ខុសពីតារាមួយចំនួនដែលពួកគេតែងតែបង្ហោះឲ្យឃើញពីការញាំអាហារថ្លៃៗ និងប្រើប្រាស់សម្ភារៈម៉ាកល្បីៗ បង្អួតមហាជនពីភាពស្ញប់ស្ញែងរបស់ពួកគេ ប៉ុន្តែតារាចម្រៀងសាច់សខ្ចី សុខ ពិសី វិញ នាងតែងតែធ្វើយុទ្ធនាការពារជីវិតសត្វឆ្កែ (សុនខ) ជាបន្ដបន្ទាប់ ដោយអំពាវនាវឲ្យឈ្មួញបញ្ឈប់ការជួញដូរ និងយកសត្វដែលការពារម្ចាស់នេះទៅបរិភោគតទៅទៀត ព្រោះសត្វមួយនេះស្មោះនិងម្ចាស់ខ្លាំងណាស់។

មិនត្រឹមតែចេញសារជាបន្ដបន្ទាប់ក្នុងការជួយការពារជីវិតសត្វឆ្កែនោះទេ ប៉ុន្ដែថ្មីៗនេះ អំឡុងពេលដែលសុខ ពិសី ត្រឡប់មកពីច្រៀងសម្ដែងនៅខេត្តកំពង់ធំ នាងបានជិះរថយន្ដតាមផ្លូវ ហើយជួបឈ្មួញកំពុងដឹកឆ្កែមួយទ្រុង ដែលមានដល់ទៅ៨ក្បាល បម្រុងយកទៅលក់តាមហាងទៅហើយ ប៉ុន្តែពិសី បានទិញពីឈ្មួញសង្រ្គោះជីវិតសត្វឆ្កែទាំងនោះ ដោយដាក់ក្នុងឡានយកមកដល់ផ្ទះនាងនៅភ្នំពេញ។

សុខ ពិសី បានអំពាវនាវឲ្យអ្នកដែលស្រលាញ់សត្វឆ្កែដោយស្មោះ អាចមកយកពីនាងទៅចិញ្ចឹមបាន ហើយក្រោយពីប្រកាសបែបនេះភ្លាម ក៏មានក្រុមអ្នកគាំទ្ររបស់នាងទៅយកសត្វឆ្កែទាំងនោះទៅចិញ្ចឹម ម្នាក់មួយៗតែម្ដង ធ្វើឲ្យតារាចម្រៀងសាន់ដេ រូបនេះ មិនខកចិត្តនូវទង្វើចិត្តធម៌របស់នាងឡើយ។

ក្រៅពីសង្រោះជីវិតសត្វឆ្កែមួយទ្រុងនោះ ឲ្យមានសេរីភាពឡើងវិញ សុខ ពិសី នៅតែជាតារាចម្រៀងម្នាក់ដែលបន្ដការធ្វើយុទ្ធនាការប្រឆាំងការសម្លាប់សត្វឆ្កែ ធ្វើជាម្ហូប ហើយនាងថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់បរិភោគសត្វសុនខតទៅទៀតផង។

សកមម្មភាពរបស់សុខ ពិសី នៅពេលនេះ ត្រូវបានមហាជនជាច្រើនកាតសរសើរនូវទឹកចិត្តរបស់នាងព្រោះការចិញ្ចឹមសត្វការពារម្ចាស់ មិនមែនសម្រាប់ទុកធ្វើម្ហូបឡើយ។

ក្រុមអ្នកគាំទ្រមួយចំនួនបានហៅពិសី ថា ជារាជិនីចិត្តធម៌ និងខ្លះថាទៀតថា នាងមានរូបស្អាត ហើយចិតុ្តល្អទៀតផង…។

ទោះជាយ៉ាងណា ពិសី នៅតែបន្ដធ្វើយុទ្ធនាការសង្គ្រោះជីវិតសត្វឆ្កែនេះតទៅទៀត ទាំងសកម្មភាពផ្ទាល់ និងការបញ្ចេញសារលើបណ្ដាញសង្គម៕