អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី នឹងហោះទៅច្រៀងសម្ដែងនៅអូស្រា្ដលី ជាលើកទី៣ ដែលនឹងចេញដំណើរនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះហើយ។

បុរសដែលធ្លាប់តែកៀកកើយស្រីស្អាតៗក្នុងសិល្បៈជាច្រើនដួងរូបនេះ នឹងដឹកដៃស្រីក្មេងជាតិ សុច្ចកា ទៅច្រៀងរាំជាមួយគ្នាអមដោយតារាច្រៀង១ដួងផ្សេងទៀត គឺនាងខៀវ សុភា។

លោកអែន ឌី បានឲ្យដឹងថា ការទៅអូស្រា្ដលីលើកនេះ លោកនឹងច្រៀងសម្ដែងរយៈពេល១ខែ ទើបវិលត្រឡប់មកស្រុកវិញ ដែលអាចទាន់ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះផងដែរ។ យ៉ាងណា លោកថា ការរួមដំណើរជាមួយប្អូនៗសិល្បករលើកនេះ ធ្វើឲ្យលោកនិងតារាចម្រៀងទាំងអស់ដែលត្រូវចេញដំណើរទៅជាមួយគ្នា មានភាពកក់ក្ដៅច្រើន ព្រោះអាចចាប់ដៃគ្នាច្រៀងសម្ដែងដោយមានភាពងាយស្រួលជាងការចេញទៅគ្នាតិច។

លោកអែន ឌី បានឲ្យដឹងដែរថា ក្រៅពីប្រទេសអូស្រា្ដលី លោកក៏មានខាង Sponsor មួយចំនួនទៀតបានទាក់ទងដែរ ប៉ុន្តែប្រទេសអូស្រា្ដលី ជាលើកដំបូងសម្រាប់លោក នៅដើមឆ្នាំ២០២០នេះ ដែលត្រូវចេញទៅក្រៅប្រទេស។

អែន ឌី ថា កន្លងមកធ្លាប់បានចេញទៅច្រៀងសម្ដែងជាច្រើនប្រទេសមកហើយ ដូចជា នៅអាមេរិក, កាណាដា, ជប៉ុន និងបារាំង។ ដោយឡែក សម្រាប់ប្រទេសអូស្រា្ដលីវិញ នេះជាលើកទី៣សម្រាប់លោក ព្រោះកាលពីឆ្នាំមុន ធ្លាប់ចេញទៅច្រៀងសម្ដែងដោយជោគជ័យ២លើកមកហើយ។

ក្រោយចាកចេញពីផលិតកម្មរស្មីហង្សមាស លោកអែន ឌី ធ្លាប់ចូលច្រៀងនៅផលិតកម្មមួយចំនួន ប៉ុន្ដែនៅពេលនេះលោកបានងាកមកច្រៀង Cover បទមច្រៀងមរតកដើម ដោយចំណាយថវិកាផ្ទាល់ខ្លួន និងមិនជាប់ច្រៀងតាមហាងនៅពេលរាត្រីទៀតឡើយ៕