំងពីមានស្វាមីក្មេងនេះមក សុឃីម តែងពោលពាក្យថា នាងបានស្គាល់នូវអ្វីដែលជាស្នេហាពិតប្រាកដក្នុងជីវិត មិនដូចស្នេហាមុន ជាស្នេហាក្លែងក្លាយនោះទេ។ សុឃីម ក៏បានឱ្យស្វាមីរបស់នាង លោកផាណូ ឈប់ពីអាជីពសិល្បៈ ហើយមកធ្វើជាអ្នកថតរូបប្រចាំនៅហាងសម្អាងការរបស់នាង ដែលដំណើរការជាច្រើនឆ្នាំមកហើយនោះ។

ប៉ុន្តែនៅឆ្នាំ២០២០ នេះ សុឃីម បានថ្ងូរថា ប្រាក់ចំណូលរបស់នាងធ្លាក់ចុះជាងមុន ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ ហេតុនេះហើយនាងក៏ប្រឈមបាត់ប្រាក់ចំណូលមួយផ្នែកពីហាងសម្អាងការមួយនេះដែរ។

ខាត់ សុឃីម បន្ថែមថា “ឆ្នាំនេះ ប្រាក់ចំណូលពីហាងសម្អាងការរបស់ខ្ញុំមានការធ្លាក់ចុះជាងមុន។ នៅតាមខេត្ត អ្នកខ្លះគេថា រៀបការហើយ ប៉ុន្តែចុងក្រោយគេបែរជាមិនរៀបការ និងមិនយកសម្អាងការយើងវិញ។ ខ្ញុំគិតថា រឿងទាំងអស់នេះអាចមកពីគេ ពិបាករកលុយ ឬសេដ្ឋកិច្ចយើងធ្លាក់ចុះតែម្តងបានជាអ៊ីចឹង”។

ក្រៅពីធ្វើឱ្យគេសង្ស័យថា ចំណងស្នេហាមានការប្រែប្រួលនោះ មានព័ត៌មានថា ខាត់ សុឃីម ក៏បានសម្រេចចិត្តលែងកុងត្រាឱ្យផលិតកម្មរស្មីហង្សមាស ទៀតដែរ ព្រោះតែនាងមិនចង់ឱ្យហង្សមាស ចងជើងនាងតទៅទៀត។ ប៉ុន្តែសុឃីម នៅតែត្រូវបានគេចាត់ទុកថា នាងជាតារាដែលមានទីផ្សារគ្រប់រដូវ ហើយក៏ជាតារាដែលមានទ្រព្យស្តុកស្តម្ភ ប្រៀបដូចជាសេដ្ឋិនីម្នាក់ក្នុងសិល្បៈ៕

RELATED ARTICLES