បើតាមគម្រោងតារាសម្ដែងសាត រស្មី នឹងត្រូវដឹកដៃគូស្នេហ៍ថ្មី ឆៃដា ពិសិដ្ឋ ចូលរោងការនៅឆ្នាំ២០២០នេះហើយ ព្រោះចំណងស្នេហាខុសវ័យនេះមានការទទួលស្គាល់ពីក្រុមគ្រួសារទាំងសងខាង ដោយគ្មានភាគីណាមួយជំទាស់ឡើយ។

ប៉ុន្ដែចូលមកដល់ពាក់កណ្តាលខែមីនា ទៅហើយ រឿងស្នេហា១នេះបែរស្ងប់ស្ងាត់រឿងរៀបការទៅវិញ ខណៈដែលមុននេះ លោកស្រីចន្ទូ ម្ដាយក្មេកកំពូលតារាចម្រៀងព្រាប សុវត្ថិ អះអាងថា លោកស្រីទុកឲ្យក្មេងៗជាអ្នកកំណត់ទៅចុះ ព្រោះបំណងរបស់លោកស្រីធ្វើយ៉ាងណា ឲ្យតែក្មេងៗបានសុខសប្បាយ លោកស្រីអស់ចិត្តហើយ។

ថ្វីត្បិតតែមង្គលការរបស់សាត រស្មី មិនទាន់កំណត់ជាក់លាក់ក្ដី ប៉ុន្តែចំណងស្នេហារបស់នាង និងឆៃដា ពិសិដ្ឋ គ្មានអ្វីប្រែប្រួលឡើយ ហើយមុននេះ អ្នកស្រីចន្ធូ ដែលត្រូវជាលោកយាយរបស់ពិសិដ្ឋ នោះ បានផ្ដល់ភាពកក់ក្ដៅថែមមួយកម្រិតទៀតដល់រស្មី តាមរយៈការស្នើសុំមិនឲ្យសារព័ត៌មានរំលឹករឿងចាស់របស់អ្នកសម្ដែងរូបនេះឡើយ គឺសូមឲ្យតែនិយាយពីបច្ចុប្បន្នប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេ។ លោកស្រីថា ពួកគេទាំងពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់ គ្មានអ្វីប្រែប្រួលទេ។

សាត រស្មី នឹងក្លាយទៅជាក្មួយប្រសារលោកព្រាប សុវត្ថិ នៅពេលដែលតារាសម្ដែងរូបនេះ ក្រាបផ្ទឹមជាមួយឆៃដា ពិសិដ្ឋ នាពេលខាងមុខនេះ ហើយចំណងស្នេហ៍ចាស់ជាមួយអតីតប្ដីកីឡាករប្រដាល់ ជៀស ស្រួច នឹងត្រូវកប់ចោលអស់ជាមិនខានឡើយ។

ដោយឡែក ឆៃដា ពិសិដ្ឋ វិញ នៅពេលនេះ ទោះជាមិនបានចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស ដូចកូនៗរបស់ព្រាប សុវត្ថិ ក្ដី ប៉ុន្ដែពិសិដ្ឋ បានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មមួយ ដែលបង្កើតឡើងដោយងួន ចាន់ដេវីត។

ស្ទើរគ្រប់កម្មវិធីដែលពិសិដ្ឋ ទៅរាំអមលោកព្រាប សុវត្ថិ គេតែងឃើញរស្មី ទៅតាមដល់ឆាកតែម្ដង ដែលមើលទៅពួកគេស្រលាញ់គ្នាខ្លាំង ដូចការអះអាងរបស់លោកស្រីចន្ធូ ថាមែន៕